ប្រទេសអូស្ត្រាលី នៅថ្ងៃនេះ បានស្នើជួយអាមេរិកលើការងារកែទម្រង់ច្បាប់គ្រប់គ្រងអាវុធ បន្ទាប់ពីប្រទេសនេះទទួលបានជោគជ័យលើការរឹតបន្តឹងអាវុធអស់រយៈពេល ២ទសវត្សរ៍មកហើយនោះ និងចំពេលដែលអាមេរិកទើបតែរងការបាញ់ប្រហារសម្លាប់យ៉ាងរង្គាលកាលពីថ្ងៃម្សិលមិញនេះ។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
អាមេរិកកំពុងតែកាន់ទុក្ខ បន្ទាប់ពីមនុស្សយ៉ាងតិច ៥៩នាក់ ត្រូវបានសម្លាប់ ហើយជាង ៥០០នាក់ទៀតរងរបួស នៅពេលអតីតគណនេយ្យករមួយរូបឈ្មោះ Stephen Paddock បានបាញ់ប្រហារលើមនុស្សរាប់ពាន់នាក់ដែលកំពុងទស្សនាការប្រគុំតន្ត្រីនៅទីក្រុង Las Vegas។
សោកនាដកម្មដ៏តក់ស្លុតនោះ បានជំរុញឲ្យមានការអំពាវនាវជាថ្មីឲ្យមានការគ្រប់គ្រងអាវុធ ដែលជាប្រធានបទដ៏រសើបនៅក្នុងប្រទេសមួយ ដែលសមាគមកាំភ្លើងជាតិ គឺជាកម្លាំងនយោបាយដ៏ខ្លាំងក្លាមួយ។
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី អ្នកស្រី Julie Bishop បាននិយាយនៅថ្ងៃនេះថា អ្វីដែលអូស្ត្រាលីអាចផ្ដល់ឲ្យបាន គឺបទពិសោធន៍របស់ប្រទេសនេះ។ អ្នកស្រីបានថ្លែងបែបនេះ ដោយចង្អុលបង្ហាញទៅក្នុងគោលនយោបាយប្រមូលទិញអាវុធត្រឡប់មកវិញ និងការហាមឃាត់ប្រើប្រាស់អាវុធស្វ័យប្រវត្តិ និងពាក់កណ្ដាលស្វ័យប្រវត្តិនៅក្នុងប្រទេសអូស្ត្រាលី នៅឆ្នាំ១៩៩៦។
ទោះជាយ៉ាងណា អ្នកស្រីថា វាអាស្រ័យលើកសភាអាមេរិក និងសាធារណជនប្រទេសនេះ ក្នុងការផ្លាស់ប្ដូរច្បាប់នានា ដើម្បីធានាថា អំពើហិង្សាបែបនេះ នឹងមិនកើតឡើងម្ដងទៀតនោះឡើយ។
អូស្ត្រាលីបានជួបប្រទះនឹងសោនាដកម្មដ៏រន្ធត់នៅឆ្នាំ១៩៩៦ នៅពេលខ្មាន់កាំភ្លើងឈ្មោះ Martin Bryant បានប្រើកាំភ្លើងពាក់កណ្ដាលស្វ័យប្រវត្តិ បើកការបាញ់ប្រហារគ្មានរើសមុខនៅទីក្រុង Port Arthur។
នៅពេលនោះ មនុស្ស ៣៥នាក់ បានស្លាប់នៅក្នុងអំពើហិង្សាបាញ់ប្រហារនោះ ដែលនាំឲ្យមានការចង្អុលទៅរកប្រទេសមួយដែលពោរពេញទៅដោយមនុស្សកាន់កាប់អាវុធ៕