សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានអំពាវនាវឲ្យអ្នកនយោបាយបង្កើតបរិយាកាសល្អប្រសើរឡើងវិញ បន្ទាប់ពីលើកឡើងថាចំនួនអ្នកចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៧នេះ ថយចុះ ខុសពីការរំពឹងទុក និងបារម្ភពីស្ថានដែលអាចនឹងកាន់តែធ្ងន់ធ្ងរដល់ការបោះឆ្នោតខាងមុខ។
ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍អ្នកចុះឈ្មោះបោះឆ្នោតនៅព្រឹកនេះ លោក រ៉ុង ឈុន សមាជិក គ.ជ.ប ថ្លែងថា ចំនួនអ្នកចុះឈ្មោះបោះឆ្នោតថ្មីមានការធ្លាក់ចុះខុសពីការរំពឹងទុកនេះគឺបណ្តាលមកពីភ្លៀងធ្លាក់ច្រើន នីតិវិធីនៃការបំពេញឯកសារបញ្ជាក់ទីលំនៅ ការធ្វើចំណាកស្រុក ជាពិសេសពាក់ព័ន្ធទៅនឹងបរិយាកាសនយោបាយបច្ចុប្បន្នដែលធ្វើឲ្យពលរដ្ឋមិនចង់ទៅចុះឈ្មោះនេះ។ លោកបានសំណូមពរទៅដល់គណបក្សនយោបាយឲ្យងាកមករកតុចរចាដើម្បី សម្រួលបរិយាកាសឲ្យល្អប្រសើរឡើងវិញទាំងពេលនេះ និងសម្រាប់ការបោះឆ្នោតខាងមុខ។
លោកថា៖ «ពីព្រោះការជជែកគ្នាវានឹងទទួលបានផលវិជ្ជមាន ដោយសារលទ្ធផលកន្លងមកហ្នឹងហើយដោយសារការជជែកគ្នាបានដាក់ស្ថាប័ន គ.ជ.ប ជាស្ថាប័នធម្មនុញ្ញ នេះជាសមិទ្ធផលរបស់អ្នកនយោបាយដែលបានខិតខំប្រឹងប្រែង និងទទួលបានការគាំទ្រពីសំណាក់ជាតិ និងអន្តរជាតិ។ លទ្ធផលបន្ទាប់ទៀតនោះគឺការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦ ដែលយើងទទួលបានលទ្ធផលល្អទាំងជាតិអន្តរជាតិសរសើរការចុះឈ្មោះបោះឆ្នោតបានល្អ អាហ្នឹងក៏ជាលទ្ធផលនៃអនុស្សាវរីយ៍នៃអ្នកនយោបាយបានចរចាគ្នាហ្នឹងដែរ »។
ស្ថានការណ៍នយោបាយកម្ពុជាបានកើតកម្តៅកាន់តែខ្លាំងបន្ទាប់ពីរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចាប់ប្រធានបក្សសង្គ្រោះជាតិលោក កឹម សុខា ដាក់ពន្ធនាគារដោយបានចោទពីបទក្បត់ជាតិ។
គណបក្សប្រឆាំងចាត់ទុកការចាប់ខ្លួនមេបក្សខ្លួននេះជាការរំលោភដល់សិទ្ធិរបស់តំណាងរាស្ត្រ និងអំពាវនាវឲ្យមានការដោះលែងជាបន្ទាន់។
វីអូឌីមិនអាចទាក់អ្នកមន្ត្រីជាន់ខ្ពស់ណាម្នាក់នៃគណបក្សសង្គ្រោះជាតិបាននៅឡើយទេ រហូតមកដល់រសៀលថ្ងៃទី០៣ តុលា នេះ។ តែក្នុងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៥ ខែកញ្ញាកន្លងទៅ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បានថ្លែងថាករណីនេះ មានតែខ្មែរនិងខ្មែរទេ ទើបដោះស្រាយឲ្យស្ថានការណ៍នយោបាយនៅកម្ពុជា ទៅរកភាពល្អប្រសើរឡើងវិញ។
លោកថ្លែងថា៖ «ការដោះស្រាយបញ្ហានៃប្រទេសមួយ អ្វីដែលជាការងារដែលធ្វើជោគជ័យ ហើយមានប្រសិទ្ធភាព គឺការដោះស្រាយរវាងខ្មែរនិងខ្មែរ បរទេសគ្រាន់តែជួយជំរុញឲ្យមានការយកចិត្តទុកដាក់ រវាងខ្មែរនិងខ្មែរឲ្យដោះស្រាយបញ្ហាដោយខ្លួនឯងទេ ព្រោះការអនុវត្តឲ្យមានប្រសិទ្ធភាព គឺវាអាស្រ័យលើខ្មែរ និងខ្មែរ គឺយើងមានការពិសោធន៍នៅឆ្នាំ១៩៩១ បើទោះបីអន្តរជាតិចង់ឲ្យប្រទេសកម្ពុជាមានសន្តិភាព ក៏វាត្រូវភាគី [ពាក់ព័ន្ធ]…និយាយគ្នាដែរ ដើម្បីដោះស្រាយបញ្ហាទំាងអស់នេះ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មានប្រសាសន៍ថាការលើកឡើងរបស់លោក រ៉ុង ឈុន ជាការលើកឡើងដោយមតិយោបល់ផ្ទាល់ខ្លួនប៉ុណ្ណោះមិនអាចបញ្ជាក់ពីជំហររបស់ គ.ជ.ប នោះទេ។ ចំពោះការចរចារវាងបក្សប្រជាជន និងបក្សសង្គ្រោះជាតិ លោក សុខ ឥសាន ថាគ្មានទៀតនោះទេ។
លោកថា៖ «ពីព្រោះគណបក្សប្រឆាំងលោកបានរំលាយវប្បធម៌សន្ទនាបាត់ទៅហើយ ដូចខ្ញុំថាអញ្ចឹងកាលណាចូលទៅប្រព្រឹត្តិបទល្មើសហ្នឹងត្រូវប្រឈមមុខហ្នឹងច្បាប់ហើយ។ អញ្ចឹងទេករណីឯកឧត្តមកឹម សុខា បានដល់ដៃតុលាការ ហើយតើយើងមានសិទ្ធិអីទៅរំលោភសិទ្ធិអីរបស់តុលាការ សមត្ថកិច្ចរបស់តុលាការអត់ធ្វើទៅកើតទេអាហ្នឹង»។
អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា ធ្លាប់មានប្រសាសន៍ថា បើស្ថានការណ៍នយោបាយកម្ពុជា នៅតែបន្តឡើងកម្តៅ ហើយមិនមានការជជែកគ្នារវាងអ្នកនយោបាយបក្សកាន់អំណាច និងបក្សប្រឆំាង។ លោកថា សហគមន៍អន្តរជាតិ ដែលជាប់កាតព្វកិច្ចឃ្លាំមើលដំណើរការវិវឌ្ឍនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា អាចនឹងប្រើយន្តការដាក់សម្ពាធ។
លោកថា៖ «យន្តការរបស់សហគមន៍អន្តរជាតិមានច្រើន។ ដំបូងគេបញ្ឈប់កូតា ឬក៏អាចគេបិទទីផ្សារតែម្តង ទាក់ទិននឹងការនាំចេញផលិតផលសម្លៀកបំពាក់កម្ពុជា បន្ទាប់មក គេអាចផ្តាច់ជំនួយយោធា បន្ទាប់មកបិទទីផ្សារ ហុំព័ទ្ធសេដ្ឋកិច្ចប្រសិន បើកម្ពុជាមិនប្រកាន់គោលការណ៍ប្រជាធិបតេយ្យ មិនអាចនិយាយជាការព្រមព្រៀងអន្តរជាតិបាន»។
រហូតមកដល់ថ្ងៃទី០២ តុលា ឆ្នាំ២០១៧ម្សិលមិញ គ.ជ.ប បានឲ្យដឹងថាចំនួនពលរដ្ឋដែលមកចុះឈ្មោះថ្មីមានត្រឹមតែជាង២៨ម៉ឺននាក់ប៉ុណ្ណោះ ខណៈដែលជាង១លាន៣សែននាក់ទៀតមិនទាន់មកចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មីនៅឡើយ។ ការចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៧នេះ ចាប់ពីថ្ងៃទៅ១កញ្ញា ដល់ថ្ងៃទី៩ខែវិច្ឆិកាគឺមានរយៈពេល៧០ថ្ងៃ៕