អាជ្ញាធរម៉ាឡេស៊ីកំពុងតែបើកការស៊ើបអង្កេតលើក្រុមហ៊ុនចំនួន១០ ដែលសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ លើទឹកប្រាក់ជាង២៣លានដុល្លារអាមេរិក ហើយមានជាប់ពាក់ព័ន្ធជាមួយមន្ត្រីរដ្ឋាភិបាលនៅតាមក្រសួងមួយចំនួនទៀត។
តាមសារព័ត៌មាន New Straits Time ចុះផ្សាយថា ក្រុមគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើពុករលួយនៃប្រទេសម៉ាឡេស៊ីបានស្រាវជ្រាវលើករណីនេះជាង ១ឆ្នាំហើយ ដែលរកឃើញថា មានជាប់ពាក់ព័ន្ធជាមួយមន្ត្រីនៅក្នុងក្រសួងចំនួន៥។ ប៉ុន្តែថា នៅខ្វះឯកសារមួយចំនួនទៀត។
ក្នុងចំណោមក្រុមហ៊ុនចំនួន១០ដែលស្ថិតនៅក្នុងការស៊ើបអង្កេតនេះ ក៏មានធនាគារមួយឈ្មោះ Nagara Malaysiaដែរ។ ក្រុមអ្នកស្រាវជ្រាវបានថ្លែងថា វាជារឿងអាម៉ាសរបស់រដ្ឋាភិបាល ដែលមានករណីពុករលួយទ្រង់ទ្រាយធំបែបនេះ ហើយបានធ្វើឲ្យប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចរបស់ជាតិ៕