ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តបន្ទាយមានជ័យ បានប្រកាសអាសន្ន និងអំពាវនាវទៅប្រជាពលរដ្ឋ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈជំនន់ទឹកភ្លៀងកាន់តែកើនឡើងជាបន្តបន្ទាប់ នៅស្រុកនិងក្រុងចំនួនពីរជាប់ព្រំដែនថៃ។
តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃអង្គារម្សិលមិញ បានឲ្យដឹងថា ស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត ត្រូវបានជន់លិចដោយជំនន់ទឹកភ្លៀង និងបានជម្លៀសប្រជាពលរដ្ឋចេញពីលំដ្ឋានទៅរកទីទួលសុវត្ថិភាព ដោយកម្លាំងចំរុះរបស់ស្នងដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ខណៈកម្ពស់ជំនន់ទឹកភ្លៀងកើនឡើងពី ៦០មីលីម៉ែត្ររហូតទៅដល់ ៨៨.៤មីលីម៉ែត្រ គឺជាចំនុចដែលត្រូវប្រកាសអាសន្ន។
ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម បានឲ្យដឹងថា ជំនន់ទឹកភ្លៀងដែលកើនឡើងបែបនេះ គឺបណ្តាលមកពីមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់រយៈពេល៣ថ្ងៃ ទើបធ្វើឲ្យទឹកជន់លិចឃុំចំនួន ៤ក្នុងស្រុកម៉ាឡៃ គឺឃុំម៉ាឡៃ ឃុំអូរជ្រៅ និងក្រុងសិរីសោភ័ណ កាលពីថ្ងៃទី ៣ខែតុលា ហើយក្រុងប៉ោយប៉ែតក៏កំពុងប្រឈមនឹងការជន់លិចផងដែរ។
ប្រធានមន្ទីរបានបញ្ជាក់ថា តាមព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយម ភ្លៀងនៅតែបន្តធ្លាក់ចាប់ពីថ្ងៃទី ៣រហូត់ដល់ថ្ងៃទី ៩ខែតុលា ហើយស្រុកអូរជ្រៅ និងក្រុងសិរីសោភ័ណ នៅតែប្រឈមនឹងការជន់លិច ទោះបី ទឹកក្នុងស្រុកម៉ាឡៃមានការស្រក់ចុះក៏ដោយ។
តាមរបាយការណ៍បឋមរបស់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា ករណីជំនន់ទឹកភ្លៀងនេះ មិនបណ្តាលឲ្យមានគ្រោះដល់អាយុជីវិតប្រជាពលរដ្ឋ និងសត្វពាហនៈនោះទេ ប៉ុន្តែផ្ទះចំនួន ៣៨៥ខ្នងត្រូវជន់លិច និងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ពួកគាត់៕
ម៉ាប់ ស៊ុយ [email protected]