ដែនដីភាគឦសានអេស្ប៉ាញត្រៀមប្រកាសឯករាជ្យទាំងចម្រូងចម្រាស់ខ្លាំង

មេដឹកនាំដែនដីភាគឦសានជារដ្ឋស្វ័យយ័ត្ននៃប្រទេសអេស្ប៉ាញថ្លែងថា ពួកគេត្រៀមប្រកាសឯករាជ្យនៅពេលឆាប់ៗនេះ ខណៈមានភាព​ចម្រូងចម្រាស់ខ្លាំង ហើយខាងរដ្ឋាភិបាលកំពុងតែត្រៀមរៀបចំបង្ក្រាបដោយចាត់វិធានការតាមផ្លូវច្បាប់។​

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន​ BBC លើកដំបូង ចាប់តាំងពីការបោះឆ្នោតស្ទង់មតិកាលពីថ្ងៃអាទិត្យមកនោះ លោក​ប្រធានាធិបតីដែនដី Catalonia លោក Carles Puigdemont ថ្លែងថា រដ្ឋាភិបាលរបស់លោកនឹងប្រកាសឯករាជ្យនៅចុងសប្តាហ៍នេះ ឬនៅសប្តាហ៍បន្ទាប់។​ ​

នៅពេលដែលមានការចោទសួរថា ចុះបើមានការបង្ក្រាបពីរដ្ឋាភិបាលអេស្ប៉ាញ តើនឹងមានការអ្វីកើតឡើង? លោកថ្លែងថា នោះវាអាចនឹងមានការផ្លាស់ប្តូរលើគម្រោងនេះ។​

ស្របពេលជាមួយគ្នានេះ ក្សត្រអេស្ប៉ាញសម្តេច Felipe VI ថ្លែងថា អ្នកដែលរៀបចំបោះឆ្នោតធ្វើការស្ទង់មតិដោយរដ្ឋស្វ័យមួយនេះ មិនមានការយល់ព្រមពីរដ្ឋាភិបាលកណ្តាលគឺជា ទង្វើខុសច្បាប់។ ព្រះអង្គថា ក្នុងស្ថានភាពនេះ ប្រទេសកំពុងជូបបញ្ហាត្រូវតែមានការរួបរួមគ្នា។​

ប្រជាពលរដ្ឋស្ទើរទាំងអស់​នៅក្នុងដែនដី Catalonia បានផ្ទុះការតវ៉ា ប្រឆាំងនគរបាលអេស្ប៉ាញនៅថ្ងៃបោះឆ្នោត​ នាំឲ្យមានហិង្សាបណ្តាល​ឲ្យពលរដ្ឋជិត​៩០០នាក់ និង នគរបាល៣៣នាក់ រងរបួស។​

លោក Puigdemont ថ្លែងថា ពេលនេះ មិនមានការទំនាក់ទំនងជាមួយរដ្ឋាភិបាលអេស្ប៉ាញជុំវិញការផ្ទេអំណាចទៅរដ្ឋអំណាចនៃដែនដីរបស់លោកនោះទេ។​

ស្ថានភាពនៅក្នុងដែនដី Catalonia នៅពេលនេះ កំពុងតែមានភាពចលាចល សាលារៀន មន្ទីរពេទ្យ ហាងលក់ទំនិញ និងរោងចក្រជាច្រើនទៀតត្រូវបានបិទ ឬ មានបើកដំណើរការតិចតួចបំផុត។​

នាយករដ្ឋមន្ត្រីអេស្ប៉ាញ​លោក Mariano Rajoy ថ្លែងថា ការធ្វើប្រជាមតិនេះគឺជាការជាន់ឈ្លីដល់របបលទ្ធិប្រជាធិបតេយ្យ។​

កាលពីព្រឹកថ្ងៃអង្គារម្សិលមិញ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃរដ្ឋាភិបាលអេស្ប៉ាញ លោក​ Juan Ignacio Zoido ថ្លែងថា រដ្ឋាភិបាល Catalonia កំពុងតែធ្វើការបះបោរនាំ ប្រជាពលរដ្ឋឡើងលើផ្លូវ។​ លោក​ថា រដ្ឋាភិបាលកណ្តាលនឹងដាក់សម្ពាធសព្វបែបយ៉ាងបើសិនជាករណីចាំបាច់កើតមានឡើង ដើម្បីបញ្ចប់ហិង្សាផ្សេងៗ។​

Catalonia គឺជាដែនដីស្វ័យយ័ត្ននៅភាគឦសាន្តនៃប្រទេសអេស្ប៉ាញ នៅជាប់ឆ្នេរសមុទ្រ។ ដែនដីនេះមានប្រជាជន​ជាង ៧,៥លាននាក់ តាមរបាយការណ៍កាលពីឆ្នាំ២០១៦ ហើយមានផ្ទៃដីជាង ៣២ ០០០ គីឡូម៉ែត្រការ៉េ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ