សហរដ្ឋអាមេរិក និង ថៃមានទំនាក់ទំនងគ្នាតាំងពីឆ្នាំ១៨១៨ និង បានចាប់ផ្តើមចុះកិច្ចព្រមព្រៀងធ្វើពាណិជ្ជកម្មតាំងពីឆ្នាំ១៨៣៣។អាមេរិកចាត់ទុកថៃជាប្រទេសស្នួលសំខាន់ក្នុងការទំនាក់ទំនងសេដ្ឋកិច្ច សន្តិសុខ និង ពង្រឹងប្រជាធិបតេយ្យនៅក្នុងតំបន់Indo-pacific។ នេះបើតាមកំណត់ត្រាដែលចុះផ្សាយលើគេហទំព័រក្រសួងការបរទេសសហរដ្ឋអាមេរិក។
ការទំនាក់ទំនងរវាងថៃ និង អាមេរិកដែលគេមើលឃើញថា មានភាពតានតឹងខ្លាំងក្រោយពេលដែលឧត្តមសេនីយ៍ប្រាយុទ្ធចាន់ អូចា មេដឹកនាំយោធាបានដឹកនាំធ្វើរដ្ឋប្រហារកាលពីខែឧសភា ឆ្នាំ២០១៤ទម្លាក់រដ្ឋាភិបាលស៊ីវិលដឹកនាំដោយលោកស្រី យីង ឡាក់ ជារដ្ឋាភិបាលកើតចេញពីការបោះឆ្នោត។ នៅពេលនោះសហរដ្ឋអាមេរិកបានថ្កោលទោស និង ជំរុញញឹកញាប់ឲ្យរដ្ឋាភិបាលយោធាថៃ រៀបចំការបោះឆ្នោតនិងងាកទៅពង្រឹងរបបប្រជាធិបតេយ្យវិញ។ ក្នុងដំណាក់កាលនោះប្រទេសទាំងពីរផ្អាកការទំនាក់ទំនងមួយចំនួនរួមទាំងការធ្វើសមយុទ្ធប្រចាំឆ្នាំឈ្មោះ Cobra Cold ដែលសមយុទ្ធនេះធំបំផុតនៅអាស៊ី។
ប៉ុន្តែនៅក្នុងដំណើរទស្សនកិច្ចរបស់មេដឹកនាំថៃ លោកប្រាយុទ្ធចាន់ អូចា ទៅសហរដ្ឋអាមេរិករយៈពេល៣ថ្ងៃចាប់ពីថ្ងៃចន្ទដើមសប្តាហ៍នេះ មានកិច្ចព្រមព្រៀងមួយចំនួនដែលគេមើលឃើញថា ជាសញ្ញារីកចម្រើននៃប្រទេសទាំងពីរទាំងវិស័យនយោបាយ និង សេដ្ឋកិច្ច។
ដំណើរទស្សនកិច្ចនេះ លោកប្រាយុទ្ធ ចាន់អូចា និង លោកដូណល ត្រាំ បានព្រមព្រៀងលើ១២ចំណុច ហើយធ្វើសេចក្តីថ្លែងការណ៍រួម។
ចំណុចទី១ មេដឹកនាំអាមេរិកបានប្រកាសស្វាគមន៍ដំណើរទស្សនកិច្ចរបស់មេដឹកនាំថៃ ហើយថា នេះជាថ្ងៃចាប់ផ្តើមពិភាក្សាឡើងវិញក្នុងការប្តេជ្ញាចូលរួម ពង្រឹងសន្តិសុខ សន្តិភាព និង សុខុមាលភាពនៅក្នុងតំបន់Indo-pacific និង តំបន់ក្បែរៗនោះទៀត។
ចាប់ពីចំណុចទី២ដល់ទី៥នៃសេចក្តីថ្លែងការណ៍រួម ភាគីទាំងពីបានព្រមព្រៀង ក្នុងការប្តេជ្ញាធ្វើឲ្យប្រទេសទាំងពីរទទួលបានផលប្រយោជន៍ទៅវិញទៅមក រួមទាំងការរៀបចំការពង្រឹងទំនាក់ទំនងយោធាឲ្យកាន់តែជិតស្និទ្ធ និង រៀបចំការធ្វើសមយុទ្ធប្រចាំឆ្នាំ Cobra Coldឡើងវិញ។
ចំណុចទី៦ អាមេរិក និងថៃ បានបញ្ជាក់ពីការសហការគ្នាក្នុងការពង្រឹងសន្តិសុខ ស្ថិរភាពក្នុងតំបន់។ តំបន់ទាំងនោះរួមមាន៖
ក) សមុទ្រចិនខាងត្បូង ភាគីទាំងពីរព្រមព្រៀងក្នុងការជំរុញឲ្យមានការដោះស្រាយតាមសន្តិវិធីផ្អែកលើច្បាប់សមុទ្រឆ្នាំ១៩៨២ រួមទាំងច្បាប់អន្តរជាតិផ្សេងទៀត ហើយទាមទារឲ្យមានសន្តិភាពក្នុងធ្វើនាវាចរណ៍ និង យន្តហោះអាចឆ្លងកាត់តំបន់នោះជាសកល។
ខ) បញ្ហានៅឧបទ្វីកូរ៉េ អាមេរិក និង ថៃ បានសម្តែងការព្រួយបារម្ភពីករណីកូរ៉េខាងជើងបាញ់សាកល្បង អាវុធនុយក្លេអ៊ែជាបន្តបន្ទាប់ ហើយរួមគ្នាជំរុញឲ្យប្រទេសផ្សេងៗទៀតបំពេញតាមសេចក្តីសម្រេចដំណោះស្រាយរបស់អង្គការសហប្រជាជាតិក្នុងការដាក់សម្ពាធលើកូរ៉េខាងជើងដើម្បីជំរុញឲ្យមានការចរចាដោះស្រាយ។
គ) បញ្ហាហិង្សានៅក្នុងរដ្ឋរ៉ាឃីន មេដឹកនាំទាំងពីរជជែកពីការផ្តល់ជំនួយបន្ទាន់ និង សម្របសម្រួល ឲ្យបញ្ចប់ហិង្សា ជួយស្តារសន្តិសុខ សុវត្ថិភាពឡើងវិញ។
ចំណុចទី៧ លោកត្រាំ ចាត់ទុកថៃថា ដើរតួនាទីសំខាន់នៅអាស៊ាន និង គាំទ្រថៃជាដៃគូក្នុងការពង្រឹងសមត្ថភាពដើម្បីពង្រឹងសន្តិសុខក្នុងទំបន់ និងពិភពលោក រួមមានការប្រយុទ្ធឆាំង អំពើភេរវកម្ម ការចរាចរណ៍គ្រឿងញៀន ការជូញដូរមនុស្ស និង ជួញដូរសត្វព្រៃជាដើម។ ភាគីទាំងពីរនិងបង្កើនការបណ្តុះបណ្តាល និង ធ្វើការជាមួយគ្នាឲ្យកាន់តែស្និទ្ធថែមទៀត លើជំនាញចារកម្ម។
ចំណុចទី៨ មេដឹកនាំថៃលោកប្រាយុទ្ធ បានប្តេជ្ញាចំពោះមុខ លោកត្រាំថា នឹងរៀបចំការបោះឆ្នោតឲ្យស្របទៅតាមខ្លឹមសារនៃរដ្ឋធម្មនុញ្ញ ដោយសេរី និងត្រឹមត្រូវនៅឆ្នាំ២០១៨ ហើយធានាពង្រឹងការគោរពសិទ្ធិមនុស្ស និង សិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។
ចំណុចទី៩ និង ទី១០ គឺថៃ និង អាមេរិក ផ្តោតលើការពង្រឹងលើវិស័យពាណិជ្ជកម្ម ដោយបង្កើតលក្ខខណ្ឌផ្លូវច្បាប់មួយចំនួនទៀត ដើម្បីបង្កើនការវិនិយោគបន្ថែម ខណៈទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបច្ចុប្បន្នមានជិត ២៥ពាន់លានដុល្លារអាមេរិក។
ចំណុចទី១១ និង ១២ ការទំនាក់ទំនងរវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរគឺ ពង្រឹងឲ្យពលរដ្ឋនិង ពលរដ្ឋមានទំនាក់ទំនងគ្នា ហើយបច្ចុប្បន្ននិស្សិតថៃ៧០០០នាក់ កំពុងបន្តការសិក្សានៅសហរដ្ឋអាមេរិក ចំណែកក្រុមអ្នកស្ម័គ្រចិត្ត Peace Corps របស់អាមេរិក ជាង៥០០០នាក់ ធ្លាប់បាន និង កំពុងធ្វើកិច្ចការមនុស្សធម៌នៅក្នុងប្រទេសថៃ។ លោក ប្រាយុទ្ធ និង លោកត្រាំ ក៏បានព្រមព្រៀងក្នុងការរៀបចំរំឭកខួប២០០ឆ្នាំនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរចន្លោះឆ្នាំ១៨១៨-២០១៨ ដែលនឹងធ្វើឡើងនៅឆ្នាំ២០១៨ឆ្នាំក្រោយ។
ថៃជាប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី២នៅក្នុងតំបន់អាស៊ីអាគ្នេយ៍បន្ទាប់ពី ឥណ្ឌូនេស៊ី។ អ្នកតាមដាននយោបាយបានហៅ ថៃថាជាប្រទេសមានគោលនយោបាយការបរទេសបត់បែន ទើបបានផលល្អដល់ប្រទេសគឺ គោលការណ៍មិនប្រកាន់មហាអំណាចសេរី ឬ កុម្មុយនីស្ត បានបញ្ជៀសប្រទេសពីការដាក់អាណានិគមន៍ និង ជៀសការប៉ះពាល់ដោយសង្រ្គាមលោក។ បច្ចុប្បន្នដៃគូពាណិជ្ជកម្មធំទី១របស់ថៃគឺអាមេរិក បន្ទាប់មកចិន និង ទី៣ ជប៉ុន។