មេឃុំមួយនៅក្នុងខេត្តកំពង់ឆ្នាំងមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋជួបជុំគ្នាដើម្បីប្រារព្ធកម្មវិធីសិទ្ធិលំនៅដ្ឋាន ដោយថាការប្រមូលផ្ដុំត្រូវតែមានការអនុញ្ញាតពីក្រសួងមហាផ្ទៃ។
មេឃុំតាជេសបានចេញលិខិតមួយចុះថ្ងៃទី ០៧ ខែ តុលា មិនអនុញ្ញាតឲ្យគណៈកម្មការរៀបចំកម្មវិធីសិទ្ធិលំនៅដ្ឋាន នៅស្ថិតក្នុងភូមិឡពាង ឃុំ តាជេស ស្រុក កំពង់ត្រឡាចឡើយ។ តាមគម្រោងសហគមន៍រៀបចំកម្មវិធីនៅថ្ងៃស្អែក នេះ។
ក្នុងលិខិតដដែលបញ្ជាក់ថាការមិនអនុញ្ញាតឲ្យរៀបចំកម្មវិធីនេះដោយសារឯកសារលិខិតជូនដំណឹងមិនត្រឹមត្រូវតាមនីតិវិធីច្បាប់ដែលថា ការធ្វើអាចមានចលាចល និង ប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងត្រូវតែមានការអនុញ្ញាតពីក្រសួងមហាផ្ទៃ។
បើតាមការឲ្យដឹងពីគណៈកម្មការមួយរូបក្នុងចំណោម៥រូប អ្នកស្រី អ៊ុំ សូភី ចាត់ទុកថាការមិនអនុញ្ញាតឲ្យពួកគាត់ជួបជុំនេះ គឺជាការរំលោភ និងបំបិទសិទ្ធិរបស់ពួកគេ ក្នុងការសំដែងមតិ ពីការបាត់បង់ដី និង ផ្ទះ ដោយសារក្រុមហ៊ុន KDC ឈូសឆាយយកដោយគ្មានសំណងរយៈពេលជិត ១០ ឆ្នាំមកហើយ។
អ្នកស្រី អ៊ុំ សូភី បន្ថែមថាការប្រារព្ធនូវកម្មវិធីសិទ្ធិលំនៅដ្ឋាននេះគឺធ្វើនៅនឹងកន្លែងក្នុងសហគមន៍ឡពាង មិនមានការហែរក្បួនធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់សាធារណៈទេ។អ្នកស្រីថាទោះបីជាមានការហាមឃាត់ពីអាជ្ញាធរក៏ពួកគេដែលមានគ្នាជាង ៤០០ នាក់ ប្រកាន់ជំហរក្នុងការធ្វើកម្មវិធីនេះ ដើម្បីទាមទារនូវសិទ្ធិលំនៅដ្នាន។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋសហគមន៍ឡពាង មានជម្លោះដីធ្លីនេះជាមួយក្រុមហ៊ុនKDC របស់លោកស្រីជា ខេង ភរិយាលោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល តាំងពីឆ្នាំ២០០៨មក ដោយពួកគេអះអាងថាក្រុមហ៊ុនបានប្រើគ្រឿងចក្រឈូសឆាយដីផ្ទះ និងចម្ការរបស់ពួកគេដោយគ្មានសំណង៕