សហជីព៖ ការ​បង្ខំ​កម្ម​ការនីឲ្យ​រំលូត​កូន​នៅ​តែ​កើត​មាន​នៅ​កម្ពុជា

មន្ត្រី​សហជីព​សហព័ន្ធ​កម្ម​ករ​ចំណី​អាហារ​កម្ពុជាថា សកម្មភាពគំរាម​កំហែង​ឲ្យ​កម្ម​ការនី​រំលូត​កូន ដើម្បី​រក្សា​ការ​ងារ​ខ្លួន​​នៅ​តែ​កើត​មាន​នៅ​កម្ពុជា ដោយ​ថាសកម្មភាព​នេះ​ធ្វើ​ឡើងដោយ​បាន​​បិទបាំងពី​មជ្ឈដ្ឋាន​សង្គម។

​ក្នុង​វេទិការ​សុវត្ថិ​ភាព​​ការ​ងារនិង​មុខ​របរ​ ដែលបាន​រៀប​ចំ​ដោយ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯក​រាជ្យនៅ​ថ្ងៃ​ទី​៨នេះ​ អនុប្រធាន​សហព័ន្ធ​សហជីព​កម្ម​ករ​ចំណី​អាហារ​កម្ពុជា​លោ​ក​ស្រី​ អ៊ូ ទេពផល្លីន បាន​ថ្លែងថារហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ សកម្ម​ភាព​រំលោភ​បំពាន​ពី​សំណាក់​ថៅ​កែបង្ខំឲ្យកម្ម​ការនីរោងចក្រ ជា​ពិសេស​ទៅ​លើ​អ្នក​ធ្វើ​ការ​នៅ​ហាង​ខារ៉ា​អូខេ រំលូតកូន​ដើម្បី​រក្សា​ការងារ​ ​គឺ​នៅ​តែ​កើត​មាន​ដដែលដែល​ស្ថិត​ក្នុង​រូបភាព​បិទ​បាំងហើយជនរងគ្រោះ​មិន​ហ៊ាន​តវ៉ា និង​ដាក់​ពាក្យ​ប្តឹង​នោះ​ទេ។

លោក​ស្រី​ថា៖ «គាត់​គិត​ថា​គាត់​ធ្វើ​ការ​បី​ខែ​បួន​ខែ​អី​ទៅ​គាត់​គិត​ថា​ពេល​ពោះគាត់​ធំ​ចាំ​គាត់​ឈប់​ នៅពេល​ដែល​គេ​ដឹង​គេ​ថា​កន្លែង​យើង​អត់​អាច​ទទួល​បាន​ទេព្រោះ​កន្លែង​យើ​ង​ជា​កន្លែង​ដែល​សប្បាយបើ​សិន​ជាចង់​មាន​ការ​ងារ​ធ្វើ​ត្រូវ​តែ​អត់​កូន។ ភាសា​ហ្នឹង​គឺ​បង្ខំ​ឲ្យ​ស្ត្រី​អត់​ជំរើស អញ្ចឹង​ដោយ​សា​រ​មួយ​ចំនួន​ទៅ​ដោយ​សារ​គាត់​ខ្មាស់​អៀន​ទៅ​នឹង​ការ​ងារ​ទើប​គាត់​អត់​ហ៊ាន​ទៅ​ពេទ្យ​ គាត់​ទៅ​ទិញ​ថ្នាំ​ទម្លាក់​កូន​ដោយ​ខ្លួន​ឯង​ នៅពេល​ដែល​គាត់​ត្រូវ​បាន​គេ​ហាម​មិន​ឲ្យ​គាត់​ញាំ​ស្រា ញាំ​ទឹក​កក​ព្រោះ​វា​សាប នៅពេល​ដែល​ល្ងាច​ឡើង​ពេល​ដែល​ភ្ញៀវបង្ខំ​ធ្វើ​ឲ្យ​អាការៈហ្នឹង​ឈាម​ធ្លាក់​មក​អត់​អស់ ចុកក៏​មាន​ដែរ។ ខ្ញុំ​ឃើញ​ថា​កន្លែង​ខារ៉ា​អូ​ខេ​មាន​ច្រើន​ណាស់​»។

ទោះ​ជា​យ៉ាង​ណា​លោក​ស្រី​ថាដោយ​សារ​ឥទ្ធិពល​អំណាច​របស់​ថៅ​កែ រោងចក្រ ក៏​ដូច​ជា​ម្ចាស់​ហាង​ខារ៉ា​អូខេ និងអំពើ​ពុក​រលួយ​ បាន​ធ្វើ​ឲ្យ​ជន​រងគ្រោះ​ពី​អំពើ​នេះមិន​ហ៊ាន​ដាក់ពាក្យ​ប្តឹង ឬចេញ​មុខ​មក​បញ្ជាក់​នោះ​ទេ។

មេកានៅ​ហាង​​ខារ៉ា​អូ​ខេ​ម្នាក់ កញ្ញា ហៀង ស្រីពៅ ថាជា​ទូ​ទៅ​ក្នុង​រយៈពេល​១​ខែ​ម្តង ​ថៅ​កែ​ហាង​តែង​តែ​ឲ្យ​ស្ត្រី​ខារ៉ា​អូខេ ​ធ្វើ​ការ​ពិនិត្យ​ទឹក​នោម​ម្តង​ ដើ​ម្បី​ឲ្យ​ប្រាកដ​ថា ស្ត្រី​ទាំង​នោះ​គ្មាន​កូន និង​អាច​បន្ត​ការងារ​បាន។

កញ្ញា​ថា៖ «ខ្ញុំ​ថា ​គួរ​តែ​មាន​វិធាន​ការ​ហើយ។ ការ​ដែល​មាន​ផ្ទៃ​ពោះ​ ហើយថៅ​កែ​ហាងនិយាយ​ថា ​គេ​អត់​ឲ្យ​ពួកយើង​ទៅ​រំលូត​ទេ តែ​បើ​យើង​អត់​បាន​រំលូត​យើង​បាត់​បង​ការងារ។ បើ​យើង​អត់​បាន​ ទៅ​រំលូត​យើង​បាត់​បង់​ការងារ​អញ្ចឹង​យើងធ្វើ​ម៉េច សម្រេច​ចិត្ត​រំលូត​ដដែល​ហ្នឹង។ ហើយ​បើដឹង​ថា ​មាន​ផ្ទៃ​ពោះ​ត្រូ​វ​បាន​បណ្តេញ​ជា​បន្ទាន់។ គេ​គិត​ថា​ យើង​ជា​ស្ត្រី​ដែល​មា​​ន​ផ្ទៃ​ពោះ​ធ្វើ​ ធ្វើការ​កន្លែង​គេ​ធ្វើ​ឲ្យ​គេបាត់​បង់​អតិថិជន បាត់​បង់​ភ្ញៀវ​ បាត់​បង់​ប្រាក់​ចំណូល អញ្ចឹង​ស្នើ​ហ្នឹង​យើងជា​មនុស្ស​ចង្រៃ​។ និយាយ​ទៅ សម្ពោធ​គ្រប់​កន្លែង​ហើយ​យើង​ដើរ​ចេញពេល​ខ្លះ​ទាំង​យំ»​។

វី​អូ​ឌី ​មិន​អាច​ទាក់​ទង​អ្នក​នាំពាក្យ​ក្រសួង​កិច្ច​ការ​នារី ដើម្បី​ឆ្លើយ​តប​ពី​ករណី​នេះ ​បាន​នៅ​ឡើយ​ទេ ខណៈ ប្រធាន​ក្រុម​អ្នក​នាំពាក្យ​នៃ​ក្រសួង​នេះ លោកស្រី យិន សារ៉ាត់ ថា​លោក​ស្រី ​កំពុងរវល់​ប្រជុំ។

អនុប្រធានអចិន្ត្រៃយ៍របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស លោកស្រី ជូ ប៊ុនអេង ថា ​មិន​ដឹង​ពី​ករណី ​ដែល​ថៅ​កែ​បង្ខំ​ឲ្យ​បុគ្គលិក​ខ្លួន​រំ​លូត​កូន​ ដើម្បី​បានធ្វើការងារបន្ត​នោះ​ទេ។ លោក​ស្រី​ ចាត់​ទុក​​ករណី​នេះ ​ជា​អំពើ​ល្មើស​ និង​ខុស​ច្បាប់​។ ទោះ​ជាយ៉ាង​ណា​ លោក​ស្រី​ មិន​ទាន់​អាច​បញ្ជាក់​​ពី​វិធាន​ការណ៍​របស់​រដ្ឋាភិបាល​ទៅ​លើ​ករណី​នេះ ​បាន​នៅ​ឡើយ​ទេ។

លោក​ស្រី​ជូ ប៊ុនអេង៖ «ដោយ​សារ​ទើប​តែ​ឮ កុំ​អាល​ទាន់​សួរ​ខ្ញុំ​រឿង​ហ្នឹង! យើង​ចាំ​ដាក់​ចូល​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ តែ​ឥឡូវ​នេះ ​ខ្ញុំ​កំពុង​ស្ថិត​ក្នុង​អង្គ​ប្រជុំ​មួយ ចាំ​រួច​ចាំ​ទាក់​ទង​គ្នា​ទៀត​»។ ​​

បើតាមរបាយការណ៍របស់អង្គការ​ Care ចេញផ្សាយកាលពីឆ្នាំ២០១៥ ឲ្យដឹងថា ស្រ្ដីប្រហែល៤ម៉ឺននាក់ កំពុងធ្វើការ​នៅក្នុងឧស្សាហកម្ម​ផ្សព្វផ្សាយ​ស្រាបៀរ នៅ​តាម​ភោជនីយដ្ឋាន ប៊ៀរហ្គាឌិន និង​រាំងហ្គាសាល​ប្រមាណជា​៤០០កន្លែង ​នៅ​រាជធានីភ្នំពេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ