ចំណុចមួយចំនួន​គេសង្ស័យថា មេដឹកនាំកូរ៉េខាងជើងត្រៀមផ្ទេរអំណាចឲ្យប្អូនស្រី

នៅក្នុងសមាជបក្សកាលពីថ្ងៃសៅរ៍ទី៧ខែតុលាឆ្នាំ២០១៧ មេដឹកនាំកូរ៉េខាងជើង បានប្រកាសរុះរើតួនាទីមន្ត្រីជាន់ខ្ពស់ជាច្រើនរូប ហើយបានរៀបចំមន្ត្រីដែលស្និទ្ធនិងមានការទុកចិត្តខ្ពស់បំផុត។ ក្នុងចំណោមមន្ត្រីថ្មីនោះ ប្អូនស្រីពៅរបស់លោក​ដែលមានអាយុ៣០ឆ្នាំ លោកស្រី គីម យូជុង ត្រូវបានតែងតាំងជាសមាជិក​គណៈកម្មការកណ្តាលគ្រប់គ្រងការិយាល័យនយោបាយ។​

លោកស្រី គីម យូជុង ធ្លាប់បានចាកចេញពីប្រទេសកំណើតទៅប្រទេសស្វីស ជាមួយលោក គីម ជុងអ៊ុន ជាបងប្រុសក្នុងឆ្នាំ១៩៩៦ ដើម្បីបន្តការសិក្សានៅទីនោះ។​ ស្រី្តរូបនេះ បានវិលត្រឡប់ចូលប្រទេសវិញនៅឆ្នាំ២០០០ ក្រោយពេលបញ្ចប់ការសិក្សា និងបានក្លាយជាអ្នកជំនាញខាងកុំព្យួទ័រ។​

កាលពីឪពុករបស់នាងនៅមានជីវិតនៅក្នុងឆ្នាំ២០០២ លោក គីម ជុងអ៊ីល ធ្លាប់ថ្លែងជាសាធារណៈថា កូនស្រីពៅរបស់លោកគឺ​ គីម យូជុង ចូលចិត្តកិច្ចការនយោបាយណាស់ ហើយនាងចង់បាន​តំណែងមួយក្នុងរបបដឹកនាំកូរ៉េខាងជើង។

ទោះជាឪពុករបស់នាងធ្លាប់ លើកឡើងឈ្មោះជាសារណៈក៏ដោយ ប៉ុន្តែលោកស្រី​ គីម យូជុង មិនដែលបង្ហាញមុខជាសាធារណៈទេទោះ សូម្បីតែក្នុងអំឡុងពេលឪពុករបស់នាងស្លាប់នៅឆ្នាំ២០១១ ក៏មិនមានការបង្ហាញពីវត្តមានលេចធ្លោររបស់នាងដែរ។

លោកស្រី គីម យូជុង ក្នុងសមាជបក្សកាលពីថ្ងៃសៅរ៍ទី៧ខែតុលាឆ្នាំ២០១៧

អ្នកតាមដានស្ថានភាពនយោបាយរបស់កូរ៉េខាងជើង​បានចាប់អារម្មណ៍ថា គីម យូជុង ហាក់បង្ហាញមុខនៅរាល់កម្មវិធីធំៗជាមួយបងប្រុសតាំងពីឆ្នាំ២០១៤។​

ឆ្នាំ២០១៤នៅក្នុងប្រទេសកូរ៉េខាងជើង​គេចាប់អារម្មណ៍ព្រិត្តិការណ៍សំខាន់គឺលោក គីម ជុងអ៊ុន បាត់មុខជាសាធារណៈរយៈពេល៦សប្តាហ៍នៅក្នុងអំឡុងខែកញ្ញា និងខែតុលា ឆ្នាំ២០១៤ ដែលពេលនោះមានការផ្សព្វផ្សាយថា មេដឹកនាំកូរ៉េខាងជើង​ដែលល្បីខាងសាកល្បងអាវុធនុយក្លេអ៊ែ រូបនេះ រងការឈឺចាប់ខ្លាំងដោយសារជំងឺទឹកនោមផ្អែម។ ប្រព័ន្ធផ្សាយនានា រួមទាំងសារព័ត៌មាន CNN ផងបានផ្សព្វផ្សាយថា លោក គីម ជុងអ៊ុន មានកើតជំងឺទឹកនោមផ្អែមតាំងពីឆ្នាំ២០០៩។​

ឆ្នាំ២០១៣ ព្រិត្តិការណ៍គេចាប់អារម្មណ៍មួយទៀត គឺលោក គីម ជុងអ៊ុន​ បានធ្វើទារុណកម្ម និងសម្លាប់មន្ត្រីជាន់ខ្ពស់របស់ខ្លួនមួយក្រុម ក្នុងនោះក៏មានឪពុកមារបស់លោកផងដែរដោយចោទថា ក្បត់ជាតិ ចង់ផ្តួលរំលំរដ្ឋាភិបាល។ លោក Jang Song Thaek ជាឪពុកមារបស់លោក គីម ជុងអ៊ុន ដែលត្រូវបានសម្លាប់នៅពេលនោះ គឺជាមនុស្សដែលមានទំនាក់ទំនងល្អជាមួយកូរ៉េខាងត្បូង ហើយបង្ហាញជំហរចង់ឲ្យកូរ៉េទាំងពីរមានការបង្រួបបង្រួមគ្នាវិញ។​

This undated image grab taken from footage shown by North Korea’s KCTV and released by South Korea’s Yonhap news agency on December 9, 2013, shows Jang Song-Thaek (C) reportedly being dragged out from his chair by two police officials during a meeting in Pyongyang. North Korea confirmed on December 9 that the powerful uncle of young leader Kim Jong-Un has been purged, with state TV airing humiliating images of Jang Song-Thaek being dragged away by uniformed officers. REPUBLIC OF KOREA OUT NO ARCHIVES NO INTERNET RESTRICTED TO SUBSCRIPTION USE AFP PHOTO/YONHAPYONHAP/AFP/Getty Images

ងាកមកនិយាយពីលោកស្រី គីម យូជុង គឺត្រូវបានដំឡើងដំណែងអំឡុងពេលដែលបងប្រុសមានជំងឺនៅក្នុងឆ្នាំ២០១៤ ឲ្យកាន់ការងារជាអនុប្រធាននាយកដ្ឋានឃោសនាការ និង អប់រំនៅក្នុងបក្ស បន្ទាប់មកត្រូវបានដំឡើងតំណែងជាបន្តបន្ទាប់។​

លោក Peter Hayes អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌល​សម្រាប់ការសិក្សាសន្តិសុខអន្តរជាតិនៅក្នុងទីក្រុងស៊ីតនីនៃប្រទេសអូស្ត្រាលី ថ្លែងថា លោក គីម ជុងអ៊ីល បានគូសបញ្ជាក់តួនាទីឲ្យកូនស្រីរបស់លោក តាំងពីឆ្នាំ២០១០ មកម្លេះ។​

កូរ៉េខាងជើង​គឺជាប្រទេសផ្តាច់ការដឹកនាំដោយគ្រួសារ ត្រកូលគីម​តែមួយ។ ​ក្រុមគ្រួសារលោក គីម ជុងអ៊ុន គ្រប់គ្រងកូរ៉េខាងជើង ចាប់តាំងពីឆ្នាំ​១៩៤៨ គឺចាប់ពីឆ្នាំ១៩៤៨ដល់១៩៩៤ ដឹកនាំដោយ លោក​ គីម អ៊ីលស៊ុង ចាប់ពីឆ្នាំ១៩៩៤ដល់ឆ្នាំ​២០១១ ដឹកនាំដោយលោក គីម ជុងអ៊ីល ចំណែកលោក គីម ជុងអ៊ុនដឹកនាំចាប់ពីឆ្នាំ២០១១រហូដល់បច្ចុប្បន្ន។ លោក គីម អ៊ីលស៊ុង ជាជីតា និងលោក គីម ជុងអ៊ីល ជាឪពុករបស់ លោក គីម ជុងអ៊ុន សុទ្ធតែកាន់អំណាចរហូតដល់ថ្ងៃស្លាប់ ទើបផ្ទេរបន្តទៅកូន។​

លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង​ដែលកាន់តំណែងតាំងពីឆ្នាំ២០១១ ក្រោយពេលឪពុករបស់លោក​ស្លាប់​ កាលនោះលោកទើបមានអាយុ២៨។ បច្ចុប្បន្នមេដឹកនាំកូរ៉េខាងជើងរូបនេះ ទើបមានកូនមួយឈ្មោះ Kim Ju-ae កើតកាលពីឆ្នាំ២០១២។​

របបដឹកនាំរបស់កូរ៉េខាងជើងគ្រប់គ្រងដោយគ្រួសារគីម នឹងមានការផ្ទេរអំណាចដោយប្រយ័ត្នប្រយែងនោះ នាំឲ្យអ្នកតាមដានស្ថានភាពនយោបាយនានាសន្និដ្ឋានថា លោក គីម ជុងអ៊ុនរៀបចំផ្ទេរដំណែងឲ្យប្អូនស្រីពៅក្នុងពេលសមស្របណាមួយ ខណៈសុខភាពរបស់លោកមានបញ្ហា ហើយកូនរបស់លោក​នៅក្មេងនៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ