ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អឹងវេន បានថ្លែងនៅក្នុងទិវាសេរីភាពរបស់ជាតិនៅថ្ងៃអង្គារនេះថា លោកស្រីនឹងការពារឲ្យបាននូវសេរីភាពរបស់ប្រជាពលរដ្ឋ និងការដឹកនាំតាមបែបប្រជាធិបតេយ្យ ដោយមិនរងសម្ពាធណាមួយទេ។
លោកស្រី សៃ អឹងវេន ថ្លែងនៅក្នុងទិវាសេរីភាពជាតិនៅថ្ងៃនេះថា លោកស្រីនឹងការពារលទ្ធិប្រជាធិបតេយ្យ រក្សាសិទ្ធិសេរីភាពរបស់ប្រជាជន។ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ប្រធានាធិបតីតៃវ៉ាន់រូបនេះថ្លែងជាលើកទី២ហើយ ក្នុងការការពារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពពលរដ្ឋនេះ បន្ទាប់ពីការលើកឡើងម្តងកាលពីខែឧសភាឆ្នាំ២០១៦ ក្រោយពេលលោកស្រីជាប់ឆ្នោតជាប្រធានាធិបតី។
ចាប់តាំងពីលោកស្រី សៃ អឹងវេន ឡើងកាន់តំណែងមក រដ្ឋអំណាចចិនបានកាត់ផ្តាច់ទំនាក់ទំនងជាមួយតៃវ៉ាន់ ដើម្បីដាក់សម្ពាធឲ្យដែនដីនេះ ទទួលស្គាល់ថា គោលនយោបាយចិនតែមួយ ហើយតៃវ៉ាន់ជាផ្នែកមួយរបស់ចិន។
តៃវ៉ាន់ជាដែនដីមួយដែល មានប្រជាជនជាង ២៣លាននាក់ នៅលើផ្ទៃដីជាង៣៦ ០០០ គីឡូម៉ែត្រការ៉េ។ ដែនដីនេះ ផ្តាច់ចេញពីចិនកាលពីឆ្នាំ១៩៤៩ ក្រោយពេលសង្គ្រាមស៊ីវិលនៅក្នុងប្រទេសចិនបានបញ្ចប់។ ទោះយ៉ាងណា រដ្ឋអំណាចចិនធ្លាប់បញ្ជាក់ញឹកញាប់ថា នឹងប្រើប្រាស់កម្លាំងវាយយកដែនដីនេះវិញក្នុងករណីចាំបាច់៕