អ្នកស្លាប់ដោយសារ អគ្គិភ័យឆេះព្រៃនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកកើនដល់១៥នាក់ ចំណែកពលរដ្ឋរាប់ម៉ឺននាក់ផ្សេងទៀត គេចចេញពីផ្ទះទៅរកកន្លែងមានសុវត្ថិភាព។
ភ្លើងចាប់ផ្តើមឆេះរាលដាល នៅក្នុងតំបន់ផលិតស្រាទំពាំងបាយជូរ ដែលសំខាន់មួយនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ចាប់តាំងពីយប់ថ្ងៃអាទិត្យ។
អភិបាលរដ្ឋកាលីហ្វ័រញ៉ាថ្លែងថា ភ្លើងចាប់ផ្តើមឆេះរាលដាល នៅក្នុងតំបន់ចំនួន៨ ក្នុងនោះរួមទាំងកន្លែងផលិតស្រាទំពាំងបាយជូរល្បីឈ្មោះផងគឺនៅតំបន់ Napa និង Sonoma។ ចំណែកក្រុមអ្នកពន្លត់អគ្គិភ័យបញ្ជូនទៅកាន់ទីតាំងទាំង៨កន្លែងនោះ។
របាយការណ៍សមត្ថកិច្ចឲ្យដឹងថា ចំនួនអ្នកស្លាប់ទាំង១៥នាក់នោះគឺនៅ Sonoma ចំនួន៩នាក់ Mendocinoចំនួន៣នាក់ Napa ចំនួន២នាក់ និងនៅ Yuba ចំនួន១នាក់។ក្នុងចំណោមអ្នកស្លាប់ នៅក្នុងតំបន់ Napa នោះមានទាំងប្តីប្រពន្ធ១គូ ដែលម្នាក់អាយុ៩៩ឆ្នាំ និង ម្នាក់ទៀតអាយុ១០០ឆ្នាំ ពួកគាត់បានរៀបការរយៈពេល ៧៥ឆ្នាំ។
ចំណែករបាយការណ៍ពីតំបន់ នៅ Sonoma ដែលភ្លើងនៅតែបន្តឆេះនោះ គឺមនុស្សប្រមាណ២០០នាក់បានបាត់ខ្លួន ហើយក្រុមជួយសង្គ្រោះនៅតែបន្តស្វែងរក៕