មេដឹកនាំហ្វីលីពីន ដែលល្បីខាងការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការឬគេស្គាល់ថា ជាមេដឹកនាំធ្វើសង្គ្រាមគ្រឿងញៀននោះបានប្រកាសចេញបញ្ជាឲ្យអ្នកនៅក្រោមបង្គាប់របស់ខ្លួនផ្អាក យុទ្ធនាការនេះ ដោយមិនបានប្រាប់មូលហេតុច្បាស់លាស់ទេ។
ការិយាល័យរបស់លោក ឌូទើតេ បានប្រកាសជាសាធារណៈកាលពីម្សិលមិញ ដោយបញ្ជាទៅនគរបាល កម្លាំងយោធា និងសមត្ថកិច្ចពាក់ព័ន្ធនៅតាមរដ្ឋផ្សេងៗទៀត ឲ្យព្យួរប្រតិបត្តិការបង្ហូរឈាមប្រឆាំងឧក្រិដ្ឋជនគ្រឿងញៀន។ នេះបើតាមសារព័ត៌មាន South China Morning Post។
ទោះយ៉ាងណាក្នុងសេចក្តីប្រកាសនោះមិនបានបញ្ជាក់មូលហេតុនៃការព្យួរបេសកកម្មនេះទេ។ ក្នុងយុទ្ធនាការ១៥ខែកន្លងទៅនេះ មនុស្សជាច្រើនត្រូវបានសមត្ថកិច្ចក្រោមការបញ្ជារបស់លោកឌូទើតេ បានសម្លាប់ និង ចាប់ឃុំខ្លួនករណីគ្រឿងញៀន។
អ្នកនាំពាក្យឲ្យការិយាល័យប្រធានាធិបតីមិនផ្តល់ការអត្ថាធិប្បាយបន្ថែមជាមួយសារព័ត៌មាន South China Morning Post នោះទេ បើទោះជាមានការស្នើសុំ។
លោកឌូទើតេ បានចុះហត្ថលេខាលើបទបញ្ជានោះ កាលពីថ្ងៃអង្គារ ហើយបញ្ជានេះនឹងត្រូវអនុវត្តជាផ្លូវនៅក្នុងខែមករាខាងមុខ៕