រដ្ឋាភិបាលថានឹងបន្តសហការរកអដ្ឋិធាតុទាហានអាមេរិកបើមានការចរចា

អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry និងលោក ហ៊ុន សែន (រូបភាពពី AFP)

រដ្ឋាភិបាលកម្ពុជា​ថានឹងបន្តសហការរុករកអដ្ឋិធាតុទាហានអាមេរិ​កវិញ បើមានការចរចាណាមួយអាចទុកចិត្តបាន​ក្នុង​ការ​ធានាទៅវិញទៅមកក្នុងការលើកលែងការផ្អាកកិច្ចសហប្រតិបត្តិការនេះ។

លោក ហ៊ុន សែន​ លើកឡើងបែបនេះក្នុងលិខិតមួយចុះថ្ងៃទី១២​ ខែ​តុលា ឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់​លោក​ស្រី អាន មៀលហ្រ្គីហ្វីត ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិតបត្តិសម្ព័ន្ធគ្រួសាររបស់ឈ្លើយសឹក និងទាហានអាមេរិក​បាត់​ខ្លួននៅអាស៊ីអាគ្នេយ៍។

ក្នុងលិខិតឆ្លើយតបលោក ហ៊ុន សែន លើកឡើងថាការសម្រេចផ្អាកកិច្ចសហប្រតិបត្តិការរុករក​អដ្ឋិធាតុទាហាន​អាមេរិកនេះ គឺមានលក្ខណៈបណ្ដោះអាសន្នប៉ុណ្ណោះ ហើយរដ្ឋាភិបាលកម្ពុជានឹងចាប់ផ្ដើមឡើងវិញ នៅពេល ដែលទទួលបានការធានាទៅវិញទៅមក និង​អាចទុកចិត្តបានស្ដីពីការលើកលែងការផ្អាក​នេះ​ ដើម្បីជាគុណ ប្រយោជន៍ ដល់ប្រជាជននៃប្រទេសទាំង២។

លោក ហ៊ុន សែន លើកឡើងថាកម្ពុជាមានគោលការណ៍ចំពោះកិច្ចសហប្រតិបត្តិការក្នុងកម្មវិធីមាតុភូមិនិវត្តន៍ ប៉ុន្តែកម្ពុជាបែរជាត្រូវទទួលរងការដាក់ទណ្ឌកម្មដោយអយុត្តិធម៌ នៅពេលដែលកម្ពុជាគ្រាន់តែទាមទារឲ្យអាមេរិក​ពិចារ​ណា​បន្ថែមលើទិដ្ឋភាពមនុស្សធម៌ និងមេត្តាធម៌។

កាលពីថ្ងៃទី២៥ ខែកញ្ញា លោកស្រី អាន មៀល ហ្រ្គីហ្វីត​ផ្ញើលិខិតមួយទៅកាន់លោក ហ៊ុន សែន ដោយលើក​ឡើង​ថាកន្លងមករដ្ឋាភិបាលលោក ហ៊ុន សែន បានទទួលនូវសំណុំឯកសាររបស់អ្នកបាត់ខ្លួន ហើយបាន​ឯក​ភាព​​ ថារួមសហប្រតិបត្តិការរុករក ព្រោះនេះគឺជាបញ្ហាមនុស្សធម៌ និងមិនជាប់ពាក់ព័ន្ធនឹងការខ្វែងគំនិតគ្នាផ្នែក​នយោ​បាយនោះទេ។

កាលពីថ្មីៗកន្លងទៅរដ្ឋាភិបាលលោក ហ៊ុន សែន សម្រេច​ផ្អាក​កិច្ច​សហប្រតិបត្តិការ​ក្នុង​ស្រាវជ្រាវ និង​រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិកដែល​បានស្លាប់​នៅកម្ពុជា​នេះ ជា​ការ​ឆ្លើយ​តប​ជា​ថ្នូរ​នឹង​រដ្ឋាភិបាល​អាមេរិក ដែលបាន​ដាក់​ទណ្ឌកម្ម​មិន​ផ្ដល់​ទិដ្ឋាការ​ធ្វើ​ដំណើរ​ ដល់​មន្ត្រី​ការ​ទូត​ក្រសួងការបរទេសកម្ពុជា និង​ក្រុម​គ្រួសារ​របស់​ពួកគេ។

ក្រសួង​ការបរទេស​អាមេរិក បាន​សម្រេច​ដាក់​ទណ្ឌកម្ម​មិន​ផ្ដល់​ទិដ្ឋាការ​នេះ ដោយសារ​​កម្ពុជា ​បដិសេធមិន​ព្រម​ទទួល​យក​ការ​បញ្ជូន​ជនជាតិ​ខ្មែរ ​ដែល​ប្រព្រឹត្ត​បទ​ល្មើស ហើយ​​ត្រូវ​បញ្ជូនពី​សហរដ្ឋ​អាមេរិក​មក​កាន់​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ