ជំនន់ទឹកភ្លៀងបានជន់លិចផ្លូវនានាក្នុងទីក្រុងបាងកក បន្ទាប់ពីទីក្រុងមួយនេះទទួលរងខ្យល់ព្យុះភ្លៀងដ៏ខ្លាំងក្លាមួយ ដែលបានបោកបក់កាលពីយប់ថ្ងៃសុក្រកន្លងមកនេះ។ នេះដោយយោងតាមការចុះផ្សាយរបស់សារព័ត៌មានបាងកក ប៉ុស្តិ៍។
កាសែតថៃមួយនេះ បានផ្សាយបន្តថា ផ្លូវសំខាន់ៗយ៉ាងហោច ៥៥ខ្សែ ត្រូវទឹកភ្លៀងជន់លិច ប៉ុន្តែ ទឹកបានស្រកចុះអស់ទៅវិញនៅពេលរសៀលថ្ងៃម្សិលមិញនេះ។
ចំណែកឯកាសែតដឹ ណេសិន របស់ថៃ បានផ្សាយថា អាជ្ញាធរក្នុងទីក្រុងបាងកក បានជំរុញទៅប្រជាជនដែលមិនមានកិច្ចការអីបន្ទាន់នោះ ឲ្យស្នាក់នៅក្នុងផ្ទះសិន ខណៈដែលផ្លូវជាច្រើន កំពុងស្ថិតក្រោមទឹកជំនន់នៅឡើយ។
សារព័ត៌មានអនឡាញថៃខាវសុត បានរាយការណ៍ថា តំបន់ឌិនឌែង តំបន់អ៊ីខាម៉ៃ និងកំណាត់ផ្លូវសុខុមវិត ព្រមទាំងតំបន់ទេសចរណ៍ចតុចៈ និងវត្តផូ សុទ្ធតែត្រូវលិចលង់ក្រោមជំនន់ទឹកភ្លៀង។
កាសែតបាងកក ប៉ុស្តិ៍ បានចុះផ្សាយថា អភិបាលក្រុងបាងកក លោក អាស្វីន ខ្វាន់មឿង បានសុំទោសចំពោះប្រជាជន ប៉ុន្តែ ក្រុមមន្ត្រីនៅទីក្រុងនេះនិយាយថា ពួកគេបានធ្វើអ្វីគ្រប់យ៉ាងតាមតែពួកគេអាចធ្វើបានហើយ៕