សេចក្ដីរាយការណ៍ បានឲ្យដឹងថា មនុស្សជាង ២០០នាក់ ត្រូវបានសម្លាប់នៅក្នុងអំពើហិង្សាបំផ្ទុះគ្រាប់បែកនៅជិតរដ្ឋធានីប្រទេសសូម៉ាលី ហើយជាង ២៥០នាក់ទៀតបានរងរបួស ដែលនេះគឺជាការវាយប្រហារដ៏បង្ហូរឈាមបំផុតពីសំណាក់ក្រុមបះបោរអាល់ហ្សាបាអាប់របស់ប្រទេសនេះ។
អំពើហិង្សាបានផ្ទុះឡើងកាលពីរសៀលថ្ងៃអាទិត្យនៅឯចំណុចប្រសព្វដ៏មមាញឹកមួយ ដែលបណ្ដាលឲ្យអគារនានាខូចខ្ទេចខ្ទី ហើយយានយន្តត្រូវភ្លើងឆាបឆេះ។
ក្រុមមន្ត្រីសូម៉ាលីនិយាយថា ការវាយប្រហារនោះ គឺជាប្រតិបត្តិការបំផ្ទុះគ្រាប់បែកដ៏អាក្រក់បំផុតមិនធ្លាប់មាននៅក្នុងប្រទេសមួយនេះ ដែលកំពុងហែកហួរដោយសង្គ្រាម។
អ្នកនាំពាក្យទីក្រុងម៉ូហ្កាឌីស៊ូ បានប្រាប់ទីភ្នាក់ងារព័ត៌មានអន្តរជាតិថា អាជ្ញាធរបញ្ជាក់ថា ជនស៊ីវិល ២០០នាក់ បានស្លាប់នៅក្នុងប្រតិបត្តិការបំផ្ទុះគ្រាប់បែកនោះ ប៉ុន្តែ គេក៏ជឿជាក់ថា ចំនួនអ្នកស្លាប់នឹងកើនឡើងខ្ពស់ជាងនេះទៅទៀត។
មន្ត្រីផ្នែកសង្គ្រោះបន្ទាន់ បានឲ្យដឹងថា មនុស្សជាង ២៥០នាក់ទៀត បានរងរបួសក្នុងអំពើហិង្សាបំផ្ទុះគ្រាប់បែកនោះ។
ប៉ុន្តែ គ្មានភាគីណាមួយប្រកាសទទួលខុសត្រូវភ្លាមៗនោះទេ។ ក្រុមបះបោរប្រដាប់អាវុធហ្សាបាអាប់ ដែលមានទំនាក់ទំនងជាមួយក្រុមភេរវកម្មអាល់កៃដា បានធ្វើប្រតិបត្តិការបំផ្ទុះគ្រាប់បែកអត្តឃាតជាច្រើនលើក ក្នុងបំណងផ្ដួលរំលំរដ្ឋាភិបាលសូម៉ាលី ដែលទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ៕