មនុស្សយ៉ាងហោចណាស់ ១០នាក់ បានលង់ទឹកស្លាប់ ហើយរាប់សិបនាក់ទៀតកំពុងបាត់ខ្លួននៅឡើយ ក្រោយពីទូកមួយគ្រឿងផ្ទុកទៅដោយជនជាតិរ៉ូហ៊ីងយ៉ារត់ភៀសខ្លួនចូលទៅប្រទេសបង់ក្លាដែសនោះ បានលិចកាលពីថ្ងៃម្សិលមិញនេះ ខណៈដែលមនុស្ស ១ម៉ឺន ២ពាន់នាក់ទៀត បានរត់ភៀសខ្លួនទៅចូលរួមជាមួយជនភៀសខ្លួនរ៉ូហ៊ីងយ៉ាកន្លះលាននាក់ទៀត ដែលបានគេចចេញពីការបង្ក្រាបរបស់ទាហានភូមា។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
AFP បានចុះផ្សាយបែបនេះ ដោយបានដកស្រង់សម្ដីមេបញ្ជាការការពារព្រំដែនបង់ក្លាដែស លោកអនុសេនីយ៍ទោ អារីហ្វូល អ៊ីស្លាម ដែលបាននិយាយថា ទូកនោះបានដឹកមនុស្សប្រហែល ៥០នាក់ នៅពេលវាឆ្លងកាត់ទន្លេណាហ្វ ដែលខណ្ឌចែករវាងប្រទេសបង់ក្លាដែស និងភូមា។
ជនជាតិរ៉ូហ៊ីងយ៉ាជិត ២០០នាក់ ត្រូវបានគេដឹងថា បានលង់ទឹកស្លាប់នៅក្នុងរយៈពេល ៦សប្ដាហ៍ចុងក្រោយនេះ អំឡុងពេលពួកគេព្យាយាមឆ្លងទន្លេចូលទៅក្នុងប្រទេសបង់ក្លាដែស ដោយមនុស្សជាច្រើនធ្វើដំណើរតាមទូកឈើតូចៗផ្ទុកលើសចំណុះ។
លោក អ៊ីស្លាម បានប្រាប់ថា អ្នករស់រានមានជីវិត ២១នាក់ បានហែលទឹកដល់ច្រាំងដោយសុវត្ថិភាព ក្រោយពីទូកតូចនោះបានប្រឡាប់លិច ហើយកងល្បាតព្រំដែនបង់ក្លាដែស កំពុងតែស្វែងរក និងជួយសង្គ្រោះអ្នកបាត់ខ្លួននៅក្នុងទន្លេនោះ។
អង្គការសហប្រជាជាតិ បាននិយាយថា គិតត្រឹមចុងសប្ដាហ៍កន្លងមកនេះ ជនជាតិរ៉ូហ៊ីងយ៉ាដល់ទៅ ៥៣ម៉ឺន ៧ពាន់នាក់ហើយ បានភៀសខ្លួនទៅដល់ប្រទេសបង់ក្លាដែស នៅក្នុងរយៈពេល ៧សប្ដាហ៍ចុងក្រោយមកនេះ។ ពួកគេបានរត់ភៀសខ្លួនចេញពីអំពើហិង្សាកំពុងកើតឡើងនៅរដ្ឋរ៉ាក់ឃីនក្នុងប្រទេសភូមា ហើយអង្គការសហប្រជាជាតិ បានចោទទាហានភូមាថា បានធ្វើការបោសសម្អាតជាតិសាសន៍ប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ា៕