សេតវិមានអាមេរិក បានប្រកាសនៅថ្ងៃនេះថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងធ្វើដំណើរទស្សនកិច្ចទៅជប៉ុន កូរ៉េខាងត្បូង ចិន វៀតណាម ហ្វីលីពីន និងរដ្ឋហាវ៉ៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៤ ខែវិច្ឆិកាខាងមុខ។ នេះដោយយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
Reuters បានផ្សាយបន្តថា ដំណើរទស្សនកិច្ចមេដឹកនាំអាមេរិកមកកាន់តំបន់អាស៊ីនេះ ត្រូវបានកំណត់រៀបចំធ្វើឡើងចំពេលដែលមានភាពតានតឹងខ្លាំងជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលរបស់កូរ៉េខាងជើង។
សេតវិមានអាមេរិក បាននិយាយក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា លោក ត្រាំ នឹងអំពាវនាវទៅសហគមន៍អន្តរជាតិឲ្យរួមគ្នាក្នុងការដាក់សម្ពាធកាន់តែខ្លាំងទៅលើកូរ៉េខាងជើង ហើយលោកក៏គ្រោងជួបជាមួយសមាជិកគ្រួសារជប៉ុន ដែលត្រូវបានកូរ៉េខាងជើងចាប់ពង្រាត់ផងដែរ។
សេតវិមានបានឲ្យដឹងថា អំឡុងដំណើរទស្សនកិច្ចនោះ លោក ត្រាំ នឹងលើកឡើងអំពីការប្ដេជ្ញាចិត្តរបស់លោកចំពោះសម្ព័ន្ធមិត្ត និងដៃគូអាមេរិក ចូលរួមក្នុងកម្មវិធីនានានៅឯវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់សេតវិមាន ក្នុងដំណើរទស្សនកិច្ចនោះ លោក ត្រាំ គ្រោងជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្ស៊ិនហ្សូ អាបេ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ និងប្រធានាធិបតីវៀតណាម លោក ត្រាន់ ដាយហ្គ័ង៕