យ៉ាងហោចណាស់មនុស្ស ៣៦នាក់ បានស្លាប់នៅក្នុងភ្លើងឆេះព្រៃដ៏ធំនៅភាគខាងជើង និងភាគកណ្ដាលប្រទេសព័រទុយហ្កាល់នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ បន្ទាប់ពីមនុស្ស ៣នាក់ ត្រូវបានសម្លាប់នៅក្នុងអណ្ដាតភ្លើងនៅប្រទេសអេស្ប៉ាញ ដែលបង្កឡើងដោយឧក្រិដ្ឋជន ហើយភ្លើងឆេះព្រៃនោះបានរីករាលដាលកាន់តែធំដោយសារព្យុះ Ophelia។ នេះដោយយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
Reuters បានរាយការណ៍បន្តថា មនុស្ស ៣៦នាក់ ត្រូវបានទីភ្នាក់ងារការពារស៊ីវិលជាតិព័រទុយហ្កាល់បញ្ជាក់ថាស្លាប់ ក្នុងនោះមានទាំងទារកម្នាក់អាយុ ១ខែផងដែរ។ គ្រោះភ្លើងឆេះព្រៃនេះ បានកើតឡើងតែ ៤ខែក្រោយពីមនុស្ស ៦៤នាក់ ត្រូវបានសម្លាប់នៅក្នុងអគ្គិភ័យដ៏ធំបំផុតនៅក្នុងប្រទេសព័រទុយហ្កាល់កាលពីខែមិថុនាកន្លងមកនេះ។
អ្នកនាំពាក្យនៃទីភ្នាក់ងារការពារស៊ីវិល អ្នកស្រី Particia Gaspar បានឲ្យដឹងថា នៅមានកន្លែងផ្សេងទៀតដែលក្រុមការងារពន្លត់ភ្លើងនៅមិនទាន់អាចគ្រប់គ្រងបាននៅឡើយ។
អ្នកស្រីបន្ថែមថា មនុស្ស ៧នាក់ កំពុងតែបាត់ខ្លួននៅឡើយដោយសារតែភ្លើងឆេះព្រៃនេះ ដែលក៏បណ្ដាលឲ្យរបួសមនុស្សយ៉ាងតិច ៦៣នាក់ផងដែរ ក្នុងនោះ ១៦នាក់រងរបួសធ្ងន់ធ្ងរ។
អ្នកស្រីបញ្ជាក់ថា ភ្លើងឆេះព្រៃបានកើតឡើង ៥២៤ករណីនៅក្នុងប្រទេសព័រទុយហ្កាល់គិតចាប់តាំងពីឆ្នាំ២០០៦មក ដែលភាគច្រើនបំផុតបណ្ដាលមកពីការកើនឡើងនៃកម្ដៅនៅលើផែនដីលើសពីកម្រិតធម្មតា។
នៅឯប្រទេសអេស្ប៉ាញ អាជ្ញាធរតំបន់ Galicia បាននិយាយថា ភ្លើងឆេះព្រៃ ១៥កន្លែងនៅតែបន្តមានសកម្មភាពគំរាមកំហែងដល់ប្រជាជន និងផ្ទះសម្បែងប្រជាពលរដ្ឋ៕