ស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងពីរដ្ឋាភិបាលយោធាថៃ និងស្ថាប័នពុទ្ធសាសនាក្នុងប្រទេសនេះ ព្រះសង្ឃថៃ បានចាប់ផ្ដើមកំណែទម្រង់ថ្មីមួយនៅរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ដើម្បីសម្អាតព្រះវិហារ និងវិស័យពុទ្ធសាសនាដែលឡោមព័ទ្ធទៅដោយរឿងអាស្រូវ។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
Reuters បានរាយការណ៍ថា ពុទ្ធសាសនាមានអ្នកគោរពប្រតិបត្តិដល់ទៅជាង ៩០ភាគរយនៅក្នុងចំណោមប្រជាជនថៃទាំងមូល ដោយធ្វើឲ្យសាសនានេះ គ្របដណ្ដប់ធំជាងគេនៅក្នុងប្រទេសថៃ។
ទោះជាយ៉ាងណា រូបភាពពុទ្ធសាសនាក្នុងប្រទេសនេះ បានខូចខាតជុំវិញរឿងអាស្រូវផ្លូវភេទពាក់ព័ន្ធនឹងព្រះសង្ឃ និងការចោទប្រកាន់អំពីការលាងលុយកខ្វក់ ធ្វើឡើងដោយអតីតចៅអធិការវត្តដ៏ធំមួយនៅក្នុងប្រទេសថៃ។
Reuters បានបន្ថែមថា រឿងអាស្រូវទាំងនេះ បានជំរុញឲ្យមានការអំពាវនាវឲ្យត្រួតពិនិត្យឲ្យបានតឹងរឹងថែមទៀតទៅលើហិរញ្ញវត្ថុរបស់វត្តអារាមរាប់ពាន់កន្លែងនៅទូទាំងប្រទេស ដែលវត្តអារាមទាំងនោះ ក៏ជាទីទាក់ទាញភ្ញៀវទេសចរផងដែរ។
ចាប់តាំងពីខែកញ្ញាមក ព្រះសង្ឃជាន់ខ្ពស់ក្នុងប្រទេសនេះ បានដាក់បញ្ជាឲ្យពង្រឹងវិន័យបន្ថែមទៀតសម្រាប់ព្រះសង្ឃជាង ៣សែនអង្គ និងវត្តអារាមប្រហែល ៤ម៉ឺនកន្លែង។
ការពង្រឹងវិន័យសង្ឃនេះ ក៏បានកើតឡើងចំពេលសំខាន់ផងដែរ ខណៈដែលប្រទេសថៃត្រៀមបូជាព្រះសពអតីតព្រះមហាក្សត្រថៃ ភូមិបុល អាដុលយ៉ាតេជ នៅសប្ដាហ៍ក្រោយនេះ ព្រមទាំងពិធីសោយរាជ្យសម្បត្តិជាផ្លូវការនៃព្រះមហាក្សត្រថ្មី មហាវិជ្ជរ៉ាឡុងកន ដែលនឹងកើតឡើងនៅចុងឆ្នាំនេះ៕