ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានពាក់ព័ន្ធនឹងរឿងចម្រូងចម្រាស់ថ្មីមួយនៅថ្ងៃនេះ បន្ទាប់ពីលោកត្រូវបានគេចោទថា មិនគោរពដល់ទាហានអាមេរិកស្លាប់នៅក្នុងការវាយប្រហារមួយនៅក្នុងប្រទេសនីហ៊្សែ ព្រមទាំងបង្ហាញភាពមិនគោរពដល់គ្រួសារសព។ នេះដោយយោងតាមការសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
លោក ត្រាំ បានប្រែទៅជាមានជម្លោះយ៉ាងលឿននៅពេលលោកសន្ទនាគ្នាតាមទូរស័ព្ទជាមួយស្ត្រីមេម៉ាយជាភរិយារបស់ទាហានអាមេរិកពលបាលឈ្មោះ La David Johnson។ លោក La David Johnson គឺជាទាហានម្នាក់ក្នុងចំណោមទាហានអាមេរិក ៤រូប ដែលត្រូវបានសម្លាប់នៅក្នុងការឆ្មក់វាយប្រហាររបស់ពួកបះបោរកាលពីថ្ងៃទី០៤ ខែតុលា នៅឯប្រទេសនីហ៊្សែ ស្ថិតនៅទ្វីបអាហ្វ្រិក។
ប៉ុន្តែ កំណត់ហេតុ ២ នៃការសន្ទនាតាមទូរស័ព្ទដើម្បីសម្ដែងការចូលរួមរំលែកទុក្ខពីសំណាក់លោក ត្រាំ នោះ បានបង្ហាញថា លោក ត្រាំ បានព្យាយាមបញ្ចេញភាសាអាណិតអាសូរ។
អ្នកស្រី Cowanda Jones-Johnson ដែលជាម្ដាយរបស់ពលទាហានអាមេរិក La David Johnson បានប្រាប់កាសែតអាមេរិកវ៉ាស៊ីងតោន ប៉ុស្តិ៍ថា ប្រធានាធិបតី ដូណាល់ ត្រាំ ពិតជាមិនបានគោរពដល់កូនប្រុសអ្នកស្រី និងកូនស្រី និងស្វាមីរបស់អ្នកស្រីឡើយ។
អ្នកស្រីបន្តថា អ្នកស្រីឯកភាពទៅនឹងកំណត់ហេតុនៃកិច្ចសន្ទនាតាមទូរស័ព្ទដំបូង ដែលអ្នកស្រីទទួលបានពីសមាជិកសភាម្នាក់ដែលនិយាយថា អ្នកស្រីបានស្ដាប់លឺផ្នែកខ្លះនៃកិច្ចសន្ទនាតាមទូរស័ព្ទនោះ ហើយចោទលោក ត្រាំ ថាមិនមានសីលធម៌ នៅពេលប្រាប់ភរិយាសពពលទាហានថា ទាហានវ័យក្មេងនោះ បានដឹងនូវអ្វីដែលលោកនឹងចុះហត្ថលេខា។
អ្នកស្រី Frederica Wilson សមាជិកសភាបក្សប្រជាធិបតេយ្យមកពីរដ្ឋផ្លរីដា បានប្រាប់ទូរទស្សន៍ CNN ថា អ្នកស្រីមិនបានលឺកិច្ចសន្ទនាទាំងស្រុងទេ ប៉ុន្តែ អ្នកស្រីពិតជាបានស្ដាប់លឺលោក ត្រាំ និយាយថា លោកបានដឹងហើយនូវអ្វីដែលលោកនឹងត្រូវចុះហត្ថលេខា ប៉ុន្តែ វានៅតែឈឺចាប់។
លោក ត្រាំ បានបដិសេធបកស្រាយ ដោយគ្រាន់តែបង្ហោះសារនៅលើ Twitter ថា សមាជិកសភាបក្សប្រជាធិបតេយ្យ យល់ខុសទាំងស្រុងនូវអ្វីដែលលោកបាននិយាយទៅកាន់ភរិយាពលទាហាន ដែលបានស្លាប់នៅក្នុងពេលបំពេញបេសកកម្ម។
លោក ត្រាំ ក្រោយមកបានប្រាប់អ្នកយកព័ត៌មានថា លោកមិនបាននិយាយអ្វីដូចដែលសមាជិកសភារូបនោះលើកឡើងនោះឡើយ ហើយថា លោកបានជជែកតាមទូរស័ព្ទដោយគួរសមជាមួយភរិយាពលទាហាននោះ។
នៅពេលត្រូវបានចោទសួរអំពីភស្តុតាងដែលលោកអាចបង្ហាញសាធារណជននោះ លោក ត្រាំ និយាយថា សូមឲ្យអ្នកស្រី Frederica Wilson ធ្វើសេចក្ដីថ្លែងការណ៍ម្ដងទៀត ហើយបន្ទាប់មក សាធារណជននឹងបានយល់។
លោក Johnson គឺជាទាហានម្នាក់ក្នុងចំណោមទាហានអាមេរិក ៤រូប ដែលត្រូវបានសម្លាប់កាលពីថ្ងៃទី៤ ខែតុលា ក្រោយរងការវាយឆ្មក់ពីពួកសកម្មប្រយុទ្ធរដ្ឋឥស្លាមនៅទីនោះ៕