សាកលវិទ្យាល័យOxfordជាសាលាល្បីឈ្មោះលើពិភពលោក មានបន្ទប់មួយដាក់ឈ្មោះ អ៊ុង សានស៊ូជី ហើយកាលពីម្សិលមិញនេះ និស្សិតកំពុងរៀនថ្នាក់បរិញ្ញាបត្រនៅទីនោះបាននាំគ្នាបោះឆ្នោតលុបឈ្មោះលោកស្រីចេញពីបន្ទប់ដោយសារតែបញ្ហាវិបត្តិជនជាតិរ៉ូហ៊ីងយ៉ា។
ការបោះឆ្នោតរវាងក្រុមនិស្សិតកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានសម្រេចក្នុងការដកឈ្មោះ អ៊ុង សានស៊ូជីចេញពីឈ្មោះបន្ទប់មួយដោយពួកគេថា លោកស្រីបានចូលរួមសកម្មភាពចំពោះការរំលោភសិទ្ធិមនុស្សដែលប្រព្រឹត្តដោយយោធាមីយ៉ាន់ម៉ាលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។ នេះបើតាមសារព័ត៌មានSouth China Morning Post។
លោក អ៊ុង សានស៊ូជី ជាពានរង្វាន់ណូបែលសន្តិភាពកាលពីឆ្នាំ១៩៩១ ហើយកាលពីឆ្នាំ២០១២ក្នុងឱកាសខួបកំណើតអាយុ៦៧ឆ្នាំរបស់លោកស្រី សាកលវិទ្យាល័យOxford បានផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយស។ លោកស្រីធ្លាប់សិក្សាជំនាញ នយោបាយ ទស្សនវិជ្ជា និង សេដ្ឋកិច្ចនៅសាកលវិទ្យាល័យនេះកាលពីឆ្នាំ ១៩៦៤ ដល់ ១៩៦៧។
មេដឹកនាំប្រទេសមីយ៉ាន់ម៉ារូបនេះ ទទួលរងការរិះគន់កាន់តែខ្លាំង ក្រោយពេលដែលយោធាបើការបង្ក្រាបទៅលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាម។ សកម្មភាពបង្ក្រាបកើតឡើងតាំងពីខែសីហាមក ហើយបានបណ្តាលឲ្យក្រុមជនជាតិភាគតិចនេះប្រមាណកន្លះលាននាក់ចាកចេញពីមីយ៉ាន់ចូលទៅប្រទេសបង់ក្លាដេស ខណៈរាប់រយនាក់ស្លាប់ អ្នកខ្លះរងការធ្វើទារុណកម្ម ការរំលោភផ្លូវភេទពីសំណាក់ពួកយោធាជាដើម។
កាលពីខែកញ្ញា កន្លងទៅគណៈកម្មការគ្រប់គ្រងសាលាក៏បានសម្រេចដករូបលោកស្រី អ៊ុងសាន ស៊ូជីចេញពីផ្លូវមួយនៃច្រកចូលសាលាដែរ ក្រោយមានការរិះគន់ខ្លាំង។