សារព័ត៌មានអន្តរជាតិ បានរាយការណ៍ថា ប្រទេសថៃគ្រោងបង្ហាញរបាំបុរាណ នៅក្នុងពិធីបូជាព្រះសពព្រះមហាក្សត្រថៃ ភូមិបុល អាដុលយ៉ាតេជ នៅសប្ដាហ៍ក្រោយនេះ។
ព្រះមហាក្សត្រថៃ ភូមិបុល អាដុលយ៉ាតេជ បានសោយទីវង្គតកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ហើយព្រះសពរបស់ទ្រង់ត្រូវបានតំកល់ទុកឲ្យមហាជនចូលទៅគោរពក្នុងរយៈពេល ១ឆ្នាំ។
សារព័ត៌មានសិង្ហបុរី Channel News Asia បានផ្សាយថា នៅពេលព្រះសពទ្រង់ ត្រូវបានកំណត់បូជានៅថ្ងៃទី២៦ ខែតុលាសប្ដាហ៍ក្រោយនេះ ល្ខោនខោល នឹងត្រូវសម្ដែងដោយក្រសួងវប្បធម៌ថៃ ដោយមានការចូលរួមសម្ដែងពីសិល្បករជាង ៣០០នាក់។
សារព័ត៌មាននេះចុះផ្សាយទៀតថា ពិធីសម្ដែងដ៏ធំដែលក៏នឹងត្រូវចាក់ផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ផងដែរនោះ នឹងសម្ដែងអំពីរឿងបុរាណរ៉ាម៉ាខេន ឬខ្មែរយើងហៅថា រាមកេរ្តិ៍។
មិនថារឿង «រ៉ាម៉ាខេន» ឬរឿង «រាមកេរ្តិ៍»នោះទេ រឿងនេះមានឥទ្ធិពលខ្លាំងពីរឿង «រ៉ាម៉ាយ៉ាណា» ជារឿងបុរាណឥណ្ឌាដែលបរិយាយអំពីសង្គ្រាមរបស់ព្រះរាម ដើម្បីរំដោះជាយារបស់ទ្រង់ ពីក្រុមយក្ស៕