អតីតឧបនាយករដ្ឋមន្រ្តីកូតាគណបក្សហ្វ៊ុនស៊ិនប៉ិច លោក លឺ ឡាយស្រេង បានស្វែងរកការលើកលែងទោសពីព្រះមហាក្សត្រ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញសំឡេងសន្ទនារបស់លោកតាមខ្សែទូរសព្ទជាមួយអតីតតំណាងរាស្ត្រគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលត្រូវបានទំព័រហ្វេសប៊ុកមួយទម្លាយ ហើយក្រោយមក ត្រូវបានប្រធានគណបក្សរាជានិយមសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ចោទថា បានប្រមាថលើព្រះមហាក្សត្រ នរោត្ដម សីហមុនី។
សំឡេងសន្ទនាតាមទូរសព្ទរវាងលោក លឺ ឡាយស្រេង ជាមួយអតីតមន្ត្រីគណបក្សហ្វ៊ុនស៊ិនប៉ិច លោកស្រី គី លំអង ត្រូវបានទម្លាយនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី២១ ខែតុលានេះ ដោយទំព័រហ្វេសប៊ុក «សីហា» ជាទំព័របណ្ដាញសង្គមមួយ ដែលបានទម្លាយនូវសំឡេងសន្ទនាឯកជនតាមទូរសព្ទរបស់ក្រុមមេដឹកនាំជាន់ខ្ពស់បក្សប្រឆាំង ជាពិសេសសំឡេងសន្ទនាឯកជនរបស់លោក កឹម សុខា មេបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំ និងសំឡេងសន្ទនាឯកជនរបស់អតីតមេបក្សប្រឆាំង លោក សម រង្ស៊ី ផងដែរ។
ក្នុងសំឡេងសន្ទនាត្រូវបានទម្លាយដោយទំព័រហ្វេសប៊ុក «សីហា» នោះ លោក លឺ ឡាយស្រេង មានប្រសាសន៍ថា៖ «បើមិនហ៊ានទេ ឲ្យដាក់រាជ្យទៅ ឲ្យគេធ្វើវិញម្ដង មាន់គ្រៀវអញ្ចឹងនោះ»។
បន្ទាប់ពីសំឡេងសន្ទនានោះ អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន ត្រូវបានសារព័ត៌មាន Fresh News ដកស្រង់សម្ដីចុះផ្សាយថា គណបក្សរាជានិយមមួយនេះ កំពុងពិចារណាដាក់ពាក្យប្ដឹងលោក លឺ ឡាយស្រេង ដោយចោទអតីតសហការីរូបនេះថា បានប្រមាថព្រះមហាក្សត្រ និងប្រធានគណបក្សនេះ គឺសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ។
នៅក្នុងវីដេអូផ្សព្វផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនៅព្រឹកថ្ងៃនេះ លោក លឺ ឡាយស្រេង មានប្រសាសន៍ថា៖ «ខ្ញុំអាចមានពាក្យថ្លោះធ្លោយមែន ក៏ប៉ុន្តែ មិនមានចេតនាអីទៅប្រមាថខាតទានដល់ព្រះមហាក្សត្រទេ។ សូមជម្រាបថា ខ្ញុំបានបម្រើព្រះមហាក្សត្រយូរឆ្នាំណាស់ តាំងពីហ្លួងតា [អតីតព្រះមហាក្សត្រ នរោត្ដម សីហនុ]រហូត»។
លោក លឺ ឡាយស្រេង បានសម្ដែងការសុំទោសចំពោះព្រះមហាក្សត្រ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងស្នើកុំឲ្យមានការចោទប្រកាន់លើតំណាងរាស្ត្របក្សប្រឆាំង អ្នកស្រី គី លំអង ប៉ុន្តែ លោកពុំបានថ្លែងសុំទោសចំពោះសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ នោះឡើយ។
លោក លឺ ឡាយស្រេង បានឆ្លើយតបទៅនឹងលោកស្រី គី លំអង នៅក្នុងកិច្ចសន្ទនាជុំវិញបញ្ហាថា តើព្រះមហាក្សត្រ ព្រះករុណា នរោត្ដម សីហមុនី នឹងឡាយព្រះហស្ថលេខាលើសំណើកែប្រែច្បាប់ ៤ ពាក់ព័ន្ធនឹងការបោះឆ្នោត ឬយ៉ាងណា។
សំណើវិសោធនកម្មច្បាប់ ៤ នោះ ត្រូវបានក្រុមតំណាងរាស្ត្របក្សកាន់អំណាចអនុម័តនៅដើមសប្ដាហ៍នេះ ហើយកំពុងស្ថិតនៅក្នុងដៃស្ថាប័នព្រឹទ្ធសភា មុននឹងបញ្ជូនទៅព្រះមហាក្សត្រឡាយព្រះហស្ថលេខា ដើម្បីចូលជាធរមាន។
សំណើវិសោធនកម្មច្បាប់ទាំង ៤នេះ ត្រូវបានក្រុមអ្នកវិភាគចាត់ទុកជាការប៉ុនប៉ងដើម្បីឈានទៅរំលាយគណបក្សប្រឆាំង និងបែងចែកអាសនៈសភារបស់គណបក្សនេះ ទៅឲ្យគណបក្សតូចៗ ក្នុងនោះមានទាំងគណបក្សហ៊្វុនស៊ិនប៉ិចផងដែរ៕