កម្មករ​១១​នាក់​ស្លាប់​ក្រោយ​ដី​ភ្នំ​រអិល​បាក់​ធ្លាក់​លើ​ការដ្ឋាន​សំណង់​នៅ​ម៉ាឡេស៊ី

មនុស្ស​ ១១នាក់ ដែល​ភាគ​ច្រើន​ជា​កម្មករ​បរទេស ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​គ្រោះ​ថ្នាក់​រអិល​បាក់ឌី​នៅ​ឯ​ការដ្ឋាន​សាងសង់​មួយ​កន្លែង ស្ថិត​នៅ​លើ​កោះ​ប៉េណាំង ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ខណៈ​ដែល​អ្នក​ស្រុក​ផ្ទុះ​កំហឹង​កាន់​តែ​ខ្លាំង​ចំពោះ​គ្រោះ​ថ្នាក់​នេះ។ នេះ​ដោយ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដោយ​បាន​ដក​ស្រង់​សម្ដី​មន្ត្រី​ម៉ាឡេស៊ី។

AFP បាន​រាយការណ៍​បន្ត​ថា ផ្ទាំង​ដី​ដ៏​ធំ​បាន​រអិល​ធ្លាក់​ពី​ជញ្ជាំង​ភ្នំ​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ និង​បាន​ធ្លាក់​កប់​លើ​មនុស្ស ខណៈ​ដែល​ពួកគេ​កំពុង​ធ្វើ​ការ​នៅ​លើ​អគារ​លំនៅឋាន​មួយ​នៅ​លើ​កោះ​នោះ ដែល​សម្បូរ​ទៅ​ដោយ​ភ្ញៀវ​ទេសចរ។

ក្រុម​អាជ្ញាធរ​ម៉ាឡេស៊ី ដំបូង​ឡើយ​ បាន​និយាយ​ថា កម្មករ​បរទេស ១៣​នាក់ និង​មេការ​សំណង់​ជន​ជាតិ​ម៉ាឡេស៊ី​ម្នាក់ បាន​កប់​នៅ​ក្រោម​ដី​ភក់​ នៅ​ឯ​ការដ្ឋាន​សំណង់​នោះ។

ប៉ុន្តែ មន្ត្រី​សង្គ្រោះ ត្រូវ​បាន​សារព័ត៌មាន​ម៉ាឡេស៊ី​ដក​ស្រង់​សម្ដី​ចុះ​ផ្សាយ​ថា ចំនួន​មនុស្ស​កប់​នៅ​ក្រោម​ដី មាន ១១​នាក់ ខណៈ​ដែល​កម្មករ ៣​នាក់​ទៀត បាន​រត់​គេច​ផុត​ពី​គ្រោះ​ថ្នាក់​នោះ។

កម្មករ ៣​នាក់​ដែល​គេច​ផុត​ពី​ដី​បាក់​កប់​លើ​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ។

អាជ្ញាធរ​ម៉ាឡេស៊ី​បាន​ឲ្យ​ដឹង​ថា សព​កម្មករ ៧​នាក់ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ ក្នុង​នោះ​មាន​កម្មករ​បង់ក្លាដែស ២​នាក់ ឥណ្ឌូនេស៊ី ២​នាក់ កម្មករ ២​នាក់​មក​ពី​ភូមា និង​ម្នាក់​ទៀត មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ទេ។

កម្មករ​ចំណាក​ស្រុក​ជាច្រើន ត្រូវ​បាន​ជួល​ឲ្យ​ធ្វើការ​នៅ​ក្នុង​ឧស្សាហកម្ម​នានា​ដែល​ប្រើ​ប្រាស់​កម្លាំង​សុទ្ធ និង​ទទួល​បាន​កម្រៃ​ទាប ដូចជា វិស័យ​សំណង់​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ