លោក អាបេ នឹង​ជំរុញ​កំណែ​ទម្រង់​រដ្ឋ​ធម្មនុញ្ញ​សន្តិភាព​និយម ក្រោយ​ឈ្នះ​ការ​បោះ​ឆ្នោត

ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ចុះ​ផ្សាយ​ថា បក្ស​កាន់​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន ហ្ស៊ិនហ្ស៊ូ អាបេ បាន​ទទួល​ជ័យជម្នះ​យ៉ាង​ធំ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​មុន​អាណត្តិ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​នេះ ដែល​នឹង​ផ្ដល់​ឱកាស​ឲ្យ​លោក​ក្លាយ​ទៅ​ជា​នាយករដ្ឋ​មន្ត្រី​កាន់​តំណែង​យូរ​ជាង​គេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ជប៉ុន និង​ជំរុញ​ដល់​ជំហរ​របស់​លោក​ក្នុង​ការ​កែ​ប្រែ​រដ្ឋ​ធម្មនុញ្ញ​សន្តិភាព​និយម​របស់​ប្រទេស​នេះ។

ដោយ​បាន​តាម​ដាន​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ដែល​ប្រកាស​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​នោះ Reuters បាន​រាយការណ៍​ថា ក្រុម​សម្ព័ន្ធ​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​សេរី​របស់​លោក អាបេ ទទួល​បាន​អាសនៈ​សរុប ៣២១ ដែល​ធ្វើ​ឲ្យ​ក្រុម​នេះ​ឈ្នះ​បាន​អាសនៈ ២​ភាគ ៣ ជា​សំឡេង​ភាគ​ច្រើន​ដាច់​ខាត នៅ​ក្នុង​ចំណោម​អាសនៈ​សរុប ៤៦៥ នៅ​ក្នុង​រដ្ឋ​សភា។

ជ័យ​ជម្នះ​ដ៏​ធំ​នេះ បាន​ធានា​ថា លោក អាបេ ដែល​បាន​ចូល​កាន់​តំណែង​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០១២​នោះ នឹង​បន្ត​ដឹកនាំ​ប្រទេស​អាណត្តិ​ទី​៣​មាន​រយៈពេល ៣​ឆ្នាំ ក្នុង​នាម​ជា​មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ​សេរី នៅ​ខែកញ្ញា​ឆ្នាំ​ក្រោយ និង​ក្លាយ​​ជា​នាយករដ្ឋ​មន្ត្រី​ជប៉ុន​កាន់​តំណែង​យូរ​ជាង​គេ។ ជ័យជម្នះ​នេះ ក៏​មាន​ន័យ​ផង​ដែរ​ថា យុទ្ធសាស្ត្រ​កំណើន​សេដ្ឋកិច្ច​របស់​លោក អាបេ ដែល​ផ្ដោត​លើ​គោល​នយោបាយ​បន្ធូរ​បន្ថយ​រូបិយវត្ថុ​នោះ នឹង​នៅ​តែ​បន្ត​ទៅ​មុខ​ទៀត។

លទ្ធផល​ផ្លូវ​ការ​នៃ​ការ​បោះ​ឆ្នោត​ដែល​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​ចំ​ពេល​ដែល​ប្រទេស​ជប៉ុន​រង​ព្យុះ​ទីហ្វុង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នោះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ប្រកាស​ជា​សាធារណៈ​នៅ​ថ្ងៃ​ចន្ទ​នេះ។

ជ័យជម្នះ​របស់​លោក អាបេ នៅ​ក្នុង​ការ​បោះ​ឆ្នោត​នេះ នឹង​ជួយ​ពង្រឹង​គោល​ជំហរ​របស់​លោក ដែល​ប៉ុន​ប៉ង​កែ​ប្រែ​រដ្ឋ​ធម្មនុញ្ញ​ត្រង់​មាត្រា ៩ ដែល​បាន​កំណត់​ឲ្យ​កង​ទ័ព​ជប៉ុន​មាន​តួនាទី​ត្រឹម​ការពារ​ខ្លួន​តែ​ប៉ុណ្ណោះ។ តែ​នោះគឺ​ជា​រដ្ឋ​ធម្មនុញ្ញ​ត្រូវ​បាន​សរសេរ​ឡើង​ដោយ​អាមេរិក នៅ​ក្រោយ​ការ​បញ្ចប់​ទៅ​នៃ​សង្គ្រាម​លោក​លើក​ទី​២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ