ឥណ្ឌូនេស៊ី​ទាមទារ​ឲ្យ​ក្រុង​វ៉ាស៊ីងតោន​​ពន្យល់​ ក្រោយ​មិន​ឲ្យ​ប្រមុខ​កង​ទ័ព​ខ្លួន​ចូល​ទៅ​អាមេរិក

ឥណ្ឌូនេស៊ី​បាន​ព្យាយាម​ស្វែង​រក​ការពន្យល់​ពី​ក្រសួង​ការបរទេស​អាមេរិក បន្ទាប់​ពី​ប្រទេស​នេះ​បាន​បដិសេធ​មិន​ឲ្យ​ប្រមុខ​កង​ទ័ព​ឥណ្ឌូនេស៊ី​ជាន់​ទឹក​ដី​អាមេរិក។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយរបស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដោយ​ដក​ស្រង់​សម្ដី​របស់​មន្ត្រី​យោធាឥណ្ឌូនេស៊ី។

អគ្គ​មេបញ្ជាការ​កង​ទ័ព​ឥណ្ឌូនេស៊ី លោក​ឧត្ដមសេនីយ៍ Gatot Nurmantyo គ្រោង​នឹង​ឡើង​យន្តហោះ​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន នៅ​ពេល​ក្រុមហ៊ុន​អាកាសចរណ៍ បាន​ផ្ដល់​ដំណឹង​ដល់​លោក​ថា ផ្នែក​ការពារ​ព្រំដែន និង​គយ​អាមេរិក បាន​បដិសេធ​មិន​ឲ្យ​រូប​លោក​ជាន់​ទឹក​ដី​អាមេរិក​នោះ​ឡើយ។ នេះ​ដោយ​យោង​តាម​អ្វី​ដែល​អ្នក​នាំ​ពាក្យ​យោធា​ឥណ្ឌូនេស៊ី លោក Wuryanto បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​ហ្សាកាតា។

អ្នក​នាំ​ពាក្យ​រូប​នេះ បាន​និយាយ​ថា អគ្គ​មេ​បញ្ជាការ​យោធា​ឥណ្ឌូនេស៊ី គ្រោង​ធ្វើ​ដំណើរ​ទៅ​អាមេរិក ទៅ​តាម​ការ​អញ្ចើញ​របស់​ឧត្ដមសេនីយ៍ Joseph F Dunford Jr ដែល​ជា​ប្រធាន​សេនាធិការ​ចម្រុះ​កង​ទ័ព​អាមេរិក ដើម្បី​ចូល​រួម​សន្និសីទ​ប្រមុខ​ការពារ​ជាតិ​ស្ដី​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ចលនា​ហឹង្សា​ជ្រុល​និយម ដែល​គ្រោង​រៀបចំ​ធ្វើ​ឡើង​នៅ​ទីក្រុង​វ៉ាស៊ីងតោន។

មន្ត្រី​យោធា​ឥណ្ឌូនេស៊ី ប្រាប់​ថា ពុំ​បាន​ដឹង​ពី​មូលហេតុ​ដែល​អាមេរិក​មិន​ឲ្យ​​ប្រមុខ​កង​ទ័ព​ឥណ្ឌូនេស៊ី​ចូល​ទៅ​កាន់​ប្រទេស​ខ្លួន​នោះ​ឡើយ ហើយ​លោក​បន្ថែម​ថា ប្រមុខ​កង​ទ័ព​ឥណ្ឌូនេស៊ី មិន​​មាន​បញ្ហា​អ្វី​នោះ​ឡើយ​ អំឡុង​ពេល​ធ្វើ​ដំណើរ​ទៅ​អាមេរិក កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​មុន។

រដ្ឋ​មន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ឥណ្ឌូនេស៊ី​បាន​ស្នើ​ទៅ​អាមេរិក ក្រសួង​ការបរទេស​អាមេរិក ព្រម​ទាំង​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ហ្សាកាតា ឲ្យ​បញ្ជាក់​អំពី​បញ្ហា​នេះ ហើយ​រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​នៅ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ