ព្រះ​មហាក្សត្រឡាយ​ព្រះ​ហស្ថលើ​ច្បាប់៤បើ​ក​ផ្លូវ​ឲ្យ​ចែក​កៅអីបក្ស​ប្រឆាំង

សេចក្តីស្នើវិសោធនកម្មច្បាប់​បោះឆ្នោត​ចំនួន​៤​ ដែល​នឹងបើ​ក​ផ្លូវ​ឲ្យដកហូត​​អាសនៈសភារបស់គណបក្សប្រឆាំង ត្រូវ​បាន​ព្រះ​មហាក្សត្រឡាយ​ព្រះ​ហស្ថលេខា​ និងដាក់ឲ្យប្រើប្រាស់យ៉ាងប្រញ៉ាប់ ​នៅ​រសៀលថ្ងៃពុធនេះ បន្ទាប់​ពី​ក្រុម​ប្រឹក្សា​ធម្មនុញ្ញបាន​ពិនិត្យ​និងយល់​ព្រម​។

ច្បាប់​ចំនួន​៤​ ដែល​បើកផ្លូវ​ឲ្យដកហូតអាសនៈបក្សនយោបាយណា ដែលត្រូវរំលាយនោះ​រួម​មាន ច្បាប់​ស្តីពី​ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ច្បាប់ស្តី​ពីការ​បោះ​ឆ្នោត​ជ្រើសតាំងព្រឹទ្ធសភា ច្បាប់​ស្តីពី​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និង​ច្បាប់​ស្តី​ពី​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជ​ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

កាលពី​សប្តាហ៍​មុន​ រដ្ឋសភានិងព្រឹទ្ធសភាកម្ពុជា​ទាំង ​បាន​ប្រជុំ​អនុម័ត​និងសម្រេចយល់ព្រម​យ៉ាងឆាប់រហ័ស ​លើសេចក្តីស្នើកែ​ច្បាប់​ចំនួន៤នេះ ហើយ​ត្រូវ​បាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ឯកភាពទាំងស្រុងកាលពី​ម្សិល​មិញ។

ក្នុង​ព្រះរាជក្រម​ចំនួន៤ ចុះ​ថ្ងៃ​ទី២៥ខែតុលាឆ្នាំ២០១៧នេះ ព្រះមហា​ក្សត្រ​ ​ព្រះ​បាទ​សម្តេចព្រះបរមនាថ​ នរោត្តម ​សីហមុនី បាន​សម្រេច​ឡាយ​ព្រះហស្ថ​លេខា​ និងដាក់​ឲ្យ​ប្រើ​ប្រាស់​​ច្បាប់​បោះឆ្នោតចំនួន​៤​នេះ​ តាម​ការ​បង្គំ​ថ្វាយ​ដោយ​នាយក​រដ្ឋ​មន្ត្រី​។ ហើយ បើតាម​ព្រះ​រាជក្រម ​សេចក្តីស្នើកែច្បាប់ទាំង​៤​នេះ ​ក៏នឹង​ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្តន៍​នៅ​ថ្ងៃ​ទី​២៥ខែតុលានេះតែម្តង​។

វី​អូ​ឌី ​មិន​អាច​ទាក់​ទង​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក សុន ឆ័យ បាន​នៅឡើយ​ទេ​ នៅ​រសៀល​ថ្ងៃ​ទី​២៥តុលា​នេះ។

ចំពោះម​ន្ត្រីផ្នែកច្បាប់នៃអង្គការខុមហ្វ្រែល លោក យឿង សុធារ៉ា ធ្លាប់ប្រាប់​វី​អូ​ឌី​ថា ប្រសិនជា​ច្បាប់​​ទាំង​នោះចូលជាធរមាន ហើយ​គណបក្សសង្រោ្គះជាតិ ត្រូវរំលាយមែន នឹង​ធ្វើ​​ឲ្យ​មាន​ភាព​អយុត្តិធម៌ បាត់ភាពជាតំណាង និងប៉ះពាល់ដល់ពលរដ្ឋរាប់លាននាក់ ដែល​បាន​បោះ​ឆ្នោត​ជូន​បក្សប្រឆាំងមួយនេះ។

ក្នុងសេចក្តីថ្លែងការណ៍មួយ ផ្សាយកាលថ្ងៃទី១២ខែតុលា តំណាងពិសេស​អង្គការ​សហ​ប្រជា​ជាតិ​​ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី រ៉ូណា ស្មីត បានហៅចេតនា ចង់រំលាយ​គណបក្ស​សង្គ្រោះជាតិ ដែលមានអ្នកគាំទ្រជិតពាក់កណ្ដាលប្រទេសនោះថា ជាការប៉ះ​ពាល់​សិទ្ធិ​នយោ​បាយ និង សិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ និងថា ជាការដើរថយក្រោយ នៃអនាគត​លទ្ធិ​ប្រជាធិប​តេយ្យរបស់កម្ពុជា។

ដោយ​ឡែក​ សហរដ្ឋ​អាមេរិក កាល​ពី​​ថ្ងៃ​ទី១​៦ខែតុលា ក៏​បាន​បង្ហាញ​ក្តីបារម្ភ​ចំពោះ​ការ​ អនុម័ត​ការ​ធ្វើវិ​សោ​ធនកម្មច្បាប់ ដើម្បីបែងចែកអាសនៈគណបក្សប្រឆាំង ដោយ​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិនិត្យឡើង​វិញ​ពី​​ទង្វើ​រនេះ។

ទាក់ទងនឹងរឿងនេះដែរ​ នៅក្នុងកិច្ចប្រជុំមួយនៅឯទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី កាលពី​ទី១៨ខែតុលា និង នៅ​ចំពោះ​មុខសហភាពអន្តរសភា (IPU) ដែល​មាន​សមាជិ​ក​មក​ពី​ប្រទេស១៧៣​ប្រទេស​ តំណាង​កម្ពុជា ​​ថា លោក​ មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ ពីការធ្វើវិសោធនកម្មច្បាប់ ដើម្បី​រំលាយ​គណបក្សនយោបាយ​ ដែលមានអាសនៈ​នៅក្នុងសភា​នោះ​ទេ ខណៈអ្នក​នាំពាក្យ​គណបក្ស​ប្រជា​ជន​ថ្លែង​ថា ពិភព​លោក​​គ្មាន​ស្តង់​ដារ​រួមនៃ​ប្រជាធិបតេយ្យ​នោះ​ទេ ហើយ​ការ​អនុវត្តន៍នៅ​កម្ពុជា ​ជា​ការអនុវត្តន៍​ប្រជា​ធិបតេយ្យ​របស់ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ