អ្នក​វិទ្យាសាស្ត្រ​ចិន​ប្រើ​ហ្សែន​កណ្ដុរ​បង្កាត់​ពូជ​ជ្រូក​ថ្មី​កាត់​បន្ថយ​សារធាតុ​ខ្លាញ់

ក្រុម​អ្នក​វិទ្យាសាស្ត្រ​ចិន បាន​ប្រើ​ប្រាស់​វិស្វកម្ម​ហ្សែន​ដើម្បី​ចិញ្ចឹម​ជ្រូក​បែប​ថ្មី ដោយ​ជ្រូក​បង្កាត់​នេះ មាន​កម្រិត​ភាព​ធាតុ​តិច​ជាង ២៤​ភាគរយ បើធៀប​នឹង​ជ្រូក​ធម្មតា។ នេះដោយ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន Channel News Asia។

សារព័ត៌មាន​នេះ​ចុះ​ផ្សាយ​បន្ត​ថា វិស្វកម្ម​ហ្សែន​នេះ មាន​សារៈ​សំខាន់​ក្នុង​ការ​ជួយ​ដល់​កសិករ​ឲ្យ​សន្សំ​សំចៃ​ធន​ធាន​ខ្ពស់​នៅ​ក្នុង​ការ​ចិញ្ចឹម​ជ្រូក។

វិស្វកម្ម​ហ្សែន​នេះ ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​អត្ថបទ​ស្រាវ​ជ្រាវ​មួយ​បោះ​ពុម្ព​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា នៅ​លើ​​ព្រឹត្តិបត្រ​បណ្ឌិត​សភា​វិទ្យាសាស្ត្រ​ជាតិ។

នៅ​ក្នុង​សំណេរ​ស្រាវ​ជ្រាវ​នោះ ក្រុម​អ្នក​វិទ្យាសាស្ត្រ​ចិន បាន​និយាយ​ថា ជ្រូក​សម័យ​ទំនើប​ខ្វះ​ហ្សែន​ម្យ៉ាង​ហៅ​ថា UCP1 ជា​ប្រភេទ​ហ្សែន​មាន​នៅ​ក្នុង​សត្វ​ជាច្រើន​ដែល​​ចិញ្ចឹម​កូន​ដោយ​ទឹក​ដោះ។ កង្វះ​ហ្សែន​ប្រភេទ​នេះ ធ្វើ​ឲ្យ​ជ្រូក​ងាយ​នឹង​ឆាប់​ធាត់។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​ចិន បាន​ចាក់​បញ្ចូល​ហ្សែន​កណ្ដុរ​ទៅ​ក្នុង​កោសិកា​ជ្រូក ហើយ​បន្ទាប់​មក​ប្រើ​ប្រាស់​កោសិកា​ទាំង​នោះ​បង្កើត​ជា​អំប្រ៊ីយ៉ុង​ជ្រូក​បង្កាត់​ចំនួន ២៥៥៣ ដែល​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ចាក់​វា​បញ្ចូល​ក្នុង​ខខ្លួន​មេ​ជ្រូក។ មេ​ជ្រូក ៣​ក្បាល បាន​ផើម និង​បង្កើត​បាន​កូនជ្រូក ១២​ក្បាល។

របាយការណ៍​ស្រាវ​ជ្រាវ​និយាយ​ថា នៅ​ពេល​កូន​ជ្រូក​នោះ​អាយុ​បាន ៦​ខែ ជ្រូក​នោះ​ត្រូវបាន​គេ​កាប់​សាច់​យក​ទៅ​ត្រួត​ពិនិត្យ ហើយ​រក​ឃើញ​ថា សរីរាង្គ និង​សាច់​ជ្រូក​ទាំង​នោះ មាន​លក្ខណៈ​ធម្មតា។ ជ្រូក​ឈ្មោល​មួយ​ក្បាល ត្រូវ​បាន​គេ​រាយការណ៍​ថា អាច​បន្ត​ពូជ​បាន​ធម្មតា។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​និយាយ​ក្នុង​របាយការណ៍​ស្រាវ​ជ្រាវ​នោះ​ថា ជ្រូក​ទាំង​នោះ បង្ហាញ​នូវ​សមត្ថភាព​កាន់​តែ​ប្រសើរ​ក្នុង​ការ​រក្សា​កម្ដៅ​ក្នុង​ខ្លួន បញ្ចុះ​សារធាតុ​ខ្លាញ់​ក្នុង​ខ្លួន និង​បង្កើន​​ភាគ​រយ​សាច់​ជ្រូក។

របាយការណ៍​នោះ​បាន​និយាយ​ថា ការ​ស្រាវ​ជ្រាវ​នេះ អាច​ជា​ធន​ធាន​ដ៏​តម្លៃ​សម្រាប់​ផលិតកម្ម​កសិកម្ម​ផ្នែក​ចិញ្ចឹម​សត្វ​ជ្រូក និង​កាត់​បន្ថយ​ការ​ខាត​បង់​ថវិកា៕

ប្រធាន​ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៃ​វិទ្យាស្ថាន​ឧទ្យានវិទ្យា​នៅ​បណ្ឌិត​សភា​វិទ្យាសាស្ត្រ​ចិន​ក្នុងទីក្រុង​ប៉េកាំង លោក ចាវ ជៀនកួ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​ថា៖ «នេះ​គឺ​ជា​បញ្ហា​ធំ​សម្រាប់​ឧស្សាហកម្ម​ជ្រូក… ជ្រូក​អាច​រក្សា​កម្ដៅ​ក្នុង​ខ្លួន​​​កាន់​តែ​ល្អ​ច្រើន ដែល​មាន​ន័យ​ថា ជ្រូក​អាច​សម្រប​ខ្លួន​បាន​កាន់​តែ​ប្រសើរ​នៅ​ក្នុង​សីតុណ្ហភាព​ត្រជាក់»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ