រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis កាលពីថ្ងៃម្សិលមិញនេះ បានកោតសរសើរយោធាហ្វីលីពីន ដែលបានរក្សាសិទ្ធិមនុស្ស នៅអំឡុងសង្គ្រាមរយៈពេល ៥ខែ ប្រឆាំងនឹងពួកបះបោរមានទំនោរទៅរកក្រុមភេរវកម្មរដ្ឋឥស្លាម នៅភាគខាងត្បូងប្រទេសនេះ។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
ប្រមុខការពារជាតិហ្វីលីពីន បានប្រកាសកាលពីថ្ងៃចន្ទកន្លងមកនូវការបញ្ចប់ទៅនៃសង្គ្រាមដ៏យូរនៅទីក្រុងម៉ារ៉ាវី ជាទីដែលកងទ័ពហ្វីលីពីនប្រយុទ្ធបណ្ដេញចេញពួកបះបោរ ដែលបានវាយប្រហារលើទីក្រុងនេះ ហើយរដ្ឋាភិបាលហ្វីលីពីនថា ពួកបះបោរប៉ុនប៉ងដណ្ដើមយកទីក្រុងនេះ ដើម្បីបង្កើតទៅជាមូលដ្ឋានរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍។
លោក Mattis ដែលកំពុងស្ថិតនៅក្នុងប្រទេសហ្វីលីពីនដើម្បីចូលរួមកិច្ចប្រជុំសន្តិសុខថ្នាក់តំបន់នោះ បានកោតសរសើរដល់កងទ័ពហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកយូរអង្វែងមកហើយនោះ៕