ក្រុមហ៊ុន​ឯកជន​ជាង​១៥០០​ចាក​ចេញ​ពី​តំបន់​កាតាឡូណាជុំ​វិញ​បញ្ហា​​ឯករាជ្យ​តំបន់​នេះ

ក្រុមហ៊ុន​ជាង ១៥០០​នាក់ បាន​សម្រេច​ចាក​ចេញ​ពី​តំបន់​កាតាឡូណា នៅ​ភាគ​ឦសាន​​ប្រទេស​អេស្ប៉ាញ ចំពេល​មាន​ក្ដី​បារម្ភ​អំពី​ការ​ប្រកាស​ឯករាជ្យ​របស់​តំបន់​នេះ​ផ្ដាច់​ចេញ​ពី​ប្រទេស​អេស្ប៉ាញ។ នេះ​ដោយ​យោង​តាម​សេចក្ដី​រាយការណ៍​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន​ស៊ិនហួរ​។

ដោយ​បាន​ដក​ស្រង់​សម្ដី​មន្ត្រី​នៅមន្ត្រី​ចុះ​បញ្ជី​ក្រុមហ៊ុន​នៅ​អេស្ប៉ាញ ទីភ្នាក់ងារ​ព័ត៌មាន​នេះ បាន​រាយការណ៍​បន្ត​ថា នៅ​ចន្លោះ​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​២៤ ខែ​តុលា​នេះ ក្រុមហ៊ុន​ឯកជន​សរុប ១៥០១​ស្ថាប័ន​ បាន​សម្រេច​ចិត្ត​ចាក​ចេញ​ពី​តំបន់​កាតាឡូណា ហើយ​គ្រាន់​តែ​ថ្ងៃ​ពុធ​ម្សិល​មិញ​នេះ ក្រុមហ៊ុន​ឯកជន ១០៧​ស្ថាប័ន បាន​សម្រេច​ផ្លាស់​ប្ដូរ​ការិយាល័យ​របស់​ខ្លួន​ទៅ​កន្លែង​ផ្សេង ចាក​ចេញ​ពី​តំបន់​កាតាឡូណា។

ការ​សម្រេច​បែប​នេះ​របស់​បណ្ដា​ក្រុមហ៊ុន​​ទាំង​នោះ បាន​កើត​ក្រោយ​ពី​រដ្ឋាភិបាល​តំបន់​កាតាឡូណា បាន​រៀបចំ​ការ​បោះ​ឆ្នោត​ប្រជា​មតិ​កាល​ពី​ថ្ងៃ​ទី​០១ ខែ​តុលា និង​បាន​ប្រកាស​ឯករាជ្យ​តំបន់​នេះ ចាក​ចេញ​ពី​ប្រទេស​អេស្ប៉ាញ។

ការ​បោះ​ឆ្នោត​ប្រជា​មតិ​នោះ ត្រូវ​បាន​តុលាការ​ធម្មនុញ្ញ​អេស្ប៉ាញ​ចាត់​ទុក​ជា​ការ​បោះ​ឆ្នោត​ដោយ​ខុស​ច្បាប់ ដោយ​ថា បាន​រំលោភ​លើ​រដ្ឋ​ធម្មនុញ្ញ​ប្រទេស។

ក្រោយ​ពី​ការ​បោះ​ឆ្នោត​ប្រជា​មតិ​ហើយ រដ្ឋាភិបាល​ក្រុង​ម៉ាឌ្រីត បាន​អនុម័ត​ច្បាប់​មួយ ដែល​ធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ដល់​ក្រុមហ៊ុន​ឯកជន ក្នុង​ការ​ចាក​ចេញ​ពី​តំបន់​កាតាឡូណា ហើយ​ផ្លាស់​ប្ដូរ​ការិយាល័យ​របស់​ពួកគេ​ទៅ​កន្លែង​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ