មេធាវី​ថា តុលាការ​ចេញ​ដី​កា​ចាប់​ខ្លួន​អតីត​នាយករដ្ឋ​មន្ត្រី​ប៉ាគីស្ថាន​លោក ហ្សារីហ្វ

តុលាការ​ប្រទេស​ប៉ាគីស្ថាន នៅ​ថ្ងៃ​នេះ បាន​ចេញ​ដីការ​ចាប់​ខ្លួន​អតីត​នាយករដ្ឋមន្ត្រី​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​តំណែង លោក ណាវ៉ាស់ ហ្សារីហ្វ ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ ២​ករណី ដែលត្រូវ​បាន​លេច​ធ្លាយ​នៅ​លើ​កាសែត​ប៉ាណាម៉ា។ នេះ​ដោយ​យោង​តាមសេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដែល​បាន​ដក​ស្រង់​សម្ដី​មេធាវី​ការពារ​ក្ដី​ឲ្យ​អតីត​នាយករដ្ឋ​មន្ត្រី​រូប​នេះ។

លោក ហ្សារីហ្វ សព្វថ្ងៃ​នេះ កំពុង​រស់នៅ​ក្នុង​ទីក្រុង​ឡុងដ៍​ជាមួយ​ភរិយា​របស់​លោក​គឺ​អ្នកស្រី កាលស៊ុម ខណៈ​ដែល​អ្នកស្រី​ស្ថិត​ក្រោម​ការ​ព្យាបាល​ជំងឺ​មហារីក ហើយ​លោក ហ្សារីហ្វ នៅ​មិន​ទាន់​បាន​វិល​ត្រឡប់​ទៅ​ប្រទេស​ប៉ាគីស្ថាន​វិញ​នៅ​ឡើយ​ទេ ចាប់​តាំង​ពី​លោក​ត្រូវ​បាន​ចោទ​ប្រកាន់​នៅ​ក្នុង​សំណុំ​រឿង​ពុក​រលួយ​នៅ​ដើម​ខែ​នេះ។

លោក ហ្សាហ្វៀរ ខាន់ មេធាវី​ម្នាក់​ក្នុង​ចំណោមេធាវី​ការពារ​ក្ដី​ឲ្យ​លោក ហ្សារីហ្វ បាន​ប្រាប់​ថា តុលាការ​បាន​ចេញ​ដី​ការ​ចាប់​ខ្លួន​អតីត​នាយករដ្ឋ​មន្ត្រី​រូប​នេះ​នៅ​ថ្ងៃ​នេះ នៅ​ក្នុងសំណុំ​រឿង​ពុក​រលួយ ២​ករណី ហើយ​គ្រោង​ជម្រះ​ក្ដី​រហូត​ដល់​ថ្ងៃ​ទី​០៣ ខែ​វិច្ឆិកា។

កាល​ពី​ចុង​ខែ​កក្កដា​កន្លង​មក តុលាការ​កំពូល​បាន​បណ្ដេញ​លោក ហ្សារីហ្វ ពី​តំណែង បន្ទាប់​ពី​មាន​ការ​ស៊ើប​អង្កេត​ទៅ​លើ​ការ​ចោទ​ប្រកាន់​អំពី​អំពើ​ពុក​រលួយ​ប្រឆាំង​នឹង​គ្រួសារ​របស់​លោក ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​នាយករដ្ឋ​មន្ត្រី​ប៉ាគីស្ថាន​ទី ១៥ ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​តំណែង​នៅ​មុន​បញ្ចប់​អាណត្តិ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​រយៈ​ពេល ៧០​ឆ្នាំ​របស់​ប្រទេស​នេះ។

ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​លោក ហ្សារីហ្វ កើត​ចេញ​ពី​ព័ត៌មាន​លេច​ធ្លាយ​នៅ​លើ​កាសែត​ប៉ាណាម៉ា​កាលពី​ឆ្នាំ​មុន ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្ដោត​ទៅ​លើ​ជីវិត​ដ៏​ហ៊ឺហា និង​ការ​កាន់​កាប់​អចលន​ទ្រព្យ​ធំៗ​នៅ​ទីក្រុង​ឡុងដ៍​ពី​សំណាក់​គ្រួសារ​របស់​លោក។

លោក ហ្សារីហ្វ ត្រូវ​បាន​បណ្ដេញចេញ​ពី​តំណែង​​នៅ​ក្នុង​អាណត្តិ​ដំបូង​របស់​លោក​នៅ​ឆ្នាំ​១៩៩៣​ ជុំ​វិញ​ការ​ចោទ​ប្រកាន់​ពី​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ហើយ​បន្ទាប់​នៅ​​ឆ្នាំ​១៩៩៩ លោក​ត្រូវ​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​គុក​មួយ​ជីវិត បន្ទាប់​ពី​លោក​អាណត្តិ​ទី​ពីររបស់​​លោក ត្រូវ​បាន​ពួក​យោធា​បញ្ចប់។

ក្រោយ​រដ្ឋ​ប្រហារ​ពី​ពួក​យោធា លោក ហ្សារីហ្វ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​រស់​នៅ​និរទេស​ខ្លួន​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ហើយ​ត្រឡប់​ទៅ​ប្រទេស​ប៉ាគីស្ថាន​វិញ​នៅ​ឆ្នាំ​២០០៧ មុន​នឹង​ក្លាយ​ជា​នាយករដ្ឋ​មន្ត្រី​អាណត្តិ​ទី​៣ នៅ​ឆ្នាំ​២០១៣៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ