ព្រឺទ្ធសភាអេស្ប៉ាញបានបើកការពិភាក្សាលើគម្រោងមួយដែលផ្តល់សិទ្ធិឲ្យរដ្ឋាភិបាលនៃទីក្រុងម៉ាឌ្រីត អាចប្រើកម្លាំងដើម្បីគ្រប់គ្រងដែនដីស្វ័យយ័តកាតាឡូណា ស្របពេលដែលតំបន់នេះកំពុងតែមានវិបត្តិរាលដាលចលនាឆ្ពោះរកការប្រកាសឯករាជ្យ។
នៅដើមខែតុលានេះ រដ្ឋបាលគ្រប់គ្រងដែនដីស្វ័យយ័តកាតាឡូណា បានធ្វើការបោះឆ្នោតប្រជាមតិ ដើម្បីដាក់ដែនដីនេះជារដ្ឋឯករាជ្យផ្តាច់ខ្លួនចេញពីការគ្រប់គ្រងរបស់រដ្ឋាភិបាលអេស្ប៉ាញ។
ចំណែកការបោះឆ្នោតរបស់ព្រឹទ្ធសភាអេស្ប៉ាញឲ្យប្រើប្រាស់សម្ពាធក្នុងស្ថានភាពប្រកាសអាសន្ននេះ គឺរំពឹងថា រដ្ឋាភិបាលកណ្តាលនឹងអាចគ្រប់គ្រងដែនដីស្វ័យយ័តនេះបានពេញលេញ។ នេះបើតាមសារព័ត៌មាន BBC។
ការបោះឆ្នោតធ្វើប្រជាមតិកាលពីដើមខែនេះ រដ្ឋាភិបាលកាតាឡូណាថ្លែងថា មានប្រជាពលរដ្ឋចូលរួម៤៣% ហើយក្នុងនោះ ៩០% បង្ហាញជំហរចង់ឲ្យមានការប្រកាសទៅជារដ្ឋឯករាជ្យ។
ទោះយ៉ាងណារដ្ឋាភិបាលនៃប្រទេសអេស្ប៉ាញចោទថា ការធ្វើសកម្មភាពរបស់រដ្ឋបាលដែនដីកាតាឡូណានេះ គឺផ្ទុយពីខ្លឹមសារនៃរដ្ឋធម្មនុញ្ញ ។ រដ្ឋធម្មនុញ្ញមាត្រា ១៥៥នៃប្រទេសនេះ ក៏បានផ្តល់សិទ្ធិក្នុងការប្រើប្រាស់កម្លាំងដើម្បីដោះស្រាយបើសិនជារដ្ឋស្វ័យយ័តកើតមានវិបត្តិនោះ៕