អាមេរិកជំរុញជាថ្មីឲ្យមីយ៉ាន់ម៉ាពន្លឿនដោះស្រាយវិបត្តិជនជាតិរ៉ូហ៊ីងយ៉ា

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកកាលពីម្សិលមិញ​ជំរុញឲ្យមេបញ្ជាការយោធា មីយ៉ាន់ម៉ា ជួយដោះស្រាយបញ្ជប់អំពើហិង្សាលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ានៅក្នុងរដ្ឋរ៉ាឃីន។​

ការជំរុញនេះធ្វើឡើងតាមទូរសព្ទក្នុងពេលសន្ទនារវាងរដ្ឋមន្ត្រីការបរទេសអាមេរិ​ក​លោក រិច ធាឡឺសិន​ និង​ មេបញ្ជាការយោធា មីយ៉ាន់ម៉ា លោក មីង អ៊ុងឡាំងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។​ នេះបើតាមសារព័ត៌មាន​ South China Morning Post។​

អាមេរិកស្នើឲ្យយោធាគាំទ្រដល់រដ្ឋាភិបាលមីយ៉ាន់ម៉ាក្នុងការស្វែងរកដំណោះស្រាយបញ្ឈប់អំពើហិង្សាលើជនជាតិ​រ៉ូហ៊ីងយ៉ា និង ធានាពីសុវត្ថិភាពដល់អ្នកទាំងនោះ ក្នុងការវិលត្រលប់ចូលភូមិដ្ឋានរបស់ពួកគេវិញដោយមិនមានការភ័យខ្លាច។

ជំរុញរបស់លោក រិច ធាឡឺសិននេះ ធ្វើឡើងក្នុងពេលដែលលោក​ធ្វើដំណើរទស្សនកិច្ចនៅក្នុងប្រទេសឥណ្ឌា ជាប្រទេសដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសមីយ៉ាន់ម៉ា។​

ហិង្សាដែលផ្ទុះឡើងកាលពីខែសីហាកន្លងទៅ គឺយោធាមីយ៉ាន់បើកការបង្ក្រាបលើជនជាតិភាគតិច បណ្តាលឲ្យ ជនជាតិ​រ៉ូហ៊ីងយ៉ាកាន់សាសនា ឥស្លាមទាំងនេះ ជាង ៦០០ ០០០នាក់ រត់គេចចេញពីប្រទេសមីយ៉ាន់ម៉ាឆ្លងដែនចូលក្នុងប្រទេសបង់ក្លាដេស។ របាយការពីអង្គការសិទ្ធិមនុស្សបង្ហាញបន្តបន្ទាប់ថា យោធាបានបាញ់សម្លាប់ ធ្វើទារុញកម្ម ដុតផ្ទះ និង រំលោភផ្លូវភេទលើស្ត្រី និង កុមារផងដែរ។

ទោះយ៉ាងណា របាយការណ៍ចោទប្រកាន់ទាំងនេះ គឺយោធាមីយ៉ាន់ម៉ាបានច្រានចោលជាញឹកញាប់ថា ពួកគេវាយបង្ក្រាបនេះ គឺផ្តោតតែលើក្រុមឧទ្ធាមមិនបានសំដៅលើជនស៊ីវិលនោះទេ ។​ យោធាមីយ៉ាន់ម៉ា លើកឡើងថា ដំបូងឡើយក្រុមបះបោរជនជាតិរ៉ូហ៊ីយ៉ាបានបើកការវាយប្រហារលើប៉ុស្តិ៍នគរបាលរបស់យោធា ទើបមានការវាយបកត្រលប់វិញ។​

កាលពីដើមសប្តាហ៍នេះ សហរដ្ឋអាមេរិកបានប្រកាសដកជំនួយផ្នែកយោធាពីមីយ៉ាន់ម៉ាដោយចោទថា យោធាបានប្រព្រឹត្តអំពើឃោរឃៅជនជាតិភាគតិច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ