អង្គការមួយដែលលេចធ្លោលើការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា បានបដិសេធទៅនឹងការចោទប្រកាន់ពីរដ្ឋាភិបាលកម្ពុជា ដែលបានភ្ជាប់ខ្លួនទៅនឹង«បដិវត្ដពណ៌»។
នៅក្នុងវីដេអូ «តើកម្ពុជាពិតជាកើតមានបដិវត្តន៍តាមគំរូបដិវត្តន៍នៅតាមបណ្ដាប្រទេសនៅក្នុងពិភពលោកមែនឬទេ?» ដែលចេញផ្សាយកាលពីថ្ងៃទី២៣ ខែតុលានេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សរបស់រដ្ឋាភិបាល បានលើកឡើងថា សកម្មភាពសង្កេតការណ៍បោះឆ្នោតរបស់ខុមហ្វ្រែល បានបម្រើដល់គណបក្សនយោបាយមួយ។
ក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃម្សិលមិញនេះ ខុមហ្វ្រែលបានសំដែងការខកចិត្តចំពោះការផ្សព្វផ្សាយនេះ ដោយថាជាការចោទដែលផ្សារភ្ជាប់ទៅនឹងសកម្មភាពបែបនយោបាយ ហើយខុមហ្វ្រែលបានបដិសេធ និងបញ្ជាក់ជាថ្មីថា ខ្លួន ជាអង្គការសង្គមស៊ីវិលក្រៅរដ្ឋាភិបាល និងមិនបម្រើគណបក្សនយោបាយណាមួយឡើយ។
ខុមហ្វ្រែលបានអះអាងបន្តថា សកម្មភាពសង្កេតការណ៍បោះឆ្នោតរបស់អង្គការខុមហ្វ្រែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតតាំងពីឆ្នាំ១៩៩៨មក។
ខុមហ្វ្រែល បានស្ថិតនៅក្នុងចំណោមអង្គការសង្គមស៊ីវិលជាង ៣០០ស្ថាប័នទៀត ដែលត្រូវបានរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទថា កំពុងធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាល និងរុញឲ្យមានចលនាបដិវត្តន៍ពណ៌កើតឡើងក្នុងបំណងផ្ដួលរំលំរដ្ឋាភិបាល៕