អាមេរិក​ទីបំផុត​បញ្ចេញ​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​រុស្ស៊ី​ជាប់​ទណ្ឌកម្ម

ស្ថិត​នៅ​ក្រោម​សម្ពាធ​ពី​សភា រដ្ឋបាល​ប្រធានាធិបតី លោក ដូណាល់ ត្រាំ បាន​ចេញ​ផ្សាយ​យ៉ាង​យឺត​យ៉ាវ​នូវ​បញ្ជ​ឈ្មោះ​ក្រុមហ៊ុន និង​ទីភ្នាក់ងារ​រុស្ស៊ី កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​ត្រូវ​អនុវត្ត​តាម​ច្បាប់​ទណ្ឌកម្ម​ថ្មី។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

លោក ត្រាំ បាន​ជំទាស់​នឹង​ច្បាប់​នេះ ដែល​បាន​រឹត​ត្បិត​លើ​អំណាច​របស់​លោក ក្នុង​ការ​បន្ធូ​បន្ថយ​វិធាន​ទណ្ឌកម្ម​ដាក់​លើ​ប្រទេស​រុស្ស៊ី ចំពោះ​តួនាទី​របស់​ប្រទេស​នេះ​បាន​លូក​លាន់​ចូល​ប្រទេស​អ៊ុយក្រែន និង​ត្រូវ​បាន​គេ​ចោទ​ថា បាន​លូក​លាន់​ក្នុង​នយោបាយ​អាមេរិក​ទៀត។

ប៉ុន្តែ លោក ត្រាំ បាន​ចុះ​ហត្ថលេខា​ទាំង​រំគាស់​ចិត្ត​ទៅ​លើ​ «ច្បាប់​ប្រឆាំង​នឹង​ជន​ប្រឆាំង​អាមេរិក​តាម​រយៈ​ពេល​ទណ្ឌកម្ម» កាល​ពី​ខែ​សីហា​កន្លង​មក បន្ទាប់​ពី​ក្រុម​សមាជិក​សភា បាន​អនុម័ត​ច្បាប់​នេះ ដោយ​មាន​ការ​ជំទាស់​ច្រើន។

ស្ថិត​នៅ​ក្រោម​ច្បាប់​នេះ ក្រសួង​ការបរទេស​អាមេរិក​មាន​កាតព្វកិច្ច​បង្ហាញ​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​មាន​ទំនាក់​ទំនង​នឹង​យោធា​ និង​ទីភ្នាក់ងារ​ចារកម្ម​រុស្ស៊ី នៅ​ក្នុង​រយៈ​ពេល ៦០​ថ្ងៃ។

ទីបំផុត កាល​ពី​ថ្ងៃ​ព្រសហ្បតិ៍​កន្លង​មក​នេះ ក្រសួង​ការ​បរទេស​បាន​បញ្ជូន​បញ្ជី​ឈ្មោះ​ទៅ​សភា ដោយ​យឺត​យ៉ាវដល់​ទៅ ២៥​ថ្ងៃ​ឯណោះ ហើយ​ក្រសួង​បាន​ផ្សព្វផ្សាយ​បញ្ជី​ឈ្មោះ​នោះ​នៅ​លើ​វេបសាយ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

ក្រុមហ៊ុន​ដែល​ជាប់​ក្នុង​បញ្ជី​ទណ្ឌកម្ម​នោះ សុទ្ធ​តែ​ជា​ក្រុមហ៊ុន​ដែល​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​នាំ​ចេញ​សព្វាវុធ​របស់​រុស្ស៊ី ដូចជា​ក្រុមហ៊ុន​ផ្គត់​ផ្គង់​សម្ភារៈ​សឹក និង​រថយន្ត Rosoboronexport និង​ក្រុមហ៊ុន Kalashnikov ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ