តើលោកស្រី យីងឡាក់ គេចពីប្រទេសថៃបានដោយរបៀបណា?

អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ វ័យ៥០ឆ្នាំ បានគេចចេញពីប្រទេស កាលពីចុងខែសីហា ដើម្បីគេចចេញពីទោសទណ្ឌនៃ​អំណាចសាលដីការបស់តុលាការកំពូលនៃប្រទេសនេះ។​

តុលាការកំពូលរបស់ថៃគ្រោងប្រកាសសេចក្តីសម្រេចលើនាយករដ្ឋមន្ត្រីរូបនេះនៅថ្ងៃទី២៥ខែសីហា ប៉ុន្តែដោយសារមានការផ្សព្វផ្សាយថា លោកស្រីបានគេចខ្លួនចេញទៅក្រៅប្រទេសនៅថ្ងៃទី២៣ខែសីហា ទើបតុលាការសម្រេចលើកពេលប្រកាសសាលដីកាទៅថ្ងៃទី២៧ខែកញ្ញា ហើយតុលាការក៏បានចេញដីកាចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រីដែលមានប្រជាប្រិយភាពនោះ។​

ក្រោយពេលមានព័ត៌មានថា លោកស្រី យីងឡាក់ រត់គេចចេញពីប្រទេសនោះ មេដឹកនាំយោធាលោក ប្រាយុទ្ធ ចាន់អូចា ប្រកាសឲ្យមានការរឹតបន្តឹងតាមច្រកព្រំដែន និងស្វែងរកចាប់ខ្លួនលោកស្រី យីងឡាក់ ឲ្យទាល់តែបាន។​

រហូតដល់ថ្ងៃទី២៧ខែកញ្ញា នៅតែរក លោកស្រី យីងឡាក់ មិនឃើញ តុលាកាកំពូលប្រកាសសាលដីកាកំបាំងមុខឲ្យអតីតមេដឹកនាំរូបនេះជាប់ពន្ធនាគារ៥ឆ្នាំ ពីបទធ្វេសប្រហែសក្នុងគម្រោងទិញស្រូវពីពលរដ្ឋ ធ្វើឲ្យបាត់បង់លុយរដ្ឋអស់ប្រមា​ណ៨ពាន់លានដុល្លារ។​

ថ្ងៃបន្តបន្ទាប់ទៀត មន្ត្រីថៃចេញមុខបកស្រាយខុសៗគ្នា គឺក្រុមមួយថា លោកស្រី យីងឡាក់ រត់ចេញពីកម្ពុជាតាមខេត្តត្រាត ចូលខេត្តកោះកុងរបស់កម្ពុជា បន្តចេញទៅសិង្ហបុរី រួចបន្តទៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់។ ក្រុមមួយទៀតថា លោកស្រី យីងឡាក់ រត់ចេញតាមខេត្តស្រះកែវ ចូលខេត្តបន្ទាយមានជ័យរបស់កម្ពុជា។​

ចំណែកមន្ត្រីរបស់ថៃមួយក្រុមទៀតថា លោកស្រី យីងឡាក់ បានជិះយន្តហោះឯកជនទៅកាន់ប្រទេសសិង្ហបុរី រួចបន្តទៅប្រទេសអារ៉ាប់។​

រហូតដល់ដើមខែវិច្ឆិកា គេនៅមិនទាន់ដឹងថា លោកស្រី យីងឡាក់ នៅទីណាឲ្យពិតប្រាកដនៅឡើយ លោកស្រីក៏មិនបាននិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយណាមួយដែរ តែសារព័ត៌មាន​ CNN ធ្លាប់មានការចុះផ្សាយថា លោកស្រីកំពុងស្វែងរកសិទ្ធិជ្រកកោណនៅក្នុងប្រទេសអង់គ្លេស។​

ទោះជាមិនទាន់ដឹងច្បាស់ថា លោកស្រី យីងឡាក់ នៅទីណាឲ្យពិតប្រាកដកក៏ដោយ តែព័ត៌មានពីរដ្ឋាភិបាលថៃ និងប្រភពនានាបញ្ជាក់ថា លោកស្រី យីងឡាក់ បានចាកចេញពីប្រទេសថៃហើយ។​

មានការចោទសួរថា លោកស្រី យីងឡាក់ គេចចេញពីប្រទេសនេះ ដោយសាររដ្ឋាភិបាលយោធារបស់លោក ​ប្រាយុទ្ធ មិនមានសមត្ថភាពទប់ស្កាត់ ឬពួកយោធាបើកដៃឲ្យចាកចេញពីប្រទេសដើម្បីបន្ធូរកម្តៅនយោបាយ។​

សន្តិសុខផ្ទៃក្នុងថៃ

ថៃគឺជាប្រទេសដែលមានកម្លាំងនគរបាលប្រមាណ​២២ម៉ឺននាក់ ចំណែកកម្លាំងយោធាមានជាង៣០ម៉ឺននាក់។ ជាប្រទេសដែលមានការរឹតបន្តឹងសន្តិសុខសណ្តាប់ធ្លាប់ខ្លាំងទាំងក្នុងប្រទេសនិងនៅតាមបណ្តោយព្រំដែន។​ ចំពោះការចាកចេញនិងចូលក្នុងប្រទេសថៃ មានការរឹតបន្តឹងខ្លាំង ទាំងការធ្វើដំណើរតាមផ្លូវអាកាស ផ្លូវទឹក ឬ ផ្លូវគោក។

មេដឹកនាំយោធាថៃ លោក ប្រាយុទ្ធ ថ្លែងថា លោកមានចារកម្មតាមដានដឹងថា លោកស្រី យីងឡាក់ នៅទីណា។ ចំណុចនេះគេចោទសួរថា ពួកយោធាថៃហាក់ដឹងច្បាស់ពីស្ថានភាពរបស់លោកស្រី យីងឡាក់ តែហេតុអ្វីមិនចាប់។

លោកស្រី យីងឡាក់ មានលិខិត្តឆ្លងដែនចំនួន៤

លោកស្រី យីងឡាក់ កាន់លិខិតឆ្លងដែនចំនួន​៤ គឺលិខិតឆ្លងដែនធម្មតាចំនួន​២ និងលិខិតឆ្លងដែន​ផ្នែកកាទូតចំនួន​២។ ចំណុចនេះបើពួកយោធាចង់ហាមលោកស្រីចាកចេញពីប្រទេស ប្រាកដជា​ដកហូតយកលិខិតឆ្លងដែនទាំងនេះ ប៉ុន្តែផ្ទុយទៅវិញលិខិតឆ្លងដែននោះទុកឲ្យ លោកស្រី យីងឡាក់ ប្រើប្រាស់រហូតដល់ចុងខែតុលា ទើបដកហូត។​​

រដ្ឋមន្ត្រីក្រសួងការបរទេសថៃលោក Don Pramudwinai ថ្លែងកាលពីថ្ងៃទី៣១ខែតុលាថា លិខិតឆ្លងដែនទាំង៤របស់លោកស្រី យីងឡាក់ ត្រូវលុបចោលសុពលភាពនៃការប្រើប្រាស់ហើយ។​

ស្ថានភាពនយោបាយផ្ទៃក្នុង

លទ្ធផលបោះឆ្នោតកាលពីឆ្នាំ២០១១បង្ហាញថា គណបក្សភឿថៃ របស់លោកស្រី យីងឡាក់ ទទួលបានការគាំទ្រខ្លាំង មានសំឡេងគាំទ្រជិត១៧លានសំឡេង ស្មើនឹង២៦៥អាសនៈ ចំណែកគណបក្សប្រជាធិបតេយ្យរបស់លោក អាប់ហ្វីស៊ីត ទទួលបានតែជាង១១លានសំឡេង ស្នើនឹង១៥៩អាសនៈ។​

បើទោះលោកស្រី យីង​ឡាក់ រងការបណ្តេញចេញពីតំណែងក៏ដោយ ប៉ុន្តែគេដឹងថាប្រជាប្រិយភាពរបស់លោកស្រីនៅតែមានការគាំទ្រច្រើនពីសំណាក់ក្រុមកសិករនិងអ្នកក្រីក្រ។​

ចំណុចទាំងនេះគេអាចសន្និដ្ឋានថា រដ្ឋាភិបាលយោធាថៃមិនចង់ចាប់ខ្លួនលោកស្រី យីងឡាក់ ទេ ព្រោះមិនចង់ឲ្យមានបាតុកម្មផ្ទុះឡើង។​ ជាបទពិសោធន៍កាលពីឆ្នាំ២០០៩ ពេលដែលចលនានយោបាយក្រុមអាវក្រហម និង​ក្រុមអាវលឿងប៉ះទង្វិចគ្នានៅក្រុងបាងកក​ មានការបង្ក្រាបពីកម្លាំងប្រដាប់អាវុធ បណ្តាលឲ្យមនុស្សជិត១០០នាក់បានស្លាប់។​

អ្នកវិភាគនៅវិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រអន្តរជាតិ​មានមូលដ្ឋាននៅក្នុងប្រទេសម៉ាឡេស៊ី លោក ​Thomas Benjamin Daniel ថ្លែងថា ការឲ្យលោកស្រី យីងឡាក់ ស្ថិតនៅក្រៅប្រទេស គឺមានផលប្រយោជន៍ដល់ភាគីទាំងសងខាង ទាំងក្រុមយោធា និងក្រុមគាំទ្រលោកស្រី យីងឡាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ