ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានបកស្រាយថា កម្មវិធីសហការកម្ពុជា-អាមេរិកបោសសម្អាតអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ គឺចប់គម្រោងនៅត្រឹមខែធ្នូឆ្នាំ២០១៧ ដែលនេះជាការឆ្លើយតបនឹងមន្ត្រីកម្ពុជាចោទថា កាត់ផ្តាច់ជំនួយដោយមិនបានប្រាប់មូលហេតុ។
កាលពីម្សិលមិញ ប្រធានមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(CMAC) លោក ហេង រតនា សរសេរនៅលើហ្វេសប៊ុករបស់លោកថា សហរដ្ឋអាមេរិកបានកាត់ផ្តាច់ជំនួយមនុស្សធម៌សម្រាប់បោសសម្អាតអាវុធមិនទាន់ផ្ទុះដែលទម្លាក់ដោយអាមេរិកកាលពីសម័យសង្គ្រាម ហើយថាការកាត់ផ្តាច់ជំនួយនោះមិនប្រាប់មូលហេតុទេ។
នៅថ្ងៃអង្គារនេះអ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាលោក David Josar បានឆ្លើយតបសំនួររបស់វីអូឌីតាមសារអេឡិចត្រូនិចថា គម្រោងសម្អាតមីនរបស់អាមេរិកដែលសហការជាមួយកម្ពុជាបច្ចុប្បន្ននឹងចប់ត្រឹមខែធ្នូឆ្នាំ២០១៧។ ប៉ុន្តែលោកបន្តថា អាមេរិកនៅតែបន្តជួយកម្ពុជាតាមរយៈការបង្កើតកម្មវិធីឲ្យកម្ពុជាប្រកួតប្រជែងយកមូលនីធិ ដើម្បីបន្តសម្អាតមីននៅកម្ពុជា។
លោកឆ្លើយថា៖ «កម្មវិធីរបស់យើងបច្ចុប្បន្ននឹងបញ្ចប់ត្រឹមខែធ្នូឆ្នាំ២០១៧នេះ ហើយយើងរៀបចំកម្មវិធីមួយ ដើម្បីឲ្យកម្ពុជាចូលរួមប្រកួតប្រជែងយកមូលនីធិបន្តគម្រោង»។
អ្នកនាំពាក្យស្ថានទូតអាមេរិករូបនេះឲ្យដឹងទៀតថា គម្រោងសុំមូលនីធិនេះ នឹងមានការពិគ្រោះជាមួយរដ្ឋាភិបាលកម្ពុជា ហើយនឹងប្រកាសនៅក្នុងខែនេះ។
លោក ហេង រតនា លើកឡើងកាលពីម្សិលមិញថា កិច្ចប្រតិបតិ្តការបោសសម្អាតគ្រាប់សំណល់ជាតិផ្ទុះពីសង្គ្រាមរបស់អាមេរិកនេះបាននិងកំពុងទទួលលទ្ធផលនិងប្រសិទ្ធភាពយ៉ាងល្អប្រសើរ។
លោកថា «ខ្ញុំមានការសោកស្តាយនិងខកចិត្តយ៉ាងខ្លាំងចំពោះការបញ្ចប់ជំនួយយ៉ាងតល់ក្រហល់នេះ ជាពិសេសទន្ទឹមពេលដែលកម្ពុជាកំពុងរុករកឃើញនិងទទួលផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារសំណល់អាវុធគីមីរបស់អាមេរិក ដែលរដ្ឋាភិបាលអាមេរិកត្រូវទទួលខុសត្រូវ»។
របាយការណ៍របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាឲ្យដឹងថា រហូតដល់បច្ចុប្បន្ននេះ អាមេរិកចំណាយលុយ១៣១លានដុល្លារដើម្បីបោសសម្អាតកាកសំណល់អាវុធយុទ្ធភ័ណ្ឌដែលទម្លាក់នៅកម្ពុជា៕