ចំណុចសំខាន់ៗដែលលោកត្រាំនឹងជជែកជាមួយមេដឹកនាំប្រទេសចំនួន​៥នៅអាស៊ី

ប្រធានាធិបតីសហរដ្ឋអាមេរិក​លោក​ ដូណល ត្រាំ នឹងធ្វើដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃកាន់នៅទ្វីបអាស៊ីគឺចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី១៤ខែវិច្ឆិកា។ នេះជាដំណើរទស្សននៅតំបន់អាស៊ីលើកដំបូងចាប់តាំងពីប្រធានាធិបតីអាមេរិករូបនេះចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៥ កាលពីខែមករាឆ្នាំ​២០១៧។​

ដំណើរទស្សនកិច្ចនេះ គេមើលឃើញថា លោកត្រាំភ្ជាប់នូវគោលបំណងពីរសំខាន់គឺទី១ការកសាងកម្លាំងរួមមួយដើម្បីប្រឆាំងកម្មវិធីអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង​ដែលកំពុងគំរាមកំហែង និង ទី២ ការបង្កើតសម្ព័ន្ធមិត្តការពារឲ្យកាន់តែរឹងមាំនៅអាស៊ី។​

ប្រទេសចំនួន​៥ដែលលោកត្រាំនឹងធ្វើដំណើរទស្សនកិច្ច ហើយជជែកកិច្ចការសំខាន់ជាមួយមេដឹកនាំទាំងនោះ រួមមាន ប្រទេសជប៉ុន ចិន កូរ៉េខាងត្បូង ហ្វីលីពីន និង ប្រទេសវៀតណាម។​ ដំណើរទស្សនកិច្ចនេះ មានព្រឹត្តិការណ៍ពីរសំខាន់គឺវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក និង កិច្ចប្រជុំកំពូល​អាស៊ាន អាមេរិក​។​

តាមខ្លឹមសារដែលសារព័ត៌មាន​ CNBC សម្ភាសន៍ជាមួយមន្ត្រីអាមេរិក និង ក្រុមអ្នកស្រាវជ្រាវមួយចំនួន​បង្ហាញពីចំណុចសំខាន់ដែលលោក ត្រាំ នឹងជជែកជាមួយមេដឹកនាំប្រទេសទាំង៥នៅអាស៊ី។​

ជប៉ុន​

នៅថ្ងៃទី៥ខែវិច្ឆិកាជាថ្ងៃដំបូងនៃដំណើរទស្សនកិច្ចលោកត្រាំទៅដល់ប្រទេសជប៉ុន លោកនឹងស្នាក់នៅទីនោះចំនួន​២ថ្ងៃ។ ក្នុងឱកាសនោះលោកត្រាំ នឹងជូបពិភាក្សាទ្វេរភាគីជាមួយ លោក​ស៊ីនហ្សូអាបេ ជួបពលរដ្ឋជប៉ុន​ដែលមានសមាជិកគ្រួសារពួកគេត្រូវខាងជើងចាប់ពង្រត់ និង មានការវាយកូនហ្គោល​ផង។​

នៅក្នុងឱកាសនោះលោកត្រាំ នឹងជជែកជាមួយមេដឹកនាំជប៉ុន ពីកិច្ចសហប្រតិបត្តិការយោធាធ្វើឲ្យមានតុល្យភាពនៅក្នុងតំបន់ឥណ្ឌូ ប៉ាស៊ីហ្វិក។​លោក ត្រាំ ក៏ផ្តោតសំខាន់លើការការពារជប៉ុន​រួមទាំងតំបន់ជម្លោះជាមួយចិន​ នៅកម្រងកោះ​ក្នុង​សមុទ្រចិនខាងកើត។

ចំណុចមួយទៀតគឺមេដឹកនាំជប៉ុន​តែងតែរំពឹងចង់ឲ្យសហរដ្ឋអាមេរិក​ងាកចូលរួមបន្ត កិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មនៅតំបន់អាស៊ីប៉ាស៊ីហ្វិក(TPP)ដែលមាន​ប្រទេសចំនួន​១២ចូលរួម។ TPP បង្កើតឡើងដើម្បីទប់ទល់ជាមួយឥទ្ធិពលសេដ្ឋកិច្ចរបស់ចិន។ ប៉ុន្តែកិច្ចព្រមព្រាងនេះ ត្រូវបានលោកត្រាំប្រកាសមិនចូលរួម​ចាប់តាំងពីលោកចូលកាន់តំណែង ហើយគេរំពឹងថា លោកត្រាំធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបន្ថែមទៀតជាមួយជប៉ុន។​

កូរ៉េខាងត្បូង

នៅថ្ងៃទី៧ខែវិច្ឆិកា លោកត្រាំ ធ្វើដំណើរដល់កូរ៉េខាងត្បូង ហើយជួបជាមួយមេដឹកនាំនៃប្រទេសនេះ​គឺលោក​មូន ជែអ៊ីន។​ នៅក្នុងកិច្ចប្រជុំនោះនឹងមានការជជែកពីឥទ្ធិពលរបស់កូរ៉េខាងជើង និង ពង្រឹងប្រព័ន្ធការពារសុវត្ថិភាព។​

លោកត្រាំ នឹងបរិភោគអាហារពេលល្ងាចជាទម្រង់នៃការទំនាក់ទំនងរដ្ឋនិងរដ្ឋ ហើយទៅទស្សនានៅមូលដ្ឋានទ័ពអាមេរិកប្រចាំ​នៅកូរ៉េខាងត្បូងឈ្មោះ​Camp Humphreys បន្ទាប់មកនឹងទៅទស្សនាកន្លែងទីតាំងជាតិ​សម្រាប់​កប់សពរបស់កូរ៉េខាងត្បូង។​

ចិន​

លោកត្រាំ ធ្វើដំណើរដល់ប្រទេសចិននៅថ្ងៃទី៨ខែវិច្ឆិកា។ ក្នុងជំនួបនេះគឺគេដឹងថា មេដឹកនាំប្រទេសមានឥទ្ធិពលទាំងពីរនេះមានគោលបំណងផ្សេងៗគ្នា។​

គោលដៅសំខាន់របស់មេដឹកនាំចិនលោក ស៊ី ជីនពីង ចង់ឲ្យលោកដូណល ត្រាំបញ្ចប់ទស្សនកិច្ចនៅក្នុងប្រទេសប្រកបដោយការពេញចិត្តតាមរយៈការគោរព និង បញ្ចុះបញ្ចូល ដើម្បីពង្រីកចំណងទាក់ទងល្អរបស់ប្រទេសទាំងពីរ ហើយឆ្ពោះទៅរកតុល្យភាពនៃការធ្វើពាណិជ្ជកម្ម ជាជាងការជជែកតែពីបញ្ហាកិច្ចសហប្រតិបត្តិការប្រឆាំងកូរ៉េខាងជើង។​

ក្នុងពេលនោះមេដឹកនាំអាមេរិក នឹងព្យាយាមបញ្ចុះបញ្ចូលមេដឹកនាំចិន ដើម្បីប្រឆាំងទៅនឹងការទំនាក់ទំនងដែលមិនមានតុល្យភាពដូចជា ករណីក្រុមហ៊ុនរបស់អាមេរិកនៅចិនរងការគំរាមកំហែងជាដើម។​

ជុំវិញបញ្ហាកូរ៉េខាងជើងគឺអាមេរិកតែងតែជំរុញឲ្យចិនចេញមុខដាក់សម្ពាធលើកូរ៉េខាងជើងព្រោះថា ចិនគឺជាសម្ព័ន្ធមិត្តស្និទ្ធបំផុតរបស់កូរ៉េខាងជើង។​

បញ្ហាទំនាក់ទំនងរវាងចិន និង សហរដ្ឋអាមេរិកនៅតែគេមើលឃើញថា មានភាពស្មុគស្មាញ ដោយសារតែអាមេរិកនៅតែរិះគន់ខ្លាំងលើចិនករណីជម្លោះនៅសមុទ្រចិនខាងត្បូង ប៉ុន្តែនៅតែទាមទារឲ្យចិនជួយដាក់សម្ពាធលើកូរ៉េខាងជើងករណីកម្មវិធីអាវុធនុយក្លេអ៊ែ។

វៀតណាម​

​ នៅថ្ងៃទី១០ខែវិច្ឆិកា លោកត្រាំធ្វើដំណើរដល់ទីក្រុងដា ណាង ប្រទេសវៀតណាម។​នៅវៀតណាម​លោក នឹងចូលរួមកិច្ចប្រជុំវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហើយនឹងមានជំនួបក្រៅកិច្ចប្រជុំជាមួយមេដឹកនាំរុស្ស៊ីលោក​វ្លាឌីមៀ ពូទីន។​

នៅថ្ងៃបន្ទាប់លោក ត្រាំនឹងជួបជាមួយមេដឹកនាំសំខាន់របស់វៀតណាមនៅក្នុងទីក្រុងហាណូយ ក្នុងនោះរួមទាំងនាយករដ្ឋមន្ត្រីវៀតណាម​លោក ង្រ្វៀន សួនផុក។ វៀតណាមគឺជាប្រទេសនៅអាស៊ីអាគ្នេយ៍ដែលនាំចេញច្រើនជាងគេបំផុតទៅកាន់សហរដ្ឋអាមេរិក​ ហើយការជួបនេះនឹងមានការជជែកផ្តោតសំខាន់លើការទំនាក់ទំនង​សេដ្ឋកិច្ច។

​ជុំវិញបញ្ហានៃការរំលោភសិទ្ធិមនុស្ស គេរំពឹងថា លោកត្រាំ នឹងលើកឡើង​ជជែកនៅចំពោះមុខមេដឹកនាំវៀតណាម​ដែរ។​

ហ្វីលីពីន

នៅថ្ងៃទី១២ខែវិច្ឆិកា លោកត្រាំទៅដល់ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ហើយ​នឹងចូលរួមកម្មវិធីអាហារពេលល្ងាចដើម្បីអបអរខួប៥០ឆ្នាំនៃការបង្កើតសមាគមប្រជាជាតិអាស៊ីគ្នេយ៍ឬហៅអាស៊ាន។​

នៅថ្ងៃបន្ទាប់លោកត្រាំ នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលអាមេរិក អាស៊ាន ហើយនឹងមានការជជែក​តទល់ជាមួយមេដឹកនាំហ្វីលីពីន លោក រ៉ូឌ្រីហ្គោល ឌូទើតេ។ ការជជែកនេះនឹងមានការចាប់អារម្មណ៍ខ្លាំងពីសហគមន៍អន្តរជាតិ​ ខណៈប្រទេសទាំងពីរធ្លាប់មានបញ្ហាប្រឈមមុខដាក់ដោយសារតែបញ្ហាសង្គ្រាមគ្រឿងញៀននៅហ្វីលីពីន​ដែលមានការសម្លាប់មនុស្សអស់រាប់ពាន់នាក់ក្រៅប្រព័ន្ធតុលាការ។​

ប៉ុន្តែមន្ត្រីសេតវិមានថ្លែងថា លោកត្រាំនឹងមានការការពារលោកឌូទើតេ ដោយសារត្រូវការកិច្ចសហការពីហ្វីលីពីនក្នុងសហការប្រឆាំងកូរ៉េខាងជើង។​

ទោះយ៉ាងណា​លោកត្រាំ មិនចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំស៊ីខាងកើតនៅក្នុងប្រទេសហ្វីលីពីន​ នៅថ្ងៃទី១៣ និង ១៤ខែវិច្ឆិកានោះទេ ដែលកិច្ចប្រជុំនេះ​និយាយពីផែនការអនាគតក្នុងតំបន់ ដោយលោកថា មិនមានប្រយោជន៍ដល់សម្ព័ន្ធមិត្តនិង អាមេរិក​នោះទេ។​ ករណីនេះឲ្យមានការយល់ឃើញថា ជាសញ្ញាមិនល្អ នឹងប៉ះពាល់ដល់ផលប្រយោជន៍បណ្តាលប្រទេសនៅអាស៊ាន។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ