សិង្ហបុរីកំពុងរៀបចំបង្កើតច្បាប់គ្រប់គ្រងអ្នកទិញ និងអាចជក់បារីបាន លុះត្រាមានអាយុចាប់ពី២១ឆ្នាំឡើងទៅ ដោយបញ្ជាក់មូលហេតុថា កាត់បន្ថយអ្នកមានជំងឺដោយសារការជក់ និងរារាំងមនុស្សវ័យក្មេងមិនឲ្យចាប់អារម្មណ៍ការជក់បារី។
តាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានឲ្យដឹងថា ការអនុវត្តច្បាប់លើការកំណត់អាយុជក់បារីនេះ គឺធ្វើឡើងនៅតាមដំណាក់កាលគឺនៅពេលបច្ចុប្បន្នអាយុ១៨ឆ្នាំ ដល់ថ្ងៃទី១ខែមករាឆ្នាំ២០១៩ អាយុកំណត់ដល់១៩ឆ្នាំ ត្រឹមថ្ងៃទី១ខែមករាឆ្នាំ២០២០អាយុតម្រូវដល់២០ និង ដល់ថ្ងៃទី១ខែមករា ឆ្នាំ២០២១ អាយុអ្នកអាចទិញ និង ជក់បារីបានត្រូវតម្រូវដល់២១ឆ្នាំ។
តាមការស្រាវជ្រាវរបស់រដ្ឋាភិបាលសិង្ហបុរីបានបង្ហាញថា ពលរដ្ឋម្នាក់ក្នុងចំណោម៤នាក់ ឬ ស្មើនឹង២៣ភាគរយនៃចំនួនពលរដ្ឋជាបុរសនៅតែជក់បារី។ ការស្រាវជ្រាវរកឃើញទៀតថា ពលរដ្ឋសិង្ហបុរីស្លាប់ដោយសារជំងឺដែលពាក់ព័ន្ធការជក់បារី៦នាក់ក្នុង១ថ្ងៃ។
រដ្ឋាភិបាលសិង្ហបុរីបញ្ជាក់ថា ច្បាប់ថ្មីនេះមានមូលហេតុពីរគឺការពារអ្នកជក់បារីរងការប៉ះពាល់ដល់ខួរក្បាលខ្លាំងដោយសារសារធាតុនីកូទីន និង ការមិនលើកទឹកចិត្តឲ្យមនុស្សជំនាន់ក្រោយជក់បារី។
សមាជិកសភារបស់សិង្ហបុរីក៏បានជជែកពីការហាមប្រាមទាំងស្រុង ចំពោះការជក់បារីដែរ ប៉ុន្តែដោយសាររកឃើញថា មានការលំបាកច្រើនក្នុងការផ្តាច់ការញៀននេះ ទើបពួកគេធ្វើឡើងជាដំណាក់កាល៕