អាមេរិកនិងវៀតណាម​កំណត់ទិសដៅថ្មីរួមគ្នានៅលើការឈឺចាប់នៃសង្គ្រាម

បើរំឭកពីអនុស្សាវរីយ៍រវាងសហរដ្ឋអាមេរិក និង វៀតណាម​កាលប្រមាណ​៥០ឆ្នាំមុននៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ៦០ និង ៧០នោះ គឺពេលនោះ​ប្រទេសទាំងពីរកំពុងតែប្រើគ្រប់មធ្យោបាយដើម្បីសម្លាប់គ្នាទៅវិញទៅមក។​

ក្រោយទទួលបានឯករាជ្យ១០ឆ្នាំគឺឆ្នាំ១៩៥៥ វៀតណាម​បានផ្ទុះសង្គ្រាមឡើងហើយបែងចែកប្រទេសជាពីរគឺវៀតណាមខាងត្បូង និង វៀតណាមខាងជើង សង្គ្រាមជាតិសាសន៍មួយនេះបានបញ្ចប់ទៅវិញនៅឆ្នាំ១៩៧៥។

សង្គ្រាមកើតឡើងដោយសារឥទ្ធិពលនៃសង្គ្រាមត្រជាក់នេះ មានវត្តមានយោធាអាមេរិកនៅចន្លោះដើមឆ្នាំ១៩៦០ដល់ដើមឆ្នាំ១៩៧០។​​ វត្តមានរបស់អាមេរិករយៈពេលជាង១០ឆ្នាំនៃសង្គ្រាមនេះ ធ្វើឲ្យភាគីអាមេរិក និង វៀតណាម​ខូចខាតអស់យ៉ាងច្រើន។

របាយការណ៍របស់រដ្ឋាភិបាលវៀតណាម​ផ្សព្វផ្សាយនៅឆ្នាំ១៩៩៥ បានបង្ហាញថា នៅក្នុងអំឡុងសង្គ្រាមនោះ ជនស៊ីវិល និង​យោធារបស់វៀតណាម​ជាង២លាននាក់បានស្លាប់ ចំណែកយោធា និងក្រុមការងាររបស់អាមេរិកជិត៦០ម៉ឺនបានស្លាប់។​

ទន្ទឹមហេតុការណ៍ដែលធ្វើឲ្យមនុស្សស្លាប់តាមរូបភាពផ្សេងៗដោយសាហាវព្រៃផ្សៃនេះ ការឈឺចាប់ និង ជន​រងគ្រោះថ្មីដោយសារតែឥទ្ធិពលនៃសង្គ្រាមនោះនៅតែបន្តកើតមានលើប្រជាពលរដ្ឋវៀតណាមគឺសារធាតុគីមីរបស់អាមេរិក។​

តាមការស្រាវជ្រាវរបស់​វិទ្យាស្ថានស្រាវជ្រាវបច្ចេកវិទ្យា និង ទូរគមនាគមន៍មានមូលដ្ឋានក្នុងទីក្រុងហាណូយ​ បានចុះផ្សាយនៅគេហទំព័រ​ The Conversation កាលពីដើមខែតុលា ឆ្នាំ២០១៧កន្លងទៅនេះ បង្ហាញថា អាមេរិក​បានទម្លាក់គ្រាប់ចំនួន​៨លានតោន និង បាញ់សារធាតុគីមីមានឈ្មោះថា ទីភ្នាក់ងារពណ៌ទឹកក្រូច(Agent Orange)ចំនួន​៧៣ពាន់លានលីត្រ លើប្រទេសវៀតណាម។​

ការសិក្សារកឃើញទៀតថា ក្រោយសង្គ្រាម៤០ឆ្នាំពលរដ្ឋវៀតណាម​ចន្លោះពី ២លាន១សែន ទៅ ៤លាន ៨សែននាក់ រងផលប៉ះពាល់ដោយសារធាតុគីមីបន្សល់ពីសម័យសង្គ្រាមនោះ។​ ចំណែកទឹក ដី និង ខ្យល់ខូចគុណភាព ក្នុងនោះដីជាង ១ លាន ៧សែនហិកតា ស្ថិតនៅក្នុងខេត្តចំនួនខេត្តចំនួន​៣០ខូចគុណភាព ធ្វើកសិកម្មមិនបាន។​


រហូតដល់បច្ចុប្បន្នទារកកើតថ្មីនៅក្នុងប្រទេសវៀតណាមនៅតែជួបបញ្ហាមិនប្រក្រតីដូចជា បញ្ហាខួរក្បាល បាត់បង់ផ្នែកណាមួយនៃរាងកាយជាដើម​។

បច្ចុប្បន្ន​វៀតណាម និង អាមេរិកកំពុងតែរូមគ្នាបន្តដោះស្រាយបន្សាបសារធាតុគីមីដែលបន្សល់ទុកពីសម័យសង្គ្រាម គឺភាគីទាំងពីរបញ្ជាក់ថា បញ្ហាសារធាតុគីមីនឹងត្រូវបោសម្អាតអស់នៅដើមឆ្នាំ២០១៨ខាងមុខនេះ។​

អតីតគូសត្រូវកាលពី៥០ឆ្នាំមុន គឺមួយរយៈកាលចុងក្រោយនេះបង្កើនការទំនាក់ទំនងគ្នារីកចម្រើនស្ទើរគ្រប់វិស័យធ្វើហាក់ដូចជាមិនធ្លាប់មានអ្វីកើតឡើងកាលពីអតីតកាលអញ្ចឹង។​

នៅក្នុងរដ្ឋការបស់លោកអូ បាម៉ា ប្រធានាធិបតីទី៤៤របស់អាមេរិក​គឺសម្រេចដកទណ្ឌកម្មដែលហាម​លក់អាវុធឲ្យវៀតណាម​ចេញវិញ និង បានសាងសង់រោងចក្រថាមពលដើរដោយនុយក្លេអ៊ែឲ្យវៀតណាមថែម​ទៀតផង។​ ចំណែកវិស័យទំនាក់ទំនងពាណិជ្ជកម្មប្រទេសទាំងពីរកើនឡើងជាលំដាប់។​ក្រសួងការបរទេសវៀតណាមបញ្ជាក់ថា ពាណិជ្ជកម្មវៀតណាម​ និង​អាមេរិក​កើនដល់  ៥២,៣ ពាន់លានដុល្លារនៅឆ្នាំ២០១៦ ហើយកើនឡើង​២០%រៀងរាល់ឆ្នាំ។​

នៅក្នុងដំណើរទស្សនកិច្ចរបស់មេដឹកនាំអាមេរិកលោក ដូណល ត្រាំទៅកាន់ប្រទេសវៀតណាម​នៅថ្ងៃទី១០ និង ១១ខែវិច្ឆិកានេះ គេរំពឹងថា នឹងមានបង្កើនទំហំសេដ្ឋកិច្ចបន្ថែមទៀត ខណៈបច្ចុប្បន្នវៀតណាមក្លាយជាប្រទេសដែលនាំចេញទំនិញទៅអាមេរិកច្រើនជាងគេក្នុងចំណោមប្រទេសសមាជិកអាស៊ាន ហើយអាមេរិកជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាម។


ការចាប់ដៃគ្នាណែនរវាងអាមេរិក និង វៀតណាមនៅពេលនេះ អ្នកវិភាគមួយចំនួនលើកឡើងថា នៅពីក្រោយហេតុផលសេដ្ឋកិច្ចគឺនយោបាយ ដោយសារប្រទេសទាំងពីរមានគូប្រជែងរួមគ្នាគឺប្រទេសចិន។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ