ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះឃាត់ខ្លួនជនជាតិវៀតណាមចំនួន ២៨នាក់ ពាក់ព័ន្ធករណីលួចមករស់នៅកម្ពុជា ដោយគ្មានលិខិតឆ្លងដែន និងឯកសារបញ្ជាក់ត្រឹមត្រូវ។
តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិនៅពីថ្ងៃទី ១១ ខែ វិច្ឆិកានេះ បានឲ្យដឹងថា ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញលោក សៀង សុខ បានដឹកនាំកម្លាំងជំនាញ ចុះត្រួតពិនិត្យ និងឃាត់ខ្លួនជនជាតិវៀតណាម ២៨ នាក់ដែលបានលួចឆ្លងដែន ហើយមកស្នាក់នៅ និងធ្វើការខុសច្បាប់។
ការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិដដែលបន្តថាជនជាតិវៀតណាមខុសច្បាប់ទាំងនោះត្រូវបានឃាត់ខ្លួន នៅតាមសិប្បកម្មឈើជាច្រើនកន្លែង និងហាងលក់កាហ្វេ នៅក្នុងសង្កាត់បឹងត្របែក និងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
នាយរងការិយាល័យគ្រប់គ្រងជនបរទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អ៊ា ភក្តី បានឲ្យដឹងថា ជនជាតិវៀតណាមចំនួន២៨នាក់នោះ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបន្តនីតិវិធី។
ក្នុងរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដែល VOD ទទួលបានពីប្រធានផ្នែកស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថាចាប់ពីឆ្នាំ២០១៤ ដល់២០១៦ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ចេញពីកម្ពុជាបានជាង១ម៉ឺន ក្នុងចំណោម ៦៨សញ្ជាតិ ដែលក្នុងនោះមានជនជាតិវៀតណាមប្រហែល ៩០ភាគរយ៕