អតីតមេបក្សប្រឆាំង ដែលកំពុងរស់នៅនិរទេសខ្លួនឯងនៅឯក្រៅប្រទេសនោះ បានជំរុញឲ្យរំលាយគណបក្សប្រឆាំងឲ្យបានឆាប់ ដោយថា សម្ពាធទាំងអស់នឹងធ្លាក់ទៅលើរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានអះអាងម្ដងហើយម្ដងទៀតថា គណបក្សប្រឆាំងដ៏ធំនៅកម្ពុជា នឹងត្រូវរំលាយចោលនៅថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខនេះ។
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានថ្លែងជំរុញបែបនេះនៅថ្ងៃអាទិត្យនេះ អំឡុងសិក្ខាសាលាស្តីពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នៅក្នុងទីក្រុង Long Beach រដ្ឋ California សហរដ្ឋអាមេរិក។
លោក សម រង្ស៊ី បាន លើកឡើងថា៖ «បើធ្វើល្មមៗអត់អីទេ គេម្នាក់ៗអត់ធ្មត់ ចាំមើលក្រែងគ្រាន់បើជាងមុន ហើយ ហ៊ុន សែន ពូកែណាស់ ពូកែបោកគេថា ខ្ញុំនឹងធ្វើឲ្យគ្រាន់បើជាងមុន កាន់តែល្អជាងមុន។ តែនេះមិនមែនគ្រាន់បើជាងមុនទេ កាន់តែយ៉ាប់ទៅៗ ហើយម្ដងនេះ វាហួសហេតុហ្មង ឆ្លងទៅហួសបន្ទាត់ក្រហម គេឈប់និយាយរក។ អញ្ចឹងខ្ញុំចង់ឲ្យរំលាយថ្ងៃ១៦ហ្នឹង រំលាយឲ្យឆាប់ ហ៊ុន សែន កាន់តែឆាប់ចប់ខ្លួនឯង។ ពេលរំលាយ យើងនឹងមានរដ្ឋាភិបាលថ្មីមួយចេញពីការបោះឆ្នោតត្រឹមត្រូវ ដែលដឹកនាំដោយសង្គ្រោះជាតិ»។
លោក សម រង្ស៊ី បានបញ្ជាក់ថា បន្ទាប់ពីរដ្ឋាភិបាលលោក ហ៊ុន សែន រំលាយគណបក្សសង្គ្រោះជាតិនោះ រដ្ឋាភិបាលមួយនេះ នឹងមិនមានភាពស្របច្បាប់ចាប់ពីឆ្នាំក្រោយ ដោយសារអន្តរជាតិមិនទទួលស្គាល់នូវលទ្ធផលនៃការបោះឆ្នោត។
អតីតមេបក្សប្រឆាំងរូបនេះ បានបន្ថែមថា ជាមួយគ្នានោះ សមាជិកព្រឹទ្ធសភាអាមេរិកនឹងរៀបចំដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា តាមរយៈការដាក់មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលចូលក្នុងបញ្ជីទណ្ឌកម្ម បង្កកទ្រព្យសម្បត្តិ និងបញ្ឈប់ការផ្ដល់ទិដ្ឋាការឲ្យចេញចូល ឬក៏អាចរឹបអូសយកទ្រព្យសម្បត្តិទៀតផង។
ទោះបីជាយ៉ាងណាកាលពីថ្ងៃទី១០ ខែវិច្ឆិកា ក្នុងពិធីសំណេះសំណាលជាមួយក្រុមយុវជនអាស៊ាន ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានបញ្ជាក់ជាថ្មីទៅសហគមន៍អន្ដរជាតិថា កុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន និងថា អ្នកណាទទួលស្គាល់លទ្ធផលបោះឆ្នោតនាឆ្នាំក្រោយ ឬអត់នោះ គឺកម្ពុជា មិនខ្វល់ទេ។
លោក ហ៊ុន សែន ថ្លែងបន្ដថា ទោះបីជាប្រទេសណាចង់ ឬមិនចង់ទទួលស្គាល់រដ្ឋាភិបាល កើតក្រោយការបោះឆ្នោត នៅឆ្នាំក្រោយក៏ដោយ លោកថា វាមិនសំខាន់នោះទេ ដោយថា កម្ពុជាមានច្បាប់ និងស្ថាប័នកំពូលរបស់ខ្លួន ដែលលោកថា អាចវាយតម្លៃពីភាពស្របច្បាប់នៃការបោះឆ្នោតនោះ។
គណបក្សសង្គ្រោះជាតិ កំពុងប្រឈមមុខនឹងការរំលាយចោលនៅត្រឹមថ្ងៃទី១៦ ខែវិច្ឆិកានេះ បន្ទាប់ពីគណបក្សនេះត្រូវបានចោទថា ចូលរួមជាប្រព័ន្ធជាមួយប្រធានបក្ស លោក កឹម សុខា ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី០៣ ខែកញ្ញា ក្រោមការចោទថា «ក្បត់ជាតិ»៕