មេដឹកនាំអាមេរិកបាននិយាយនៅថ្ងៃនេះថា លោកត្រៀមខ្លួនធ្វើជាអ្នកសម្របសម្រួលរួចហើយសម្រាប់ជម្លោះសមុទ្រចិនខាងត្បូង ជាពិសេសរវាងចិន និងវៀតណាម។ នេះដោយយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
Reuters បានចុះផ្សាយបែបនេះដោយបានដកស្រង់សម្ដីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានថ្លែងប្រាប់ប្រធានាធិបតីវៀតណាម លោក ត្រាន់ ដាយគ័ង នៅក្នុងជំនួបមួយនៅទីក្រុងហាណូយ។
លោក ត្រាំ ត្រូវបានដកស្រង់សម្ដីដែលនិយាយថា លោកអាចជួយសម្របសម្រួល ឬជាអាជ្ញាកណ្ដាល ដោយគ្រាន់តែប្រាប់លោកឲ្យដឹងតែប៉ុណ្ណោះ។
មេដឹកនាំអាមេរិករូបនេះបានទទួលស្គាល់ថា ជំហរចិននៅក្នុងជម្លោះសមុទ្រចិនខាងត្បូង គឺជាបញ្ហាមួយ ប៉ុន្តែ លោកអះអាងថា លោកគឺជាអ្នកសម្របសម្រួល ឬជាអាជ្ញាកណ្ដាលដ៏ល្អម្នាក់។
ខណៈដែលជជែកអំពីបញ្ហាសមុទ្រចិនខាងត្បូងនោះ មេដឹកនាំអាមេរិករូបនេះក៏បាននិយាយផងដែរថា ចិនកំពុងតែជួយអាមេរិកក្នុងការដោះស្រាយភាពតានតឹងជុំវិញបញ្ហាកូរ៉េខាងជើង ហើយលោកសង្ឃឹមថា រុស្ស៊ីក៏នឹងធ្វើដូចចិនផងដែរ៕