របាយការណ៍ថ្មីមួយរបស់អង្គការសហប្រជាជាតិ បានលើកឡើងថា ទាហានភូមាបានរំលោភបំពានផ្លូវភេទស្ត្រីជនជាតិរ៉ូហ៊ីងយ៉ាជា «ប្រព័ន្ធ» អំឡុងអំពើហិង្សាប្រឆាំងនឹងសហគមន៍ជនជាតិភាគតិចមូស្លីមមួយនេះ ដែលបង្កឲ្យមានការភៀសខ្លួនចូលទៅក្នុងប្រទេសបង់ក្លាដែស។ នេះដោយយោងតាមសេចក្ដីរាយការណ៍របស់ AFP ដែលបានឃើញរបាយការណ៍របស់តំណាងពិសេសអង្គការសហប្រជាជាតិ កាលពីថ្ងៃម្សិលមិញនេះ។
អ្នកស្រី ប្រាមីឡា ផេតថែន (Pramila Patten) តំណាងពិសេសអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកអំពើហិង្សាផ្លូវភេទនៅក្នុងជម្លោះ បានលើកឡើងបែបនេះ បន្ទាប់ពីធ្វើដំណើរទៅសង្កាត់មួយស្ថិតនៅភាគអាគ្នេយ៍ប្រទេសបង់ក្លាដែស ជាទីដែលជនជាតិរ៉ូហ៊ីងយ៉ាប្រហែល ៦១ម៉ឺននាក់កំពុងរស់នៅក្នុងជំរុំអស់រយៈពេល ១០សប្ដាហ៍មកហើយនោះ។
អ្នកស្រី ប្រាមីឡា លើកឡើងថា អំពើឃោឃៅដ៏ច្រើនបែបនេះ អាចជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
តំណាងអង្គការសហប្រជាជាតិរូបនេះ បានប្រាប់អ្នកយកព័ត៌មាននៅរដ្ឋធានីដាកាថា អ្នកស្រីបានស្ដាប់រឿងរ៉ាវដ៏រន្ធត់មានការរំលោភបំពានផ្លូវផេទ និងការរំលោភបូក ទៅលើស្ត្រី និងក្មេងស្រី ដែលបានស្លាប់ដោយសារតែការរំលោភផ្លូវភេទ។
អ្នកស្រីបន្ថែមថា អំពើហិង្សាផ្លូវភេទនៅរដ្ឋរ៉ាក់ឃីន ភាគខាងជើងប្រទេសភូមានោះ ត្រូវបានរៀបចំឡើងក្រោមបញ្ជា និងប្រព្រឹត្តដោយកងកម្លាំងប្រដាប់អាវុធភូមា។