មនុស្សជិត ១០នាក់បានស្លាប់ ហើយ ១៣នាក់ទៀតបានរងរបួស នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសមួយថ្ងៃម្សិលមិញនេះ។ នេះដោយយោងតាមរបាយការណ៍ពីនគរបាលជាតិ ។
របាយការណ៍ដែលផ្សាយលើវេបសាយនគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ១២លើក បណ្តាលឲ្យមនុស្សស្លាប់ ៧នាក់ និងរងរបួសធ្ងន់ស្រាល ១៣នាក់។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង១២លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ១៨គ្រឿង។ មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពីល្បឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ និងដោយសារស្រវឹង។ ខេត្តរាជធានីដែលរងគ្រោះថ្នាក់រួមមាន ខេត្តកំពង់ឆ្នាំង ព្រះសីហនុ ស្វាយរៀង និងភ្នំពេញ។
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស រយៈពេល ១៣ថ្ងៃ ចាប់គិតពីថ្ងៃទី០១ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ កើតឡើងចំនួន ១២៧លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ៧៣នាក់ របួសសរុប២៣៨នាក់ ក្នុងនោះរបួសធ្ងន់ ១១៩នាក់៕