របាយការណ៍៖ សេរីភាព​អ៊ីនថឹណិត​នៅ​កម្ពុជា​មាន​លក្ខណៈ​សេរី​ដោយ​អន្លើ

របាយការណ៍​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិមួយ​ បាន​រក​ឃើញ​ថា លំហូរ​សេរីភាព​នៃ​ប្រព័ន្ធ​អ៊ីនថឹណិត​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​លក្ខណៈ​សេរី​ដោយ​អន្លើ​នៅ​ក្នុង​ឆ្នាំ​២០១៧ ប៉ុន្តែមាន​លក្ខណៈ​ល្អ​ប្រសើរ​​ជាង​ប្រទេស​ជាច្រើន​នៅ​ក្នុង​តំបន់។

អង្គការ Freedom House ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក នៅ​ដើម​ខែ​វិច្ឆិកា​នេះ បាន​ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំ​ស្ដី​ពី​សេរីភាព​អ៊ីនថឹណិត​ ក្រោម​ចំណង​ជើង​ថា «ការ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម ​ដើម្បី​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ»។

អង្គការ​អាមេរិក​មួយ​នេះ បាន​ពិនិត្យ​មើល​លើ​កម្រិត​សេរីភាព​នៃ​ប្រព័ន្ធ​អ៊ីនថឹណិត​នៅ​តាម​បណ្ដា​ប្រទេស​ចំនួន ៦៥ នៅ​ចន្លោះ​ខែ​មិថុនា ឆ្នាំ​២០១៦ ដល់​ខែ​ឧសភា​ ឆ្នាំ​២០១៧​នេះ តាម​រយៈ​ការ​​វាស់​វែង​ទៅ​លើ​ឧបសគ្គ​ទទួល​បាន​ព័ត៌មាន ការ​ដាក់​កម្រិត​លើ​មាតិកា​ព័ត៌មាន និង​ការ​រំលោភ​បំពាន​លើ​សិទ្ធិ​អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ីនថឹណិត។

កម្រិត​សេរីភាព​នៃ​ប្រព័ន្ធ​អ៊ីនថឹណិត​ ត្រូវ​​បាន​ដាក់​ពិន្ទុ​ពី​សូន្យ​ទៅ​ដល់ ១០០​ពិន្ទុ ដែល​ឆ្លុះ​បញ្ចាំង​ថា ប្រទេសមាន​ពិន្ទុ​កាន់​តែ​តិច គឺ​ជា​ប្រទេស​ដែល​ប្រព័ន្ធ​អ៊ីនថឹណិត​មាន​សេរីភាព​​ល្អ។

អង្គការ Freedom House បាន​រក​ឃើញ​ថា ​ប្រព័ន្ធ​​អ៊ីនថឹណិត​នៅ​ប្រទេស​ចំនួន ១៥ ដែល​សុទ្ធ​តែ​ជា​ប្រទេស​អភិវឌ្ឍន៍ មាន​សេរីភាព​ល្អ ខណៈ​ដែល​ប្រទេស​ចំនួន ១៩​ ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​​អ៊ីនថឹណិត​មាន​​សេរីភាព​ដោយ​អន្លើ ហើយ​​ប្រទេស​​ចំនួន ២៥​ទៀត ពុំ​មាន​សេរីភាព​នៃ​ប្រព័ន្ធ​អ៊ីនថឹណិត​ទាល់​តែ​សោះ។

សម្រាប់​ប្រទេស​កម្ពុជា របាយការណ៍​អង្គការ​នេះ បាន​ផ្ដល់​ពិន្ទុ​ចំនួន ៥២ ដែល​មាន​ន័យ​ថា កម្រិត​សេរីភាព​នៃ​ប្រព័ន្ធ​អ៊ីនថឹណិត​នៅ​ក្នុង​ប្រទេស​នេះ ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​មាន​សេរីភាព​ដោយ​អន្លើ ក្នុង​នោះ​មាន​ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី ប៉ុន្តែ ល្អ​ប្រសើរ​ជា​ងប្រទេស​ថៃ វៀតណាម ​ភូមា និង​ចិន ដែល​ត្រូវ​បាន​រក​ឃើញ​ថា ស្ថិត​ក្នុង​ចំណោម​ប្រទេស​ជាច្រើន​​ផ្សេង​ទៀត​នៅ​តំបន់​អាស៊ី ដែល​លំហូរ​​ប្រព័ន្ធ​អ៊ីនថឹណិត​​ពុំ​មាន​សេរីភាព​ទាល់​តែ​សោះ។

អ្នក​នាំពាក្យ​ក្រសួង​ប្រៃ​សនីយ និង​ទូរគមនាគមន៍​ លោក អ៊ឹម វត្ថា បាន​ច្រាន​ចោល​របាយការណ៍​របស់ Freedom House ដោយ​ថា ការ​វាយ​តម្លៃ​នេះ ពុំ​បាន​ពិនិត្យមើល​​ភាពជាក់​ស្តែង​របស់​កម្ពុជា​នោះ​ទេ។ លោក​អះ​អាង​ថា សេរីភាព​នៃ​ការ​ប្រើ​ប្រាស់​អ៊ិន​ថឹណិត​នៅ​កម្ពុជា ​​មាន​យ៉ាង​ពេញ​លេញ​ ហើយ​ថា រដ្ឋាភិបាល​មិន​បាន​ហាម​ឃាត់​នោះ​ឡើយ។

លោក​ថា៖ «យើង​អត់​មាន​ច្បាប់​និយាយ​ពី​ការ​គ្រប់​គ្រង​មាតិ​កា​ព័ត៌មាន​ឯ​ណា​ យើង​អត់​មាន​ទេ! ក្រសួង​ប្រៃ​សនីយ៍​ដូចអត់​មាន​ទេ តែ​បើ​ក្រសួង​ព័ត៌មាន​ខ្ញុំអត់​ដឹង​ អត់​ដឹង​ថា ​វាយ៉ាង​ម៉េច​ទេ​ណា។ ក៏​ប៉ុន្តែ វា​អត់​មាន!​ អត់​មាន​ហាម​សោះ។ ឥឡូវយើងមើលអ្នក​បញ្ចេញ​មតិក្នុង​បណ្តាញ​សង្គម​អី​ យើង​មិន​ដែល​បិទ​គេ​ឯណា! មាន​សេរីភាព​គ្រប់​គ្រាន់​»។

អ្នក​ស្រាវជ្រាវ​អំពី​ច្បាប់​សុវត្ថិភាព​ប្រព័ន្ធ​អ៊ិន​ធើណែត កញ្ញា ងួន សុម៉ាលី ទទួល​ស្គាល់​ថា សេរីភាព​នៃ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ីនថឹណិត​របស់​ប្រជាជន​កម្ពុជា ពិត​ជា​មាន​ច្រើន​ ប៉ុន្តែ កញ្ញា​ថា ការ​បញ្ចេញ​មតិ​នៅ​បណ្ដាញ​អ៊ីនថឹណិត នៅ​មាន​កម្រិត​នៅ​ឡើយ ខណៈ​ដែល​ការ​ទទួល​បាន​ព័ត៌មាន​ពិត​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​តែ​ជា​បញ្ហា​នៅ​ឡើយ។

កញ្ញា សុម៉ាលី ប្រាប់​ថា៖ «ដូច​យើង​ឃើញ​ជា​ហូរ​ហែរ​ ដូច​ជា​ការរបិទ​ខេមបូឌា ដេលី អញ្ចឹង​​ទៅ វា​អាច​ថា ជា​ការ​គំរាម​កំហែង​មួយ​ដែរ​ ពាក់​ព័ន្ធ​នឹង​ការ​ទទួល​បានព័ត៌មាន​ពិត​របស់​ប្រជា​ពល​រដ្ឋ​។ វា​អាច​ជា​ការ​គំរាម​កំហែង​មួយ​ដែរ​ នៅពេល​ដែល​ពល​រដ្ឋ​គាត់​ចាប់​ផ្តើម​ភ័យ​ខ្លាចក្នុង​ការ​បញ្ចេញ​យោ​បល់​របស់​គាត់​ដោយគ្មាន​គំនាប»។

សេរីភាព​នៃ​ការ​ប្រើ​ប្រាស់​អ៊ីនថឹណិត​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​គេ​ចោទ​សួរ បន្ទាប់​ពី​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ពីរ​រូប ក្នុង​នោះ​មាន​ទាំង​សមាជិក​ព្រឹទ្ធ​សភា​ លោក ហុង សុខហួរ ផង​ដែរ ត្រូវ​បាន​ចាប់​ខ្លួន និង​កាត់​ទោស ក្រោយ​ពី​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​រិះគន់​រដ្ឋាភិបាល​ជុំ​វិញ​បញ្ហា​ព្រំដែន ហើយ​សារ​សន្ទនា​តាម​ទូរសព្ទ​ឯកជន​របស់​ក្រុម​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ត្រូវ​បាន​ទម្លាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផង​ដែរ ចាប់​តាំង​ពី​ឆ្នាំ​២០១៦​មក។ ផ្ទុយ​ទៅ​វិញ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន ដែល​គាំ​ទ្រ​រដ្ឋាភិបាល​នោះ បាន​បង្ហោះ​សារ​គំរាម​ដល់​មេដឹកនាំ​បក្ស​ប្រឆាំង ប៉ុន្តែ មិន​ត្រូវ​បាន​សមត្ថកិច្ច​ចាត់​វិធានការ​នោះ​ឡើយ។

ទោះជាយ៉ាងណា លោក អ៊ឹម វត្ថា ជឿ​ជាក់​ថា វិធានការ​កន្លង​មក​របស់​រដ្ឋាភិបាល គឺ​ជា​អនុវត្ត​ច្បាប់ទៅ​លើ​បុគ្គល​ទាំង​ឡាយ​ណា​ដែល​បាន​បញ្ចេញ​មតិ​​បំពាន​លើ​ច្បាប់​អ្វី​មួយ។

លោក វត្ថា បញ្ជាក់​ថា៖ «តែ​ការ​ដែ​ល​មាន​ការចាត់​វិធាន​ការ​មួយ​ចំនួន អាច​សួរ​ទៅ​កាន់​ក្រសួង​មហាផ្ទៃ​ ក៏​ដូច​ជា​ខាង​ច្បាប់​ ដូច​ជា​ក្រសួង​យុត្ថិ​ធម៌ ព្រោះ​ការ​ចាត់​វិធាន​ការ​នោះ​ គឺ​ជា​វិធាន​ការ​ដែល​អ្នក​បញ្ចេញ​មតិ​ទាំង​ឡាយ​ណា​ដែល​ប៉ះពាល់​ទៅ​នឹង​ច្បាប់​អី​មួយ»។

ផ្អែក​តាម​របាយការណ៍ Freedom House ដដែល សេរីភាព​នៃ​ប្រព័ន្ធ​អ៊ីនថឹណិត​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៧​នេះ ស្ថិត​នៅ​កម្រិត​ដដែល មិន​ខុស​ពី​ឆ្នាំ​២០១៦​នោះ​ឡើយ ខណៈ​ដែល​ប្រទេស​អេស្តូនី អ៊ីសឡង់ និង​កាណាដា មាន​ចំណាត់​ថ្នាក់​ល្អ​បំផុត​ខាង​សេរីភាព​ប្រព័ន្ធ​អ៊ីនថឹណិត ហើយ​ប្រទេស​អេត្យូពី ស៊ីរី និង​​ចិន ស្ថិត​នៅ​ចំណាត់​ទាប​ជាង​គេ​បំផុត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ