ប្រធានគណបក្សកាន់អំណាចនៅកូរ៉េខាងត្បូងលោកស្រី Choo Mi-ae ថ្លែងថា បើអាមេរិកចង់ប្រើប្រាស់កម្លាំងទ័ពដើម្បីវាយប្រហារលើប្រទេសកូរ៉េខាងជើងត្រូវតែមានការយល់ព្រមពីកូរ៉េខាងត្បូងសិន ព្រោះលោកស្រីបារម្ភខ្លាចមានការវាយបកសងសឹកវិញ។
ប្រធានគណបក្សកាន់អំណាចនៅក្នុងប្រទេសកូរ៉េខាងត្បូងលើកឡើងទៀតថា លោកស្រីនឹងលើកឡើងបញ្ហាទាំងនេះជាមួយមន្ត្រីជាន់ខ្ពស់អាមេរិកពេលទៅប្រជុំនៅទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមសារព័ត៌មាន south China Morning Post។
ប្រធានាធិបតីអាមេរិកលោក ដូណាល ត្រាំ តែងលើកឡើងថា អាមេរិកស្វាគមន៍ចំពោះការវិលត្រលប់វិញរបស់កូរ៉េខាងជើងចូលរួមក្នុងកិច្ចប្រជុំ ដើម្បីដោះស្រាយបញ្ហាដែលកំពុងមានជាមួយភាគីពាក់ព័ន្ធ។
ប្រធានគណបក្សកាន់អំណាចកូរ៉េខាងត្បូងថ្លែងថា បញ្ហាទាំងអស់ដែលអាមេរិកលើកឡើងនោះ មិនត្រូវជជែកពីបញ្ហាសង្គ្រាមនោះទេ។
លោកស្រី បន្តថា កូរ៉េខាងត្បូងចង់ដោះស្រាយបញ្ហាជាមួយកូរ៉េខាងជើងដោយសន្តិវិធី តាមគ្រប់រូបភាពដែលអាចធ្វើទៅបាន។
នៅក្នុងដំណើរទស្សនកិច្ចរបស់លោកត្រាំទៅកាន់កូរ៉េខាងត្បូងថ្មីៗនេះ មេដឹកនាំអាមេរិកបានរំឭកជាថ្មីពីការប្រើប្រាស់កម្លាំងយោធាវាយប្រហារកូរ៉េខាងជើងក្នុងករណីចាំបាច់៕