ក្រសួងធនធានទឹកនិងឧតុនិយម អំពាវនាវទៅពលរដ្ឋ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអាកាសធាតុ ដោយថា ចាប់ពីថ្ងៃនេះរហូតដល់ដើមសប្តាហ៍ក្រោយ កម្ពុជានឹងមានភ្លៀងធ្លាក់រាយប៉ាយស្ទើរទូទាំងប្រទេស។
ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី ១៧ ខែវិច្ឆិកា ក្រសួងបានឲ្យដឹងថា ចាប់ពីថ្ងៃទី ១៩ រហូតដល់ ថ្ងៃទី ២១ ខែវិច្ឆិកា ភ្លៀងនឹងបន្តធ្លាក់ពីបង្គួរទៅច្រើន រាយប៉ាយស្ទើរពេញមួយសប្តាហ៍ ពិសេសនៅតាមតំបន់ទំនាប និងតំបន់មាត់សមុទ្រ។
ក្រសួងបញ្ជាក់ថា ភ្លៀងធ្លាក់រាយប៉ាយបែបនេះ បណ្ដាលមកពីកម្ពុជាទទួលរងឥទ្ធិពល ពីប្រព័ន្ធសម្ពាធទាបសកម្ម នៅក្នុងសមុទ្រចិនខាងត្បូង និងកំពុងវិវត្តទៅជាវិសម្ពាធ ហើយបន្តដំណើរទៅទិសខាងលិច ពិសេស គឺតំបន់ដីសណ្តរទន្លេមេគង្គ នៅថ្ងៃទី ១៩ ខែវិច្ឆិកា ខាងមុខនេះ។
ក្រសួងធនធានទឹកនិងឧតុនិយម បានប្រកាសប្រាប់ប្រជាពលរដ្ឋដែលរស់ជិតមាត់ទន្លេ អ្នកនេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយថា នឹងមានរលកខ្ពស់ៗ ខ្យល់បក់ខ្លាំង ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ ខែតុលាខាងមុខ៕
ម៉ាប់ ស៊ុយ [email protected]