មេដឹកនាំជាន់ខ្ពស់មួយនៃសហភាពអឺរ៉ុប បានប្រាប់ទៅប្រមុខកាទូតកម្ពុជាកាលពីថ្ងៃម្សិលមិញថា សហភាពអឺរ៉ុបរំពឹងថា កម្ពុជានឹងត្រឡប់ទៅដើរលើផ្លូវត្រូវឡើងវិញ ខណៈដែលប្រទេសនេះ ត្រូវបានសហគមន៍អន្តរជាតិមើលឃើញថា កំពុងឃ្លាតឆ្ងាយពីគន្លងប្រជាធិតេយ្យសេរីពហុបក្ស។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃម្សិលមិញនេះ សហភាពអឺរ៉ុប បានឲ្យដឹងថា តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប អ្នកស្រី Federica Mogherini បានជួបប្រជុំជាមួយក្រុមរដ្ឋមន្ត្រីការបរទេសមកពីបណ្ដាប្រទេសនានានៅតំបន់អាស៊ី នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ី-អឺរ៉ុប នៅទីក្រុងណៃពិដោរ ប្រទេសភូមា កាលពីថ្ងៃទី២០ ខែវិច្ឆិកា។
តាមសេចក្ដីប្រកាសព័ត៌មានដដែលនោះ អ្នកស្រី Federica Mogherini ក៏បានជួបជជែកជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ផងដែរ នៅក្រៅកិច្ចប្រជុំនោះ។
តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបរូបនេះ បានប្រាប់ទៅប្រមុខកាទូតកម្ពុជាថា សហភាពអឺរ៉ុបរំពឹងថា កម្ពុជានឹងវិលត្រឡប់ទៅរកគន្លងប្រជាធិបតេយ្យសេរីពហុបក្សឡើងវិញ ខណៈដែលរដ្ឋាភិបាលកម្ពុជានៅតែបន្តឃុំខ្លួនមេដឹកនាំបក្សសង្គ្រោះជាតិ លោក កឹម សុខា និងការរំលាយបក្សប្រឆាំងដ៏ធំមួយនេះកាលពីសប្ដាហ៍មុន។
អ្នកស្រី Federica Moghorini បានបន្ថែមថា កិច្ចសហប្រតិបត្តិការផ្នែកអភិវឌ្ឍន៍ និងការអនុគ្រោះផ្នែកពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប គឺអាស្រ័យទៅលើការគោរពសិទ្ធិមនុស្សជាមូលដ្ឋាន និងការគោរពគោលការណ៍ប្រជាធិបតេយ្យរបស់កម្ពុជា។
សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប បានថ្កោលទោសចំពោះការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា និងការរំលាយគណបក្សនេះ កាលពីសប្ដាហ៍មុន ដោយចាត់ទុកថា កម្ពុជាកំពុងដើរឃ្លាតឆ្ងាយពីគន្លងប្រជាធិបតេយ្យសេរីពហុបក្ស ប៉ុន្តែ ប្រទេសចិនកុម្មុយនីស្តបានគាំទ្រចំណាត់ការរបស់កម្ពុជា។
សហគមន៍អន្តរជាតិ ក៏បានព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកម្ពុជាផងដែរ ជុំវិញចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា ទៅលើបក្សប្រឆាំង ប៉ុន្តែ រដ្ឋាភិបាលកម្ពុជាបានអះអាងថា ចំណាត់ការរបស់ខ្លួននានាថ្មីៗនេះ គឺជាការអនុវត្តច្បាប់ និងការពារសន្តិភាពនៅកម្ពុជា៕