ស្ថានទូតស៊ុយអែតប្រចាំកម្ពុជា បានប្រកាសនៅថ្ងៃនេះ ប្រទេសនេះកំពុងតែសើរើទំនាក់ទំនងជាមួយប្រទេសកម្ពុជា បន្ទាប់ពីគណបក្សប្រឆាំងដ៏ធំនៅក្នុងប្រទេសត្រូវបានរំលាយចោល ហើយមេដឹកនាំបក្សប្រឆាំងនេះ នៅតែបន្តស្ថិតនៅក្រោមការឃុំខ្លួននៅឡើយ។
គណបក្សសង្គ្រោះជាតិ ដែលទទួលបានសំឡេងគាំទ្រប្រហែល ៣លានសំឡេងនៅក្នុងការបោះឆ្នោតជាតិកាលពីឆ្នាំ២០១៣នោះ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ហើយថ្នាក់ដឹកនាំ និងសមាជិក ១១៨នាក់របស់បក្សនេះ ត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំ។
ក្នុងសេចក្ដីប្រកាសព័ត៌មានចេញនៅថ្ងៃនេះ ស្ថានទូតស៊ុយអែតប្រចាំនៅទីក្រុងភ្នំពេញ បាននិយាយថា ប្រទេសជាសមាជិកសហភាពអឺរ៉ុបមួយនេះ ព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះស្ថានភាពនយោបាយកំពុងវវិឌ្ឍនៅក្នុងប្រទេសកម្ពុជា។
ស៊ុយអែត បានចាត់ទុកការបង្ក្រាបទៅលើបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសង្គមស៊ីវិល ជាការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។
ស្ថានទូតស៊ុយអែតប្រកាសថា រដ្ឋាភិបាលស៊ុយអែតបញ្ជាក់ច្បាស់ថា នឹងផ្ដោតលើកិច្ចសហការផ្នែកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ តាមរយៈការបង្កើនការគាំទ្រដល់ក្រុមអ្នកការពារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
ផ្ទុយទៅវិញ ស្ថានទូតស៊ុយអែត បញ្ជាក់ថា ប្រទេសនេះបានសម្រេចមិនផ្ដួចផ្ដើមកិច្ចសហប្រតិបត្តិការផ្នែកអភិវឌ្ឍន៍ជាមួយរដ្ឋាភិបាលកម្ពុជានោះឡើយ លើកលែងតែវិស័យអប់រំ និងការស្រាវជ្រាវតែប៉ុណ្ណោះ។
អគ្គរាជទូតស៊ុយអែតទទួលបន្ទុកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ លោកស្រី អេននីកា ប៊ិន ដេវីត បានថ្លែងព្រមាននៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៩ ខែតុលាថា ស៊ុយអែតនឹងពិចារណាលើទំនាក់ទំនងជាមួយប្រទេសកម្ពុជា ប្រសិនបើគណបក្សប្រឆាំងដ៏ធំ ត្រូវបានរំលាយចោលនោះ។
សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប បានហៅចំណាត់ការរបស់រដ្ឋាភិបាលនាពេលថ្មីៗនេះថា ជាការដើរឃ្លាតពីគន្លងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ សហគមន៍អន្តរជាតិក៏បានព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកម្ពុជាផងដែរ បន្ទាប់ពីតុលាការកំពូលសម្រេចរំលាយបក្សប្រឆាំង ហើយលោក កឹម សុខា នៅតែបន្តស្ថិតនៅក្រោមការឃុំខ្លួន៕